ក្លិបរិទ្ធីសែន ត្រៀមចូលរួមការប្រកួតនៅលីគទី២ កម្ពុជា ក្រោយបាត់មុខពីបាល់ទាត់អាជីពជិត​ ១០ឆ្នាំ

មាស សុផាណារ៉ុង September 10, 2020


 

កំពង់ឆ្នាំង៖ ក្លិបបាល់ទាត់រិទ្ធីសែន ដែលជាក្លិបតំណាងខេត្តកំពង់ឆ្នាំង ត្រូវបានដឹងថាកំពុងត្រៀមខ្លួនត្រលប់មកប្រឡូកក្នុងបាល់ទាត់កម្រិតអាជីពជាថ្មីម្ដងទៀត បន្ទាប់ពីបាត់មុខអស់រយៈពេលជិត ១០ឆ្នាំ ក្រោយធ្លាក់ចេញពីលីគកំពូលកម្ពុជា។

ប្រភពដ៏គួរឲ្យទុកចិត្តមួយបានបង្ហើបកាលពីពេលថ្មីៗនេះថា ក្លិបបាល់ទាត់រិទ្ធីសែន បច្ចុប្បន្នកំពុងត្រៀមខ្លួនចូលរួមការប្រកួតក្របខណ្ឌអាជីព លីគលំដាប់ទី២ កម្ពុជា ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គម្រោងនឹងរៀបចំឡើងវិញនៅចុងឆ្នាំ២០២០ នេះផងដែរ ដោយប្រើប្រាស់ក្រុមយុវជនរបស់ខេត្តផ្ទាល់តែម្ដង។

ចំពោះកាលបរិច្ឆេទនៃការប្រកួត ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) គឺគ្រោងនឹងធ្វើពីថ្ងៃទី០៣ ខែតុលា រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែថ្មីៗនេះ ក៏មានលេចឭដំណឹងថាអាចនឹងមានការកែសម្រួលកាលបរិច្ឆេទនៃកម្មវិធីប្រកួតផងដែរ។

និយាយចំពោះក្លិបបាល់ទាត់រិទ្ធីសែន ក្លិបនេះបានឡើងមកលេងនៅលីគកំពូលកម្ពុជា កាលពីឆ្នាំ២០១១ បន្ទាប់ឈ្នះការប្រកួតជម្រុះក្នុងក្របខណ្ឌ ‘ក១’ ប៉ុន្តែពុំជោគជ័យនៅលីគកំពូលឡើយ ដោយក្រុមចំណោម ១៨ប្រកួត ក្លិបមកពីខេត្តកំពង់ឆ្នាំងមួយនេះ បរាជ័យដល់ទៅ ១៦ដង ស្មើ ២ដង និងពុំដែលឈ្នះនោះឡើយ ហើយថែមទាំងរបូតគ្រាប់បាល់ដល់ទៅ ៩០គ្រាប់ ទាត់ចូលទីគូប្រកួតវិញបានតែ ១២គ្រាប់ប៉ុណ្ណោះ និងនាំឲ្យគេបញ្ចប់ទៅដោយឈរនៅបាតតារាងលេខ១០ ត្រូវកាត់ចេញទៅប្រកួតនៅក្របខណ្ឌ ‘ក១’ ជាថ្មី។

ចាប់តាំងពីធ្លាក់ទៅលេងក្របខណ្ឌ ‘ក១’ ពុំសូវមានព័ត៌មានអំពី ក្លិបរិទ្ធីសែន ប៉ុន្តែក្រុមនេះបានចូលរួមការប្រកួតនានា ភាគច្រើនជាការប្រកួតបែបពាក់កណ្ដាលអាជីព និងប្រើប្រាស់ឈ្មោះជាខេត្តកំពង់ឆ្នាំង ផ្ទាល់តែតែម្ដង៕

 

រូបភាព៖ Rithy Sen FC

មតិយោបល់