ពានយុវជនអាស៊ាន បន្តភាពស្ងប់ស្ងាត់ ខណៈប្រទេសក្នុងតំបន់មួយចំនួន មានករណីឆ្លងកូវីដ-១៩ កាន់តែកើនឡើង

មាស សុផាណារ៉ុង September 3, 2020


 

អាស៊ីអាគ្នេយ៍៖ ការប្រកួតពានរង្វាន់ជើងឯកយុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍ ២ក​ម្មវិធីផ្សេងគ្នា និងពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៦ឆ្នាំ ផងដែរ បាននឹងកំពុងបន្តស្ថិតក្នុងភាពស្ងប់ស្ងាត់ ខណៈប្រទេសក្នុងតំបន់មួយចំនួន មានសេចក្ដីរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ កាន់តែកើនឡើងជារៀងរាល់ថ្ងៃ។

ព្រឹត្តិការណ៍បាល់ទាត់យុវជនចំនួន៣ ប្រចាំឆ្នាំ២០២០ នេះ គឺសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ផ្ដល់សិទ្ធិឲ្យប្រទេសឥណ្ឌូនេស៊ី ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត ដែលរួមមាន ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម ១៩ឆ្នាំ (AFF U-19 Championship), ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម ១៦ឆ្នាំ (AFF U-16 Championship) និងជើងឯកនារីអាស៊ីអាគ្នេយ៍ អាយុក្រោម ១៦ឆ្នាំ (AFF U-16 Women’s Championship)។

តាមគម្រោងការប្រកួតទាំង៣ខាងលើ គេគ្រោងធ្វើដូចជា (AFF U-19 Championship) នៅអំឡុងចុងខែសីហា ដល់ដើមខែកញ្ញា ខណៈ (AFF U-16 Championship) នៅអំឡុងខែកក្កដា ឬក៏ដើមខែសីហា និង (AFF U-16 Women’s Championship) ដែលគ្រោងនឹងធ្វើនៅអំឡុងខែឧសភា គឺបានលើកពេលម្ដងរួចទៅហើយ។

អ្វីដែលជាការចាប់អារម្មណ៍នោះ គឺការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសដែលត្រូវត្រៀមទទួលធ្វើម្ចាស់ផ្ទះពានរង្វាន់ទាំង ៣ខាងលើនេះ ជាក់ស្ដែងគិតត្រឹមម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងសរុបនៃជំងឺកូវីដ-១៩ ក្នុងប្រទេសឥណ្ឌូនេស៊ី គឺមាន ១៨០,៦៤៦នាក់ ក្នុងនោះ ៧,៦១៦នាក់បានស្លាប់ ខណៈ ៤៣,០៥៩នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំពោះអ្នកជាសះស្បើយមាន ១២៩,៩៧១នាក់ផងដែរ។

បើនិយាយតែក្នុងតំបន់ហ្វីលីពីន គឺត្រូវបានចាត់ទុកថាជាប្រទេសដែលមានករណីឆ្លងជំងឺកូវីដ-១៩ សរុបច្រើនជាងគេពោលគឺ (២២៦,៤៤០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៦៤,២០៧នាក់ ស្លាប់ ៣,៦២៣នាក់) បន្ទាប់មកឥណ្ឌូណេស៊ី ដូចបានរៀបរាប់ខាងលើ, សិង្ហបុរី (៥៦,៨៦០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៩៤២នាក់ ស្លាប់ ២៧នាក់) ចំនួនដល់លើសម៊ឺននាក់ ខណៈម៉ាឡេស៊ី ឈរនៅទី៤ (៩,៣៦០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ១៥៣នាក់ ស្លាប់ ១២៨នាក់), ថៃ (៣,៤២៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៩៣នាក់ ស្លាប់ ៥៨នាក់), វៀតណាម (១,០៤៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ២៦៦នាក់ ស្លាប់ ៣៤នាក់), មីយ៉ាន់ម៉ា (៩៩៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៦៣១នាក់ ស្លាប់ ៦នាក់), កម្ពុជា (២៧៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៣នាក់), ព្រុយណេ (១៤៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ២នាក់), ទីម័រខាងកើត (២៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ២នាក់) និងឡាវ (២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ១នាក់)។

ក្រៅតែពីពានរង្វាន់ទាំង ៣ខាងលើ ពានរង្វាន់សំខាន់ៗផ្សេងទៀតដូចជា ពានរង្វាន់ជើងឯកនារីអាស៊ីអាគ្នេយ៍ (AFF Women’s Championship) ធ្វើនៅហ្វីលីពីន ជាដើមក៏ស្ថិតក្នុងមន្ទិលដូចគ្នា ខណៈពានរង្វាន់ជើងឯកហ្វូតសាល ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Futsal Championship) ត្រូលលើកទៅដើមឆ្នាំ២០២១ ដែលថៃ ធ្វើជាម្ចាស់ផ្ទះ។ យ៉ាងណាមិញ កន្លងមកធ្លាប់មានសេចក្ដីរាយការណ៍ថាអាចនឹងលុបចោលគ្រប់កម្មវិធីប្រកួតសម្រាប់ឆ្នាំ២០២០ ប៉ុន្តែមកទល់ពេលនេះគឺមិនទាន់មានការប្រកាសជាផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់នេះនៅឡើយ ប៉ុន្តែពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ ​(2020 AFF Suzuki Cup) ឆ្នាំ២០២០ គឺត្រូវបានប្រកាសលើកទៅប្រកួតឆ្នាំក្រោយជាផ្លូវការហើយ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់