បឹងកេត ត្រូវការឈ្នះតែ ១ប្រកួតទៀតដើម្បីទម្លាក់ ៤ក្រុមពីការប្រជែងជើងឯកលីគ រដូវកាល២០២០

មាស សុផាណារ៉ុង September 7, 2020


 

ភ្នំពេញ៖ លីគកំពូលកម្ពុជា បានបញ្ចប់ការប្រកួតក្នុងសប្ដាហ៍ទី១៤ ហើយត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញ ជាមួយនឹងការប្រកួតបែងចែកជាក្រុមផ្សេងគ្នា រវាង ៦ក្រុមប្រកួតដណ្ដើមជើងឯក និង ៧ក្រុមទៀតប្រកួតដើម្បីរំដោះខ្លួនពីការកាត់ចេញទៅលីគទី២ នៅរដូវកាលក្រោយ។

មុននឹងចាប់ផ្ដើមសូមលើកបង្ហាញពីលទ្ធផលពីការប្រកួតចំនួន ៦គូ នៅសប្ដាហ៍នេះ បានបញ្ចប់ទៅដោយលទ្ធផលឈ្នះ ចាញ់ ស្មើ រៀងៗខ្លួន ពោលគឺមានឈ្នះចាញ់ ៥គូ និងមានលទ្ធផលស្មើ ១គូ ខណៈលទ្ធផលទាំងស្រុងដូចខាងក្រោម៖

តំបន់ប្រជែងជើងឯក៖

និយាយចំពោះតំបន់ប្រជែងជើងឯក បឹងកេត ដែលបានបន្តកំណត់ត្រាឈ្នះ ១០ប្រកួតជាប់ៗគ្នា កាន់តែមានភាពកក់ក្ដៅបន្ថែមទៀតក្នុងប្រជែងជើងឯក ដ្បិតត្រូវការការឈ្នះតែ ១ប្រកួតទៀតប៉ុណ្ណោះដើម្បីផ្ដាច់ឱកាស ៤ក្រុមផ្សេងទៀតពីការប្រជែងជើងឯកភ្លាមៗតែម្ដង បើទោះបីជាប្រកួតដែលនៅសេសសល់ បឹងកេត រងបរាជ័យទាំងអស់ក៏ដោយ។ ក្រុមទាំង៤ ដែលគម្លាតពិន្ទុរបស់គេត្រូវសម្រេចនៅពេលដែល បឹងកេត ឈ្នះតែមួយប្រកួតទៀតនោះ គឺ ណាហ្គាវើលដ៍, វិសាខា, កងយោធពលខេមរភូមិន្ទ និងភ្នំពេញក្រោន។

យោងតាមស្ថានភាពពិន្ទុបច្ចុប្បន្ន បឹងកេត មាន ៣៥ពិន្ទុដាច់ក្រុមនៅចំណាត់ថ្នាក់លេខ៣ ដល់ទៅ ១០ពិន្ទុ ខណៈការប្រកួតនៅសល់ចំនួន ៤ប្រកួតទៀត ដូច្នេះប្រសិនបើសប្ដាហ៍ក្រោយ បឹងកេត បន្តភាពឈ្នះ នោះបឹងកេត នឹងទម្លាក់ក្រុមចំនួន ៤បានសម្រេចពីការប្រជែងជើងឯក បើទោះបីជា ៣ប្រកួតចុងក្រោយរងបរាជ័យទាំង ៣ប្រកួតក៏ដោយ ប៉ុន្តែគូប្រជែងដ៏ធំបំផុតទៅវិញនោះគឺ ព្រះខ័នរាជស្វាយរៀង ដែលមានគម្លាតពិន្ទុតែ ៤ពិន្ទុប៉ុណ្ណោះក្នុងការប្រជែងជើងឯក។

យ៉ាងណាមិញ លទ្ធផលស្មើសម្រាប់ បឹងកេត នៅសប្ដាហ៍ក្រោយក៏នឹងអាចទម្លាក់បាន ២ក្រុមផងដែរពីការប្រជែងជើងឯក នោះគឺ វិសាខា ជាមួយណាហ្គាវើលដ៍ ពោលគឺដាច់ ណាហ្គាវើលដ៍ ដែលត្រូវប៉ះគ្នាសប្ដាហ៍ក្រោយ ១២ពិន្ទុ និងដាច់វិសាខា (១០ពិន្ទុ បើវិសាខា ឈ្នះភ្នំពេញក្រោន, ដាច់ ១២ពិន្ទុ បើស្មើ ភ្នំពេញក្រោន ឬដាច់ ១៣ពិន្ទុ បើចាញ់ភ្នំពេញក្រោន) ដ្បិតការប្រកួតនៅសល់តែ ៣ប្រកួតនឹងបញ្ចប់ ឬក៏អាច ៣ក្រុមដោយបន្ថែម កងយោធពលខេមរភូមិន្ទ មួយទៀតប្រសិន កងយោធពលខេមរភូមិន្ទ ចាញ់ ព្រះខ័នរាជស្វាយរៀង នៅសប្ដាហ៍ក្រោយដូចគ្នា។

តំបន់ប្រជែងពីការកាត់ចេញទៅលីគទី២៖

នៅក្នុងតំបន់នេះ គឺមានតែ អង្គរថាយហ្គឺរ មួយប៉ុណ្ណោះដែលសុវត្ថិភាពជាងគេ ពោលគឺគេចផុតពីការកាត់ចេញទៅលេងនៅលីគទី២ ហើយបន្ទាប់ពីមានពិន្ទុដាច់ក្រុមបាតតារាង យុវជនសាលាបាល់ទាត់បាទី ដល់ទៅ ២២ពិន្ទុ ខណៈដែលនៅសេសសល់ ៦ប្រកួតទៀតទើបបញ្ចប់។

គីរីវង់សុខសែនជ័យ គឺត្រូវការឈ្នះតែ ១ប្រកួតទៀតប៉ុណ្ណោះ ដើម្បីរួចផុតពីការកាត់ចេញ ខណៈអាស៊ីអឺរ៉ុបយូណាយធីត, សូលទីឡូអង្គរ និងអគ្គិសនីកម្ពុជា ស្ថិតក្នុងដំណាក់កាល ៥០/៥០ គ្រាដែលនគរបាលជាតិ ត្រូវការឈ្នះច្រើននៅប្រកួតដែលសេសសល់៕

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់