ស្ថិតិល្អៗប្រចាំខែសីហា នាំឲ្យលោក គីម ភក្ដី និង ម៉ាត់ នូរុណ ឈ្នះពានគ្រូល្អ កីឡាករល្អ ប្រចាំខែនៃលីគកំពូលកម្ពុជា

មាស សុផាណារ៉ុង September 10, 2020


 

ភ្នំពេញ៖ គ្រូបង្វឹកបណ្ដោះអាសន្ននៃក្លិបបាល់ទាត់បឹងកេត លោក គីម ភក្ដី ជាមួយនឹងកីឡាករ ម៉ាត់ នូរុណ របស់ក្លិបបាល់ទាត់បឹងកេត ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC ជ្រើសតាំងឲ្យក្លាយជាគ្រូបង្វឹកឆ្នើម និងកីឡាករឆ្នើមប្រចាំខែសីហា នៃពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០។

សមាជិកក្លិបបឹងកេតទាំងពីរ ត្រូវបានប្រគល់រង្វាន់កិត្តិយសនេះពីតំណាងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC លោក ឈី កុលបុត្រា (លេខាធិការប្រតិបត្តិ) នៅថ្ងៃទីសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះនៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ។

គួរដឹងដែរថា ម៉ាត់ នូរុណ ដែលរកបាន ១៥គ្រាប់នៅ MCL គិតត្រឹមសប្ដាហ៍ទី១៤ ប៉ុន្តែកាលពីខែសីហា គេអាចរកបាន ៩គ្រាប់ ក្នុងនោះរកបានគ្រាប់ជ័យជម្នះក្នុងជំនួបឈ្នះ អគ្គិសនីកម្ពុជា ២ទល់៤ (ទាត់ចូល ៣គ្រាប់) ឈ្នះយុវជនបាទី ៦ទល់១ (ទាត់ចូល ៣គ្រាប់) ឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ១ទល់៣ (ទាត់ចូល ១គ្រាប់) និងចុងក្រោយឈ្នះ ព្រះខ័នរាជស្វាយរៀង (ទាត់ចូល ២គ្រាប់)។

ដោយឡែកសម្រាប់ពានរង្វាន់គ្រូបង្វឹកល្អប្រចាំខែសីហា គឺបានទៅលើលោក គីម ភក្ដី គ្រូបង្គោលក្លិបបាល់ទាត់បឹងកេត ជាថ្មីម្ដងទៀតបន្ទាប់ពីលោកទើបតែទទួលបានកាលពីខែកក្កដា ក្រោយដឹកនាំក្រុមទទួលបានលទ្ធផលយ៉ាងល្អ ១០០ភាគរយក្នុងការប្រកួតនានានៅក្នុងខែសីហា ចំនួន ៤ប្រកួត។

ជាក់ស្ដែងនៅខែសីហា គ្រូបង្វឹកបណ្ដោះអាសន្នរូបនេះបានបន្តដឹកនាំ បឹងកេត ឈ្នះ អគ្គិសនីកម្ពុជា ២ទល់៤, ឈ្នះ U-18 សាលាបាល់ទាត់ជាតបាទី ៦ទល់១, ឈ្នះ អាស៊ីអឺរ៉ុបយូណាយធីត ១ទល់៣ និងចុងក្រោយឈ្នះ ក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង ២ទល់៤៕

 

រូបភាព៖ Metfone Cambodian League | Boeung Ket Football Club

មតិយោបល់