ទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា បិទជាផ្លូវការកាលពីយប់មិញ ដោយមិនសូវមានភាពមមាញឹក

មាស សុផាណារ៉ុង August 31, 2020


 

ភ្នំពេញ៖ ទីផ្សារដោះដូរកីឡាករនៅក្នុងក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាល២០២០ សម្រាប់ជើងទី២ បានបិទបញ្ចប់ជាផ្លូវការហើយ ត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ខណៈគិតមកទល់ពេលនេះ គឺពុំសូវមមាញឹកដូចមុនឡើយ ដ្បិតអាចបណ្ដាលមកពីវិបត្តិជំងឺកូវីដ-១៩។

ការដោះដូរកីឡាករ បានបើកតាំងពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ខណៈចាប់តាំងពីបើកទីផ្សារមកការដោះដូរ ក៏ដូចជាផ្ទេរគឺហាក់មានភាពស្ងប់ស្ងាត់ មិនសូវមមាញឹក ជាក់ស្ដែងគេសង្គេតឃើញមានតែ ៥ក្លិបប៉ុណ្ណោះ ដែលបានប្រកាសជាផ្លូវការអំពីព័ត៌មាននៃការចាកចេញ និងការនាំចូលកីឡាករថ្មី រួមមាន បឹងកេត, ណាហ្គាវើលដ៍, គីរីវង់សុខសែនជ័យ, អាស៊ឺអឺរ៉ុបយូណាយធីត និងនគរបាលជាតិ ខណៈក្លិបមួយចំនួនធំពុំបានបង្ហាញពីការដោះដូរឡើយ។

  • បឹងកេត៖

បឹងកេត កាលពីចុងសប្ដាហ៍បានប្រកាសពីការចាកចេញ របស់កីឡាករ Franc Santana Paiva។ ដោយឡែកចំពោះការនាំចូលវិញ ក្លិបពុំបានបង្ហាញនៅឡើយ។

  • ណាហ្គាវើលដ៍៖

កាលពីថ្ងៃទី១១ ខែសីហា បានធ្វើការប្រកាសពីការនាំចូលកីឡាករ សារី ម៉ាណូរ៉ូទីន ដែលជាការត្រលប់មកចូលរួមជាមួយក្លិបសារជាថ្មី ក្រោយកីឡាកររូបនេះត្រូវបានក្លិបវិសាខា សម្រេចចែកផ្លូវកាលពីពាក់កណ្ដាលរដូវកាល។

ណាហ្គាវើលដ៍ ក៏មានកីឡាករចាកចេញផងដែរ គឺកីឡាករ Bisan George ដែលពុំសូវមានឱកាសបង្ហាញខ្លួនជាមួយក្លិបចាប់តាំងពីដើមរដូវកាល។

  • គីរីវង់សុខសែនជ័យ៖

ចំពោះក្លិបគីរីវង់សុខសែនជ័យ វិញបានធ្វើការប្រកាសពីការនាំចូលកីឡាករចំនួន ៣រូបបន្ថែមផងដែរ ក្នុងនោះរួមមានកីឡាករ ប្រាក់ សុវណ្ណាពិសិដ្ឋ (អតីតកីឡាកររបស់សូលទីឡូអង្គរ) និងកីឡាករ សេង សារ៉ាវុធ ដែលផ្លាស់មកពី សមាគមកីឡាករកងយោធពលខេមរភូមិន្ទ ខណៈកីឡាករម្នាក់ទៀតគឺអ្នកចាំទី ឈិន ឈៃនុត ខ្ចីជើងពីក្លិបភ្នំពេញក្រោន។

  • អាស៊ីអ៊ឺរ៉ុបយូណាយធីត៖

ក្លិបមានមូលដ្ឋាននៅតំបន់អារិយក្សត្រមួយនេះ មានការផ្លាស់ប្ដូរកីឡាករគួរឲ្យកត់សម្គាល់ជាងគេ ក្នុងនោះបាននាំចូលកីឡាករបរទេសសំខាន់ ២រូប រួមមាន Gbenga Samuel និង Bisan George ស្របពេលដែលកីឡាករដែលចាកចេញមានដល់ទៅ ៦នាក់ឯណោះ រួមមានកីឡាករ គង់ រាត្រី, មុី គឹមឈាន, អ៊ុ ឧត្តម, ឈឹម សំបូរ, អុឹម សុផានិត្យ និងកីឡាករ WALLIZADA MOHAMMAD EMRAN។

  • នគរបាលជាតិ៖

ក្លិបតំណាងឲ្យស្ថាប័នប៉ូលីស មួយនេះគឺជាក្រុមដំបូងគេ ដែលបានប្រកាសនាំយកកីឡាករថ្មីមករួមក្រុមបន្ទាប់ពីទីផ្សារដោះដូរកីឡាករបើកភ្លាម ពោលគឺការនាំយកកីឡាករ ម៉ាត់ យ៉ាម៊ីន ដែលទំនេរគ្មានក្លិបប្រកបអាជីពជាមួយ ក្រោយត្រូវក្លិបបឹងកេត បញ្ចប់កុងត្រាមុនកាលកំណត់។

ចំពោះក្លិបដទៃទៀត ដ្បិតពុំទាន់មានការប្រកាសជាផ្លូវការពីការផ្ទេរ ប៉ុន្តែអាចនឹងមានការចុះបញ្ជីបបឋម ជាណ្ដោះអាសន្នណាមួយ ដែលតម្រូវឲ្យមានការរង់ចាំការប្រកាសជាផ្លូវការពីក្លិបជាមុនសិន។

បញ្ជាក់ថា គណៈកម្មាការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានបើកឲ្យមានការដោះដូរកីឡាករពីថ្ងៃទី០៨ ខែសីហា ហើយគ្រោងនឹងបិទនៅថ្ងៃទីដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ១សប្ដាហ៍មុនលីគ ជើងទី២ ចាប់ផ្ដើម (លីគគ្រោងប្រកួតជើងទី២ ថ្ងៃទី១២ ខែកញ្ញា) ប៉ុន្តែដោយសារលីគកំពូលកម្ពុជា ត្រូវលើកមកប្រកួតមុនមួយសប្ដាហ៍វិញ (លីគនឹងចាប់ផ្ដើមនៅថ្ងៃទី០៥ ខែកញ្ញា វិញ) ទើបតម្រូវឲ្យទីផ្សារដោះដូររំកិលមកបិទនៅថ្ងៃទី៣០ ខែសីហា ម្សិលមិញនេះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់