កំណត់ត្រាដែលនាំឲ្យ លោក គីម ភក្ដី និង កែវ សុខផេង ឈ្នះពានគ្រូល្អ កីឡាករល្អ ប្រចាំខែកក្កដា នៃលីគកំពូលកម្ពុជា

មាស សុផាណារ៉ុង August 27, 2020


 

ភ្នំពេញ៖ គ្រូបង្វឹកបណ្ដោះអាសន្ននៃក្លិបបាល់ទាត់បឹងកេត លោក គីម ភក្ដី ជាមួយនឹងកីឡាករ កែវ សុខផេង របស់ក្លិបបាល់ទាត់វិសាខា ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC ជ្រើសតាំងឲ្យក្លាយជាគ្រូបង្វឹកឆ្នើម និងកីឡាករឆ្នើមប្រចាំខែកក្កដា នៃពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០។

គ្រូបណ្ដោះអាសន្នបឹងកេត និងសមាជិកក្លិបវិសាខា ត្រូវបានប្រគល់រង្វាន់កិត្តិយសនេះពីតំណាងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC លោក ឈី កុលបុត្រា (លេខាធិការប្រតិបត្តិ) នៅថ្ងៃទីសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នេះ។

គួរដឹងដែរថា កែវ សុខផេង ដែលរកបាន ៨គ្រាប់នៅ MCL គិតត្រឹមសប្ដាហ៍ទី១៣ ប៉ុន្តែកាលពីខែកក្កដា អាចរកបាន ៧គ្រាប់ ក្នុងនោះរកបានគ្រាប់ជ័យជម្នះក្នុងជំនួបឈ្នះ អគ្គិសនីកម្ពុជា ៤ទល់០ (ទាត់ចូល ២គ្រាប់, បញ្ជូន ១គ្រាប់) ឈ្នះយុវជនបាទី ០ទល់៦ (ទាត់ចូល ២គ្រាប់) និងឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ១០ទល់១ (ទាត់ចូល ៣គ្រាប់ និងបញ្ចូនបាល់ ១គ្រាប់) គេក៏បានរួមចំណែកឲ្យ វិសាខា ស្មើជាមួយម្ចាស់ផ្ទះ ភ្នំពេញក្រោន ផងដែរ។

ដោយឡែកសម្រាប់ពានរង្វាន់គ្រូបង្វឹកល្អប្រចាំខែកក្កដា គឺបានទៅលើលោក គីម ភក្ដី គ្រូបង្គោលក្លិបបាល់ទាត់បឹងកេត បន្ទាប់ពីទទួលបានលទ្ធផលយ៉ាងល្អក្នុងការប្រកួតនានានៅពេលកន្លងទៅ។

ជាក់ស្ដែងនៅខែកក្កដា គ្រូបង្វឹកបណ្ដោះអាសន្នរូបនេះដឹកនាំ បឹងកេត ឈ្នះ សូលទីឡូអង្គរ ៣ទល់០, ឈ្នះ គីរីវង់សុខសែនជ័យ ១ទល់៤, ឈ្នះ កងយោធពលខេមរភូមិន្ទ ៦ទល់១ និងចុងក្រោយឈ្នះ ក្រុមខ្លាំង ភ្នំពេញក្រោន ៣ទល់១៕

 

រូបភាព៖ Metfone Cambodian League

មតិយោបល់