គ្រូព្រះខ័នរាជស្វាយរៀង ផ្ដោតការប្រកួតជាមួយទ័ព សប្ដាហ៍នេះ ដើម្បីធ្វើឲ្យការប្រកួតជាមួយបឹងកេត សប្ដាហ៍ក្រោយកាន់តែមានន័យ

មាស សុផាណារ៉ុង September 8, 2020


 

ភ្នំពេញ៖ គ្រូបង្វឹកនៃក្លិបព្រះខ័នរាជស្វាយរៀង លោក Conor Nestor បានដាក់ការផ្ដោតលើការប្រកួតជាមួយ ក្រុមសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) នៅចុងសប្ដាហ៍នេះ ដើម្បីធ្វើឲ្យការប្រកួតជាមួយបឹងកេត សប្ដាហ៍បន្ទាប់កាន់តែមានន័យ។

ព្រះខ័នរាជស្វាយរៀង ទើបតែទទួលរងបរាជ័យ ២សប្ដាហ៍ជាប់ៗគ្នា ក្រោមថ្វីជើងបឹងកេត និងភ្នំពេញក្រោន ដែលនាំឲ្យគេរំកិលខ្លួនធ្លាក់មកលេខឈរ២ ហើយខាតបង់អស់ ៦ពិន្ទុ នាំមកនូវឱកាសដល់ បឹងកេត ឡើងមកឈរកំពូលតារាង និងដាច់ ៤ពិន្ទុ ខណៈវាបណ្ដាលមកពីការបង្កើតកំហុស ទើបជាហេតុនាំឲ្យរងបរាជ័យទាំងនេះ។

ឆ្លើយឆ្លងជាមួយសារព័ត៌មាន camsports.org លោក Conor Nestor បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថាសម្រាប់យើង បញ្ហាប្រឈមរបស់យើងគឺផ្តោតលើការបង្ហាញនូវទម្រង់លេង មិនមែនលទ្ធផលទេ។ ការបង្ហាញទម្រង់របស់យើងមានកំហុសបន្តិចបន្តួច ប៉ុន្តែយើងនៅតែធ្វើចលនាបាល់បានល្អ និងបង្កើតឱកាសជាច្រើន។ ក្រុមនេះចាញ់តែ ៤ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួត ៥១លើកចុងក្រោយរបស់ខ្លួននៅកម្ពុជា។ វាសំខាន់ណាស់សម្រាប់យើង ដើម្បីរក្សាជំនឿលើរបៀបដែលយើងធ្វើការជាមួយគ្នា។ ប្រសិនបើយើងធ្វើបែបនេះយើងតែងតែមានឱកាសដើម្បីលើកពាន។»

ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នកំពុងឈរនៅលេខ២ នៃតារាងចំណាត់ថ្នាក់ ដោយមាន ៣១ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមកំពូលតារាង បឹងកេត ចំនួន ៤ពិន្ទុ ដែលតម្រូវឲ្យត្រូវការឈ្នះគ្រប់ការប្រកួតដែលនៅសេសសល់ទាំង ៤ប្រកួត

ជុំវិញទំនុកចិត្តក្នុងការឈ្នះ ៤ប្រកួតដែលនៅសេសសល់ទាំងអស់ គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបន្តទៀតថា៖ «សម្រាប់ខ្ញុំ យើងត្រូវផ្តោតតែការប្រកួតជាមួយ ទ័ព (កងយោធពលខេមរភូមិន្ទ) ប៉ុណ្ណោះ។ ៣ពិន្ទុក្នុងការប្រកួតនេះធ្វើឲ្យការប្រកួតរបស់យើងដែលត្រូវប៉ះជាមួយបឹងកេត ពិតជាមានន័យខ្លាំងណាស់។ សម្រាប់ ៣៩សប្តាហ៍នៃការប្រកួតចុងក្រោយនៅលីគកំពូលកម្ពុជា យើងបានឈរកំពូលតារាងនៃលីគចំនួន ៣០សប្ដាហ៍ ក្នុងចំណោមការប្រកួតទាំងនោះ ប៉ុន្តែយើងដឹងថា សប្តាហ៍ដែលតារាងពិន្ទុមានសារៈសំខាន់បំផុតនោះគឺបន្ទាប់ពីការប្រកួតសប្ដាហ៍ចុងក្រោយ។ យើងនឹងផ្តល់អ្វីគ្រប់យ៉ាងដើម្បីឈរនៅកំពូលតារាងនៅពេលនោះ ប្រសិនបើយើងបរាជ័យ វានឹងមិនមែនមកពីការខិតខំប្រឹងប្រែងរបស់យើងនោះទេ។»

សូមបញ្ជាក់ថា ៤ប្រកួតដែលនៅនៅសេសសល់របស់ ព្រះខ័នរាជស្វាយរៀង នោះគឺត្រូវជួប ក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) នៅកីឡដ្ឋានស្តាតចាស់ បន្ទាប់មកជួប ក្លិបបឹងកេត នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ រួចបន្តជួប ក្លិបវិសាខា ក្រៅដីនៅកីឡដ្ឋានព្រីនស៍ និងចុងក្រោយទទួល ណាហ្គាវើលដ៍ ក្នុងជំនួបបិទរដូវកាលលើទឹកដីរបស់ខ្លួនកីឡដ្ឋានខេត្តស្វាយរៀង៕

 

រូបភាព៖ Metfone Cambodian League

មតិយោបល់