ពាន AFC U-19 Championship កំពុងស្ថិតលទ្ធភាពដែលអាចកែសម្រួលកម្មវិធីប្រកួត

មាស សុផាណារ៉ុង August 26, 2020


 

អាស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) កំពុងស្វែងរកលទ្ធភាពនៃការកែសម្រួលកម្មវិធីប្រកួតពានរង្វាន់ប្រចាំទ្វីប ដែលក្នុងរួមមានទាំងពានយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship)។ នេះបើយោងតាមការចេញផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់អ៊ូបេសគីស្ថាន ដែលជាម្ចាស់ផ្ទះរៀបចំពានខាងលើ។

ជំងឺកូវីដ-១៩ រាតត្បាតជាសាកលទូទាំងពិភពលោក ហើយកំពុងជះឥទ្ធិពលដល់បាល់ទាត់ផងដែរ។ ជាលទ្ធផលការប្រកួតអន្តរជាតិជាច្រើនដែលគ្រោងសម្រាប់ប្រទេសផ្សេងៗគ្នាត្រូវបានពន្យារពេលទៅឆ្នាំក្រោយ។

ទាក់ទងនឹងបញ្ហានេះសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានផ្ញើលិខិតជាផ្លូវការមួយទៅកាន់សហព័ន្ធកីឡាបាល់ទាត់ដែលជាសមាជិក ដើម្បីសិក្សាពីលទ្ធភាពនៃការកែសម្រួលព្រឹត្តិការណ៍ប្រកួតជើងឯកយុវជនអាស៊ីអាយុក្រោម ១៦ឆ្នាំ និងអាយុក្រោម ១៩ឆ្នាំ ដែលគ្រោងនឹងធ្វើនៅឆ្នាំ២០២០ នៅបារ៉ែន និងអ៊ូសបេគីស្ថាន។ មានសេចក្តីរាយការណ៍មកថា អារ៉ាប់រួម នឹងលុបចោលការប្រកួតពានរង្វាន់ក្លិបបាល់ទាត់ហ្វូតសាលទ្វីបអាស៊ី (Asian Club Futsal Championship) ផងដែរ។

នេះគឺដោយសារតែការស្នើសុំពីសហព័ន្ធកីឡាបាល់ទាត់ដែលជាសមាជិក ដែលចូលរួមក្នុងការប្រកួតពានរង្វាន់ទាំងពីរខាងលើនេះ នៅបារ៉ែន អ៊ូសបេគីស្ថាន និងអារ៉ាប់រួម ដោយសារតែការលំបាកក្នុងប្រតិបត្តិការហោះហើរ និងបញ្ហាជាមួយនឹងការរៀបចំក្រុមក្នុងលក្ខខណ្ឌដែលកំពុងមានជំងឺរាតត្បាតបែបនេះ។

យោងតាមលិខិតផ្លូវការដែលផ្ញើដោយ AFC គណៈកម្មាធិការប្រតិបត្តិរបស់ AFC នឹងធ្វើការសម្រេចចិត្តសមស្របលើបញ្ហាទាំងនេះ។ កាលបរិច្ឆេទប្រកួតថ្មីនឹងត្រូវប្រកាសនៅពេលក្រោយ។

សូមបញ្ជាក់ថា តាមគម្រោងការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (2020 AFC U-19 Championship) ឆ្នាំ២០២០ នឹងធ្វើនៅប្រទេសអ៊ូសបេគីស្ថាន គឺគ្រោងធ្វើពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ដោយមានប្រទេសចំនួន ១៦ចូលរួម ចែកចេញជា ៤ពូល និង ១ពូល មាន ៤ក្រុម។ សម្រាប់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ដែលត្រូវចូលរួមប្រកួតផងដែរនោះ គឺស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុម U-19 ឥណ្ឌូនេស៊ី និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់៕

 

ប្រភពព័ត៌មាន៖ Uzbekistan Football Association

មតិយោបល់