ប៊ុនធឿន ប៊ុនណារ៉ុង មិនទាន់រំពឹងខ្លាំងថាអាចឈានដល់ ២៣នាក់ចុងក្រោយ U-19 កម្ពុជា

មាស សុផាណារ៉ុង August 31, 2020


 

ភ្នំពេញ៖ សមាជិករបស់ក្លិបវិសាខា កីឡាករ ប៊ុនធឿន ប៊ុនណារ៉ុង មិនទាន់រំពឹងខ្លាំងថាអាចឈានដល់ ២៣នាក់ចុងក្រោយជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ នៅឡើយ ដ្បិតទើបតែជាពីរបួសធ្ងន់ ដែលឈានទៅដល់ការវះកាត់ កាលពីឆ្នាំទៅ។

អតីតសមាជិកនៃក្រុមយុវជនសាលាបាល់​ទាត់ជាតិបាទី រូបនេះបានជួបនូវ​បញ្ហារបួសធ្ងន់ធ្ងរដោយដាច់សរសៃរជង្គង់ (ACL) កាលពីខែសីហា ឆ្នាំ២០១៩ ក្នុងជំនួបជាមួយសិង្ហបុរី ប្រកួតទី៤ ប្រចាំពូល B ហើយត្រូវបានផ្លាស់ប្ដូរចេញភ្លាមៗនៅនាទី៤២ នៃវគ្គទី១ ក្រោយប៉ះទង្គិចជាមួយខ្សែការពាររបស់ U-18 សិង្ហបុរី និងទទួលបានការវះកាត់ចុងខែសីហា ដដែលនោះ ហើយទើបតែជាសះស្បើយ ១០០ភាគរយកាលពីដើមខែសីហា ឆ្នាំ២០២០ នេះ។

ឆ្លើយឆ្លងជាមួយសារព័ត៌មាន CAMSPORTS.org បានលើកឡើងដូច្នេះថា៖ «បាទ ខ្ញុំជា ១០០ភាគរយហើយ។ បើនិយាយពីអារមណ្ម៏ គឺមិនមានអារម្មណ៏ថាប្លែកប៉ុន្មានទេបង គ្រាន់តែមានអារម្មណ៏ថាប្លែកពីព្រោះយើងបានសម្រាករបួសគឺរាងយូរ ប៉ុន្តែបើនិយាអំពីរបួសគឺខ្ញុំ 100% ហើយបង សម្រាប់បើការវិលត្រឡប់មកវិញនេះ គឺខ្ញុំមិនហ៊ាននិយាយថាខ្លាំងជាងមុននោះទេ តែខ្ញំនិងខំអោយលើសមុនទ្វេដង។»

ប៊ុនធឿន ប៊ុនណារ៉ុង ត្រូវបានគ្រូបង្វឹកជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ លោក Koji Gyotoku កោះហៅចូលធ្វើតេស្តដំណាក់កាលទី២ ដើម្បីជ្រើសរើស ២៣នាក់ចុងក្រោយចេញទៅប្រកួតនៅប្រទេសអ៊ូសបេគីស្ថាន ក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (2020 AFC U-19 Championship) ឆ្នាំ២០២០ នាខែតុលា ខាងមុខនេះ។

នៅពេលដែលសួរនាំអំពីក្ដីរំពឹងថាអាចជាប់ជម្រើស ២៣នាក់ចុងក្រោយដែរឬទេ? ប៊ុនធឿន ប៊ុនណារ៉ុង បាននិយាយថា៖ «ខ្ញុំមិនទាន់រំពឹងខ្លាំងថាអាចឈានដល់ ២៣នាក់ចុងក្រោយទេ តែមានតែខំប្រឹងអោយអស់ពីសមត្ថភាព។ លទ្ធផលបែបណាគឺខ្ញុំអាចទទួលយកបានទាំងអស់។»

សូមបញ្ជាក់ជាថ្មីថា កីឡាករ ប៊ុនធឿន ប៊ុណ្ណារ៉ុង ត្រូវបានរងរបួសធ្ងន់ធ្ងរដោយដាច់សរសៃរជង្គង់ (ACL) ខណៈកាលពីប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៨ឆ្នាំ ( AFF U-18 Championship 2019 ) នៅប្រទេសវៀតណាម រូបគេបានបង្ហាញខ្លួនចំនួន ៣ប្រកួតផងដែរ ក្នុងចំណោម ៥ប្រកួត៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់