បឹងកេត បង្ហើបបំណងចង់ឲ្យគ្រូបង្វឹកបណ្ដោះអាសន្ន លោក គឹម ភក្ដី បន្តធ្វើជាគ្រូបង្វឹក

មាស សុផាណារ៉ុង September 4, 2020


 

ភ្នំពេញ៖ លោក បែ មករា អគ្គលេខាធិការនៃក្លិបបាល់ទាត់បឹងកេត បានបង្ហើបឲ្យដឹងពីបំណងចង់ឲ្យគ្រូបង្វឹកបណ្ដោះអាសន្ន លោក គឹម ភក្ដី បន្តធ្វើជាគ្រូបង្វឹក ប៉ុន្តែក៏គោរពតាមការសសម្រេចចិត្តរបស់បុរសដែលមានតួនាទីដើមជានាយកបច្ចេកទេសក្លិបរូបនេះផងដែរ។

លោក គឹម ភក្ដី ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លិបមានមូលដ្ឋាននៅតំបន់បឹងស្នោរមួយនេះ កាលពីពាក់កណ្ដាលខែមិថុនា បន្ទាប់ពីការចាកចេញរបស់ លោក APISIT IM AMPHAI ភ្លាមៗ ហើយអ្វីដែលជាការកត់សម្គាល់ក្រោមការដឹកនាំរបស់លោក បឹងកេត ពុំទាន់ទទួលរងបរាជ័យ ឬក៏ស្មើសូម្បីតែម្ដងឡើយ ពោលគឺកំណត់ត្រាឈ្នះ ១០០ភាគរយក្នុងចំណោម ១០ប្រកួតចាប់តាំងពីលីគ និងពានសម្តេចតេជោ ហ៊ុន សែន បើកឲ្យដំណើរការប្រកួតឡើងវិញបន្ទាប់ត្រូវបានផ្អាកម្ដង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីអំឡុងខែមីនា ដល់ខែមិថុនា។

ជាមួយនឹងកំណត់ត្រាល្អបែបនេះ បានធ្វើឲ្យមានការពេញចិត្តទាំងថ្នាក់ដឹកនាំ ក៏ដូចជាអ្នកគាំទ្រ ប៉ុន្តែរូបលោកផ្ទាល់ធ្លាប់បានបង្ហើបផងដែរថា ប្រសិនបើទោះបីជាជួយឲ្យបឹងកេត លើកពានលីគរដូវកាល២០២០ នេះ ក៏លោកនៅតែចង់ត្រលប់ទៅកាន់តួនាទីជានាយកបច្ចេកទេសក្លិបដដែល។

ផ្ដល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗកន្លងមក លោក បែ មករា បានបញ្ជាក់ដូច្នេះថា៖ «…តួនាទីរបស់គាត់គឺជានាយកបច្ចេកទេស ប៉ុន្តែដោយសារយើងបន្ទាន់ក្នុងការជ្រើសរើសគ្រូបង្វឹក ហើយយើងយល់ថាគាត់សាកសមនឹងតំណែងនឹង គឺយើងបានប្រគល់ភារកិច្ច និងតួនាទីដល់គាត់ ហើយគាត់ធ្វើបានល្អ។ បាទ! យើងក៏មានបំណងចង់ឲ្យគាត់បន្តដែរ ប៉ុន្តែរង់ចាំមើលការសម្រេចចិត្តរបស់គាត់ តើគាត់បន្តជាគ្រូ ឬមួយគាត់ចង់ត្រលប់ទៅតំណែងរបស់គាត់ដើមវិញ ប៉ុន្តែជាគោលបំណងគឺយើងនៅតែចង់ឲ្យគាត់បន្ត។»

គួររំឭកថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោក គឹម ភក្ដី ត្រូវបានក្លិបបាល់ទាត់បឹងកេត ប្រកាសតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នរហូតដល់មានការប្រកាសតែងតាំងគ្រូបង្វឹកថ្មី ខណៈប្រកួតដំបូងក្រោមការដឹកនាំរបស់លោក នៅក្នុងខែកក្កដា គឺបានជួយក្រុមឲ្យទទួលជ័យជម្នះ និងជាបន្តបន្ទាប់ដឹកនាំក្រុមឈ្នះ ១០ប្រកួតជាប់ៗគ្នា ដោយមិនដែលចាញ់ ឬស្មើម្ដងណាឡើយ ទាំងក្នុងលីគ និងពានសម្តេចតេជោ ហ៊ុន សែន រហូតដល់លោកបានទទួលពានរង្វាន់គ្រូបង្វឹកល្អប្រចាំខែកក្កដា ផងដែរ៕

 

រូបភាព៖ បឹងកេត – Boeung Ket Football Club

មតិយោបល់