វុធ តុលា បង្ហើបថាធ្លាប់មានក្លិបនៅថៃទាក់ទងយកទៅរួមក្រុម ក្រោយចូលរួមជាមួយវិសាខា

មាស សុផាណារ៉ុង September 10, 2020


 

ភ្នំពេញ៖ ខ្សែប្រយុទ្ធជួរមុខនៃក្រុមយុវជនអាយុក្រោម ១៨ឆ្នាំរបស់ក្លិបវិសាខា កីឡាករ វុធ តុលា បានបង្ហើបថា ខ្លួនធ្លាប់ត្រូវបានក្លិបនៅថៃមួយចំនួនតាមទាក់ទងយកទៅរួមក្រុមជាមួយ។ និយាយបែបនេះ គឺដោយសារយុវជនវ័យ ១៨ឆ្នាំរូបនេះធ្លាប់បានរស់នៅ និងសិក្សានៅប្រទេសថៃតាំងពីកុមារភាព។

វុធ តុលា ត្រូវបានដឹងថាចូលរួមជាមួយវិសាខា កាលពីឆ្នាំ២០១៩ បន្ទាប់ពីទាក់ចិត្តក្លិបចំណូលថ្មីមួយនេះក្នុងពេលដែលរូបគេបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៦ឆ្នាំ កាលពីឆ្នាំ២០១៨ ពេលប្រកួតពានយុវជនអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ក្រោយគេធ្វើតេស្តជាប់ U-16 កម្ពុជា។

ឆ្លើយឆ្លងជាមួយសារព័ត៌មាន camsports.org សមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំរូបនេះបានបង្ហើបថា រូបគេបានទៅរស់នៅ និងសិក្សានៅប្រទេសថៃតាំងពីតូច ដោយត្រូវតាមម្ដាយដែលទៅធ្វើការនៅទីនោះ ហើយបានចូលរៀនតាំងពីថ្នាក់មតេយ្យ រហូតដល់ថ្នាក់ទី៩ នៅក្នុងខេត្តឈុនបុរី (Chonburi) ជាខេត្តដែលល្បីល្បាញមួយក្នុងប្រទេសថៃ លើជំនាញបណ្ដុះបណ្ដាលថ្នាលយុវជន។

យុវជនដែលមានស្រុកកំណើតនៅខេត្តបាត់ដំបងរូបនេះបានបន្ថែមទៀតថា គេបានចាប់ផ្ដើមចូលហ្វឹកហាត់បាល់ទាត់នៅថៃ តាំងពីឆ្នាំ២០១៤ (ក្នុងឈុតយុវជន) ដោយចាប់ផ្ដើមជាមួយក្រុមតំណាងសាលារៀនរបស់ខ្លួនផ្ទាល់ និងជាសាលាដែលចុះអនុស្សារណៈយោគយល់ (MOU) ជាមួយក្លិប Navy FC (បច្ចុប្បន្នក្លិបនេះប្រកបអាជីពនៅលីគទី២ ថៃ) ហើយគេលេងតំណាងទាំងសាលារៀនផង និងតំណាងក្លិបនេះផងដែរ (ឈុតយុវជន)។

យ៉ាងណាមិញ នៅក្រោយពេលមកចូលរួមជាមួយវិសាខា វុធ តុលា មានក្លិបនៅថៃទាក់ទងប៉ុន្តែសាមីខ្លួនបានបដិសេធដោយសារសម្រេចចិត្តរួចហើយថាចង់យកបទពិសោធលេងនៅកម្ពុជា ឲ្យបានច្រើនដើម្បីបន្តគោលដៅលេងនៅលីគថៃនាពេលអនាគតវិញ។ «ដំបូងពេលខ្ញុំចប់ថ្នាក់ទី៩ មានក្លិបនៅថៃគេទាក់ទងខ្ញុំដែរ ប៉ុន្តែខ្ញុំសម្រេចចិត្តថាមកខ្មែរដើម្បីលេងយកបទពិសោធឲ្យបានកាន់តែច្រើន។ ខ្ញុំនៅតែមានគោលដៅ គិតថាថ្ងៃណាមួយអាចទៅលេងលីគកំពូលថៃ ព្រោះគោលដៅខ្ញុំ អនាគតខ្ញុំចង់ទៅលេងនៅលីគកំពូលថៃ។» សម្ដីរបស់ វុធ តុលា។

គួរបញ្ជាក់ថា វុធ តុលា ធ្លាប់ជាប់ជម្រើសជាតិយុវជនកម្ពុជា ២ឈុតរួចមកហើយ ពោលគឺ ឈុតអាយុក្រោម ១៦ឆ្នាំ (បង្ហាញខ្លួនបាន ៥ប្រកួត) និងឈុតអាយុក្រោម ១៩ឆ្នាំ (បង្ហាញខ្លួនបាន ៨ប្រកួត ទាត់ចូលទី ២គ្រាប់) ខណៈកាលដែលបានកោះហៅចូល U-16 កម្ពុជា កាលពីឆ្នាំ២០១៨ គឺដោយសាររូបគេផ្ទាល់ទាក់ទងធ្វើតេស្តហើយទទួលជោគជ័យ និងជាប់ជារឿយៗនៅរាល់ពេលធ្វើតេស្តម្ដងៗ៕

 

អត្ថបទ៖ រក្សាសិទ្ធិ

មតិយោបល់