FIFA ចេញកាលវិភាគសាកល្បង វគ្គជម្រុះបាល់ទាត់ពិភពលោក (ទ្វីបអាស៊ី) គ្រោងធ្វើនៅដើមឆ្នាំ២០២១

មាស សុផាណារ៉ុង August 26, 2020


 

អាស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ថ្មីៗនេះ បានបង្ហាញពីកាលវិភាគសាកល្បងដើម្បីបន្តការប្រកួតបាល់ទាត់ប្រចាំទ្វីបអាស៊ី ជាពិសេសវគ្គជម្រុះបាល់ទាត់ពិភពលោក (World Cup) ដែលបានលើក ២ដងរួចមកហើយ។ នេះបើយោងតាមការចេញផ្សាយនៅលើសារព័ត៌មានវៀតណាម vnexpress.net

សារព័ត៌មានដដែលបានភ្ជាប់ដូច្នេះ “FIFA បានបញ្ជាក់ពីកាលវិភាគកាលពីថ្ងៃសុក្រ ដោយការប្រកួតឡើងវិញគឺគ្រោងធ្វើនៅចន្លោះថ្ងៃទី២៤ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ។ បន្ទាប់មកមាននៅចន្លោះថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ និងនៅចន្លោះថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែកាលវិភាគលម្អិតនឹងត្រូវប្រកាសដោយ FIFA ក្នុងពេលជាក់លាក់ណាមួយ។

ចំពោះកាលបរិច្ឆេទសាកល្បង ថ្ងៃជាក់លាក់បានបង្ហាញយ៉ាងដូច្នេះ៖

  • ប្រកួតទី៥ គឺគ្រោងនឹងធ្វើនៅចន្លោះថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១
  • ប្រកួតទី៦ គឺគ្រោងនឹងធ្វើនៅចន្លោះថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១
  • ប្រកួតទី៧ គឺគ្រោងនឹងធ្វើនៅចន្លោះថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១
  • ប្រកួតទី៨ គឺគ្រោងនឹងធ្វើនៅចន្លោះថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១

ជំងឺកូវីដ-១៩ (COVID-19) ដែលបានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ បាននាំឲ្យការប្រកួតបាល់ទាត់ស្ទើរជុំវិញពិភពលោក ទាំងក្នុងស្រុក និងក្រៅស្រុកបានសម្រេចផ្អាក ក៏ដូចជាពន្យាពេលជាបន្តបន្ទាប់ ដើម្បីបង្ការការរីករាលដាលនៃវីរុសនេះ​។

នេះជាលើកទី២ ហើយដែលការប្រកួតជុំទី២ វគ្គជម្រុះបាល់ទាត់ពិភពលោក ត្រូវបានពន្យាពេល ដោយលើកដំបូងគឺនៅខែមីនា និងមិថុនា គម្រោងលើកទៅប្រកួតខែតុលា និងវិច្ឆិកា តែក្រោយមកទៀតក៏សម្រេចលើកក្នុងអំឡុងខែតុលា និងវិច្ឆិកា សារជាថ្មីក្នុងស្ថានភាពដូចគ្នាដោយសារជំងឺកូវីដ-១៩ ខណៈក្រុមគោព្រៃកម្ពុជា នៅសល់ ៣ប្រកួតក្នុងដៃ ហើយកម្មវិធីផ្លាស់ប្ដូររួមមាន កម្ពុជា ត្រូវជួបក្រុមជម្រើសជាតិបារ៉ែន បន្ទាប់ត្រូវទទួលអ៊ីរ៉ង់ និងប្រកួតចុងក្រោយរបស់កម្ពុជា ត្រូវជួបអ៊ីរ៉ាក់៕

 

ប្រភពព័ត៌មាន៖ vnexpress.net

មតិយោបល់