លោក Conor ប្រសិនបើ AFC Cup 2020 ត្រូវលុបចោល៖ «យើងនឹងសោកស្តាយដែលបាត់បង់ឱកាសតំណាងឲ្យកម្ពុជា យ៉ាងតិច ៣ ប្រកួតទៀត»

មាស សុផាណារ៉ុង September 9, 2020


 

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានសេចក្ដីរាយការណ៍មកថា សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ប្រហែលជាត្រូវបង្ខំចិត្តបញ្ឈប់ការប្រកួតពានក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup 2020) ដោយសារតែចំនួនករណីជំងឺកូវីដ-១៩ កើនឡើងនៅក្នុងបណ្តាប្រទេសម្ចាស់ផ្ទះរៀងៗខ្លួន។

វាស្ទើរតែមានភាគរយខ្ពស់ដែល AFC Cup 2020 នឹងត្រូវលុបចោល ព្រោះបើពិនិត្យលើស្ថានភាពនៃការធ្វើដំណើរ ការហោះហើរពីប្រទេសមួយទៅប្រទេសមួយក្នុងតំបន់ នៅមានហានិភ័យខ្ពស់នៅឡើយ ប៉ុន្តែមកទល់ពេលនេះសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ពុំទាន់ធ្វើការប្រកាសជាផ្លូវការនៅឡើយអំពីការលុបចោលពានក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបមួយនេះ។

ករណីនេះផងដែរ ក្លិបបាល់ទាត់តំណាងឲ្យកម្ពុជា ព្រះខ័នរាជស្វាយរៀង ក៏នឹងរងឥទ្ធិពលដូចគ្នា ខណៈគ្រូបង្វឹក លោក Conor Nestor បង្ហើបឲ្យដឹងថាលោក ក៏ដូចជាកីឡាករទាំងអស់ នឹងសោកស្ដាយចំពោះការលុបចោលពានដែលខ្លួនទើបតែបង្ហាញខ្លួនលើកដំបូងមួយនេះ។

ឆ្លើយឆ្លងជាមួយសារព័ត៌មាន camsports.org លោក Conor បានលើកឡើងថា៖ «ខ្ញុំមិនទាន់ទទួលបានលិខិតជូនដំណឹងផ្លូវការណាមួយនៅឡើយទេ ប៉ុន្តែខ្ញុំបានលឺមកថា វាប្រហែលជាត្រូវលុបចោល។» 

«និយាយដោយស្មោះត្រង់ ខ្ញុំពិបាកនិយាយរហូតដល់ខ្ញុំដឹងថាវាក្លាយជាការពិត ប៉ុន្តែជាក់ស្តែងយើងនឹងសោកស្តាយដែលបាត់បង់ឱកាសតំណាងឲ្យក្រុមបាល់ទាត់មកពីកម្ពុជា យ៉ាងតិច ៣ ប្រកួតទៀត។ ទោះយ៉ាងណាក៏ដោយ យើងត្រូវតែចងចាំថាព្រឹត្តិការណ៍ជាច្រើនបានបាត់បង់ជាងអ្វីដែលយើងមាន។ យើងត្រូវតែប្រើវាជាការលើកទឹកចិត្តដើម្បីអាចលេងនៅក្របខណ្ឌ AFC ម្តងទៀត។» គ្រូបង្វឹកសញ្ជាតិអៀរឡង់ដដែលរូបនេះ បានបន្ថែម។

សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល ក្រោយប្រកួត ៣ដង ឈ្នះ១ មិនដែលស្មើ និងចាញ់២ មាន ៣ពិន្ទុ ស្របពេលដែល Ceres-Negros (ហ្វីលីពីន) ឈរនៅកំពូលតារាង Thanh Quang Ninh (វៀតណាម) នៅលេខ២ និង Bali United (ឥណ្ឌូនេស៊ី) នៅបាតតារាង។

AFC កំពុងតាមដានយ៉ាងជិតស្និទ្ធលើស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសទាំងអស់នេះហើយប្រសិនបើស្ថានភាពមិនប្រសើរពួកគេនឹងលុបចោលនូវពានរង្វាន់ AFC Cup នេះតែម្ដង៕

 

រូបភាព៖ The AFC

មតិយោបល់