ពានរង្វាន់ AFC U-19 Championship សម្រេចលើកទៅប្រកួតនៅដើមឆ្នាំ២០២១

មាស សុផាណារ៉ុង September 10, 2020


 

អាស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) លើកការប្រកួតពានរង្វាន់យុវជនទ្វីបអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship) ដោយសារតែចំនួនករណីរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តរាលដាល។ នេះបើយោងតាមការចេញផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)។

គណៈកម្មាធិការប្រតិបត្តិរបស់ AFC បានទទួលស្គាល់ថាជំងឺរាតត្បាតបានប៉ះពាល់ដល់សមត្ថភាពរបស់ AFC ក្នុងការរៀបចំការប្រកួតរបស់ខ្លួន។ ជាមួយនឹងគំនិតនេះនិងពិចារណាលើតម្រូវការដើម្បីផ្តល់អាទិភាពដល់សុខុមាលភាពរបស់កីឡាករវ័យក្មេង ក៏ដូចជាបញ្ហាប្រឈមក្នុងការធ្វើដំណើរ និងសុខភាពផងនោះព្រឹត្តិការណ៍ AFC U-16 និង AFC U-19 Championships ដែលគ្រោងធ្វើនៅប្រទេសបារ៉ែន និងប្រទេសអ៊ូសបេគីស្ថាន ត្រូវបានពន្យារពេលរហូតដល់ដើមឆ្នាំ២០២១។

ដូច្នេះបានសេចក្ដីថា ពានរង្វាន់យុវជនទ្វីបអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship) ដែលគ្រោងធ្វើនៅថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ដោយមានប្រទេសចំនួន ១៦ចូលរួម ចែកចេញជា ៤ពូល និង ១ពូល មាន ៤ក្រុម នឹងមិនប្រកួតនោះឡើយ ប៉ុន្តែកាលវិភាគថ្មីជាក់លាក់ពុំទាន់ត្រូវបានបញ្ជាក់។

សម្រាប់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ដែលត្រូវចូលរួមប្រកួតផងដែរនោះ គឺស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុម U-19 ឥណ្ឌូនេស៊ី និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់៕

មតិយោបល់