លីគទី២ កម្ពុជា អាចនឹងមាន ៨ក្រុមចូលរួមប្រកួតសម្រាប់រដូវកាលត្រលប់មកវិញ ឆ្នាំ២០២០ នេះ

មាស សុផាណារ៉ុង September 1, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ឬហៅដោយស្រួលថា ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) អាចនឹងមាន ៨ក្រុមចូលរួមប្រកួតសម្រាប់រដូវកាល២០២០ នេះ។ នេះបើយោងតាមការបង្ហើបឲ្យដឹងពីប្រភពសុំមិនបញ្ចេញឈ្មោះមួយ។

គិតមកទល់ពេលនេះ ការទទួលពាក្យចូលរួមប្រកួតបានបិទរួចទៅហើយ ត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ ដោយត្រូវបានបង្ហើបឲ្យដឹងថា អាចនឹងមានក្រុមចំនួន ៨ចូលរួមលីគលំដាប់ទី២ ឆ្នាំ២០២០ នេះ ខណៈសមាសភាពក្រុមពុំទាន់ត្រូវបានបង្ហាញឲ្យដឹងនៅឡើយទេ។

ដ្បិតពុំមានការបង្ហាញឲ្យដឹងសមាសភាពក្រុមដែលចូលរួម ប៉ុន្តែធ្លាប់មានការលេចឭដំណឹងមកថា មានក្រុមមួយចំនួនដែលអ្នកគាំទ្រធ្លាប់បានស្គាល់រួចជាស្រេចបានដាក់ពាក្យចូលរួម ដូចជា ខេត្តកោះកុង, ក្រុមសុភីណាអែហ្វស៊ី ដែលបុត្រសម្ព័ន្ធរបស់ក្លិបវិសាខា (ប្រើប្រាស់យុវជនអាយុក្រោម ១៨ឆ្នាំវិសាខា), យុវជនក្លិបភ្នំពេញក្រោន និងក៏មានលេចឭក្រុមយុវជនរបស់ក្លិបមួយចំនួនទៀតនៅលីគកំពូលកម្ពុជា ក៏អាចនឹងចូលរួមប្រកួតពានរង្វាន់ដដែលនេះផងដែរ។

បើគ្មានអ្វីប្រែប្រួល កាលបរិច្ឆេទនៃការប្រកួត គឺគេគ្រោងនឹងធ្វើពីថ្ងៃទី០៣ ខែតុលា រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។

គួររំឭកថា លីគលំដាប់ទី២ កម្ពុជា បានចាប់ផ្ដើមជាលើកដំបូងកាលពីឆ្នាំ២០១៦ ដោយកាលនោះមាន ៩ក្រុមចូលរួមប្រកួត ជើងឯកគឺបានទៅក្លិបគីរីវង់សុខសែនជ័យ ខណៈនៅរដូវកាលទី២ ឆ្នាំ២០១៧ មាន ៧ក្រុមចូលរួមប្រកួត និងជើងឯកគឺបានទៅក្លិបវិសាខា ដោយឡែកនៅរដូវកាល២០១៨, ២០១៩​ ខកខានមិនអាចរៀបចំដំណើរការទៅបាន៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់