U-19 កម្ពុជា គ្រោងធ្វើតេស្តដំណាក់កាលទី២ ចំនួន ៣សប្ដាហ៍ជាប់ៗគ្នា មុនបន្តដំណាក់កាលទី៣

មាស សុផាណារ៉ុង September 2, 2020


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ គ្រោងនឹងធ្វើតេស្តដំណាក់កាលទី២ ចំនួន ៣សប្ដាហ៍ជាប់ៗគ្នា មុនបន្តការធ្វើតេស្តដំណាក់កាលទី៣ ដើម្បីចូលបញ្ជីចុងក្រោយត្រៀមការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (2020 AFC U-19 Championship) ឆ្នាំ២០២០ នៅប្រទេសអ៊ូសបេគីស្ថាន។

ប្រភពដ៏ជិតស្និតបានបង្ហើបឲ្យសារព័ត៌មាន camsports.org ដឹងថា ការធ្វើតេស្តដំណាក់កាលទី២ នេះ នឹងធ្វើឡើងចំនួន ៣សប្ដាហ៍ ហើយធ្វើជាប់ៗគ្នាតែម្ដង និងជារៀងរាល់ថ្ងៃអង្គារ៍ នៅពហុកីឡដ្ឋានជាតិ។

ប្រភពដដែលបានបន្តទៀតថា ការធ្វើតេស្តលើកទី២ នេះ នឹងជម្រុះកីឡាករមួយចំនួនបន្តទៀត មុននឹងបន្តចូលដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយ ដើម្បីជ្រើសរើសកីឡាករ ២៣នាក់ចុងក្រោយ បើគ្មានអ្វីប្រែ​ប្រួលជាការត្រៀមហោះទៅប្រទេសអ៊ូសបេគីស្ថាន។

យ៉ាងណាមិញថ្មីៗ ព័ត៌មានជុំវិញការលើកការប្រកួតពានរង្វាន់យុវជនប្រចាំទ្វីបដដែលនេះ ត្រូវបានរាយការណ៍មកថាអាចក្លាយជាការពិតដោយយោងលើស្ថានភាពជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននៅមិនទាន់មានភាពធូរស្រាលនៅឡើយ ហើយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី នៅរង់ចាំតែថ្ងៃប្រកាសជាផ្លូវការប៉ុណ្ណោះ។

សូមបញ្ជាក់ថា តាមគម្រោងការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (2020 AFC U-19 Championship) ឆ្នាំ២០២០ នឹងធ្វើនៅប្រទេសអ៊ូសបេគីស្ថាន គឺគ្រោងធ្វើពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ដោយមានប្រទេសចំនួន ១៦ចូលរួម ចែកចេញជា ៤ពូល និង ១ពូល មាន ៤ក្រុម។ សម្រាប់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ដែលត្រូវចូលរួមប្រកួតផងដែរនោះ គឺស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុម U-19 ឥណ្ឌូនេស៊ី និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់