AFC U-19 Championship កាន់តែកៀកទៅសម្រេចលើកពេលប្រកួត និងត្រៀមប្រកាសឆាប់ៗនេះ

មាស សុផាណារ៉ុង September 1, 2020


 

អាស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នឹងប្រកាសនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការពន្យារពេលការប្រកួតពានយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship) នៅខែតុលា ខាងមុខនេះ នៅប្រទេសអ៊ូសបេគីស្ថាន។

ប្រធានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) លោក Datuk Hamidin Mohd Amin បានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុកនូវលទ្ធភាពដែលថា U-19 ម៉ាឡេស៊ី មិនចាំបាច់ត្រៀមសម្រាប់ការប្រកួត AFC U-19 Championship ឡើយ។ លោក Amin គឺជាសមាជិកប្រតិបត្តិនៃក្រុមប្រឹក្សា AFC។

“ដោយសារផលប៉ះពាល់ នៃការរីករាលដាលជំងឺកូវីដ-១៩ ការប្រកួតជុំផ្តាច់ព្រ័ត្រពាន AFC U-19 Championship ទំនងជាត្រូវបានពន្យារពេល។ ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Suzuki Cup) វគ្គជម្រុះបាល់ទាត់ពិភពលោក ត្រូវរៀបចំឡើងវិញនៅឆ្នាំ២០២១ ហើយអ្នករៀបចំនៅឆ្នាំក្រោយក៏មិនទាន់ប្រាកដប្រជាដែរ។” លោក Amin បាននិយាយ។

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បាននិយាយថា៖ “លទ្ធភាពនៃការពន្យាពេលការប្រកួតជុំផ្តាច់ព្រ័ត្រ AFC U-19 Championship គឺពិតជាមានមែន ប៉ុន្តែ AFC មិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេ ហើយយើងនឹងពិនិត្យមើលផែនការរបស់ U-19 វៀតណាម។”

សូមបញ្ជាក់ថា តាមគម្រោងការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (2020 AFC U-19 Championship) ឆ្នាំ២០២០ នឹងធ្វើនៅប្រទេសអ៊ូសបេគីស្ថាន គឺគ្រោងធ្វើពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ដោយមានប្រទេសចំនួន ១៦ចូលរួម ចែកចេញជា ៤ពូល និង ១ពូល មាន ៤ក្រុម។ សម្រាប់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ដែលត្រូវចូលរួមប្រកួតផងដែរនោះ គឺស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុម U-19 ឥណ្ឌូនេស៊ី និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់៕

 

ប្រភពព័ត៌មាន៖ zingnews.vn

មតិយោបល់