AFC Cup 2020 ទំនងជាត្រូវលុបចោលដោយសារការរាតត្បាតជំងឺកូវីដ-១៩ នៅអាស៊ីមិនទាន់ប្រសើរ

មាស សុផាណារ៉ុង September 1, 2020


 

អាស៊ី៖ ការប្រកួតពានរង្វាន់ប្រចាំទ្វីបអាស៊ី ទំនងអាចជាត្រូវបញ្ឈប់ដោយសារតែការកើនឡើងចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសដែលត្រូវទទួលធ្វើជាម្ចាស់ផ្ទះ។

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ប្រហែលជាត្រូវបង្ខំចិត្តបញ្ឈប់ការប្រកួតពានក្លិបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup 2020) ដោយសារតែចំនួនករណីកើនឡើងនៅក្នុងបណ្តាប្រទេសម្ចាស់ផ្ទះរៀងៗខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន goal.com

ទោះបីជា AFC បានបង្ហាញមុននេះថាការប្រកួតដូចជា AFC Champions League (ACL), AFC Cup, AFC U16 និង AFC U19 Championships ដែលត្រូវបានគេរៀបចំធ្វើនៅទឹកដីកណ្តាល នឹងត្រូវតាមកាលវិភាគ គេត្រូវបានបង្ខំពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ពួកគេ។

ស្ថាប័នបាល់ទាត់កំពូលនៅអាស៊ី កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះការសម្រេចចិត្តក្នុងការពន្យារពេលពានរង្វាន់ AFC U16 Championship ទៅឆ្នាំ២០២១។ ហើយឥឡូវនេះគណៈកម្មាធិការរៀបចំការប្រកួត ក៏កំពុងធ្វើការពិចារណាផងដែរថាតើវានឹងមានសុវត្ថិភាពជាងមុន ប្រសិនបើបិទបញ្ចប់ការប្រកួត AFC Cup 2020 ឬយ៉ាងណា។

គួរកត់សំគាល់ថា AFC បានប្រកាសរួចហើយនូវការសម្រេចចិត្តក្នុងការពន្យារពេលការប្រកួតដែលនៅសេសសល់នៃការប្រកួតជម្រុះបាល់ទាត់ពិភពលោក (FIFA World Cup) សម្រាប់ឆ្នាំ២០២២ និងការប្រកួតជម្រុះ ពានជើងឯកទ្វីបអាស៊ី (2023 Asian Cup) សម្រាប់ឆ្នាំ២០២៣ ទៅប្រកួតនៅឆ្នាំ២០២១ វិញ។

កាលពីចុងខែកក្កដា សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានសម្រេចឲ្យប្រទេសវៀតណាម ទទួលធ្វើជាម្ចាស់ផ្ទះរួមដើម្បីរៀបចំការប្រកួតក្នុងពូល F និងពូល G (ព្រះខ័នរាជស្វាយរៀង នៅពូល G) ដែលជាពូលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែស្ថានភាពនៃជំងឺកូវីដ-១៩ ក្នុងប្រទេសនេះបច្ចុប្បន្នកំពុងមានការកើនឡើង ជាក់ស្ដែងគិតត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ មានសេចក្ដីរាយការណ៍ ១,០៤៤ និងមានស្លាប់ ៣៤នាក់ក្នុងអំឡុងពេលកើតមានរលកទី២ ដែលបានចាប់ផ្ដើមខ្លាំងនៅចុងខែកក្កដា នោះ ស្របពេលដែលអ្នកសម្រាកព្យាបាលវិញ បច្ចុប្បន្នគឺមាន ៣០៣នាក់ និងជាសះស្បើយ ៧០៧នាក់។

ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល ក្រោយប្រកួត ៣ដង ឈ្នះ១ មិនដែលស្មើ និងចាញ់២ មាន ៣ពិន្ទុ ស្របពេលដែល Ceres-Negros (ហ្វីលីពីន) ឈរនៅកំពូលតារាង Thanh Quang Ninh (វៀតណាម) នៅលេខ២ និង Bali United (ឥណ្ឌូនេស៊ី) នៅបាតតារាង។

AFC កំពុងតាមដានយ៉ាងជិតស្និទ្ធលើស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសទាំងអស់នេះហើយប្រសិនបើស្ថានភាពមិនប្រសើរពួកគេនឹងលុបចោលនូវពានរង្វាន់ AFC Cup នេះតែម្ដង៕

 

ប្រភព៖ goal.com

មតិយោបល់