ព្រះខ័នរាជស្វាយរៀង ជាក្រុមអាជីពទី៤ ក្នុងលីគ ដែលបង្កើតឲ្យមានក្រុមបាល់ទាត់នារី

មាស សុផាណារ៉ុង August 28, 2020


 

ស្វាយរៀង៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កាលពីល្ងាចថ្ងៃទី២៧ ខែសីហា ម្សិលមិញបានធ្វើការប្រកាសបង្ហាញសមាសភាពក្រុមបាល់ទាត់នារី របស់ខ្លួន ដែលទើបតែច្របាច់បញ្ចូលគ្នា ពីក្រុមបាល់ទាត់នារីប្រចាំវិទ្យាល័យហ៊ុនសែន ជ្រៃធំ ខេត្តស្វាយរៀង មកជាក្រុមតែមួយ។

ការបង្កើតនេះ គឺដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់ជម្រើសជើងឯកនារី (លីគ) ប្រចាំឆ្នាំ២០២០-២០២១ គ្រោងចាប់ផ្ដើមពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ជាមួយក្រុមផ្សេងៗទៀត។

ជាមួយគ្នាផងដែរការណ៍ដែលមានក្រុមនារីប្រចាំក្លិបបែបនេះនាំឲ្យ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្លាយទៅជាក្លិបទី៤ ក្នុងលីគកំពូលកម្ពុជា ដែលបង្កើតឲ្យមានក្រុមបាល់ទាត់នារី ប្រចាំក្រុម បន្ទាប់ពីភ្នំពេញក្រោន បានធ្វើដំបូងគេ បន្ទាប់មក បឹងកេត និងថ្មីៗនេះ អាស៊ីអឺរ៉ុបយូណាយធីត។

សម្រាប់ក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង ដែលពីមុនប្រចាំវិទ្យាល័យហ៊ុនសែន ជ្រៃធំ ខេត្តស្វាយរៀង ធ្លាប់បានសាងស្នាដៃធំៗជាច្រើន ដូចជាជើងឯកសិស្សមធ្យមសិក្សា ចំនួន ១ដង, ជើងឯករង ចំនួន ២ដង និងចុងក្រោយកាលពីឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ បានឈ្នះជើងឯក ពានរង្វាន់ជម្រើសជើងឯកនារី ប្រចាំឆ្នាំ២០១៩ ក្រោយយកឈ្នះ ក្រុមនារីភ្នំពេញក្រោន នៅវគ្គផ្ដាច់ព័ត្រ៕

 

រូបភាព៖ ក្លិបព្រះខ័នរាជស្វាយរៀង

មតិយោបល់