ទ័ព ដាក់គោលដៅឈ្នះជើងឯកលីគ ឬយ៉ាងហោចណាស់ Top 4 – អ្នកចាត់ការទូទៅក្លិបបានបញ្ជាក់

មាស សុផាណារ៉ុង September 3, 2020


 

ភ្នំពេញ៖ លោក ថោង ឧត្តម អ្នកចាត់ការទូទៅនៃក្រុមសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) ឬហៅជាភាសាអង់គ្លេសថា Tiffy Army FC បានបង្ហាញគោលដៅរបស់ក្លិបក្នុងការចង់ឈ្នះជើងឯក ឬក៏យ៉ាងហោចណាស់ Top 4 នៅលីគកំពូលកម្ពុជា រដូវកាល២០២០ ពេលប្រកួតជុំទី២ ក្នុងតំបន់ក្រុមខ្លាំងទាំង៦ (Top 6) ដែលជាតំបន់ប្រជែងជើងឯក។

ទ័ព បានឡើងមកដល់តំបន់ប្រជែងជើងឯក (Top 6) ដោយលំបាកដោយត្រូវរង់ចាំរហូតដល់ប្រកួតសប្ដាហ៍ចុងក្រោយនៃជុំទី១ ទើបអាចសម្រេចគោលដៅបាន ដោយឈរនៅលេខ៤ ប៉ុន្តែហាក់មានគម្លាតឆ្ងាយពីក្រុមកំពូលតារាង (បឹងកេត) ដល់ទៅ ៩ពិន្ទុ។

បែបនេះក្ដី ឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ការផ្គូផ្គងការប្រកួតជុំទី២ នៃលីគកំពូលកម្ពុជា ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅលោក ថោង ឧត្តម បានលើកឡើងថា៖ «សម្រាប់ការប្រកួតនៅក្នុង ​Top 6 យើងសម្លឹងឃើញថាក្រុមទាំងអស់សុទ្ធតែខ្លាំង ទាល់តែក្រុមខ្លាំងទើបអាចឡើងមកដល់ Top 6 នេះបាន ពីមុនយើងគិតថាយើងមានឱកាសតិចតួចដែលយើងឡើងមក Top 6 ហើយឥលូវនេះបើយើងគិតពីពិន្ទុក្រុមដែលឈរនៅលេខ១ អាចខុសគ្នាជិត ១០ពិន្ទុប៉ុន្តែយើងនៅតែមានឱកាស អ៊ីចឹងឱកាសតិចតួចយ៉ាងណា ក៏យើងនៅតែប្រឹង ប្រឹងឲ្យអស់ពីសមត្ថភាព ប្រឹងឲ្យអស់ពីបេះដូង ដើម្បីថ្នាក់ដឹកនាំ ដើម្បីអ្នកគាំទ្ររបស់ក្លិប។»

អតីតកីឡាករដដែលរូបនេះបានលើកឡើងផងដែរជុំវិញការកំណត់គោលដៅថា៖ «ដូចដែលបានបញ្ជាក់អ៊ីចឹង ពិន្ទុយើងអាចខុសគ្នាប្រហែលជិត ១០ពិន្ទុ វាឱកាសតិចតួច បន្តែយើងនឹងប្រើឱកាសនេះដើម្បីពង្រឹងឆន្ទះ ពង្រឹងសមត្ថភាពកីឡាករយើង ហើយកាលពីជុំទី១ ដ្បិតតែយើងភ្លាត់ជាច្រើនប្រកួត តែវាជាកំហុសដែលយើងត្រូវការកែប្រែសម្រាប់អភិវឌ្ឍជុំទី២ ឲ្យបានលទ្ធផលល្អជាងជុំទី១។ គោលដៅខ្ពស់បំផុតយើងត្រូវការបានពាន យើងត្រូវការចំណាត់ថ្នាក់លេខ១ តែបើមិនអាចយ៉ាងហោចណាស់ក៏យើងស្ថិតនៅ Top 4 បន្តាប់ពីបញ្ចប់ការប្រកួតនៅឆ្នាំនេះ ។»

គួរបញ្ជាក់ផងដែរថា ការប្រកួតជុំទី២ នៃលីគកំពូលកម្ពុជា នឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ ដោយក្រុមសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) ត្រូវប៉ះ ណាហ្គាវើលដ៍ មុនគេ បន្ទាប់មកជួប ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, បឹងកេត និងចុងក្រោយប៉ះ វិសាខា៕

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់