ទោះបឹងកេត មានឱកាសប្រជែងជើងឯកខ្ពស់ តែអគ្គលេខាធិការក្លិបបង្ហាញក្ដីព្រួយបារម្ភដ្បិតជុំទី២ ប្រកួតក្រៅដីច្រើន

មាស សុផាណារ៉ុង August 25, 2020


 

ភ្នំពេញ៖ លោក បែ មករា អគ្គលេខាធិការនៃក្លិបបាល់ទាត់បឹងកេត បានបង្ហាញក្ដីព្រួយបារម្ភខ្លះៗបន្ទាប់បានបញ្ចប់ការប្រកួតជុំទី១ នៃលីគកំពូលកម្ពុជា និងត្រៀមសម្រាប់ការប្រកួតនៅជុំទី២ បន្តទៀត ជាមួយក្រុមខ្លាំងចំនួន ៥ផ្សេងទៀត ក្នុងតំបន់ក្រុមខ្លាំងទាំង៦ (Top 6) ដែលជាតំបន់ប្រជែងជើងឯក។

រូបភាព៖ ក្លិបបឹងកេត – Boeung Ket Football Club

ឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ការផ្គូផ្គងការប្រកួតជុំទី២ នៃលីគកំពូលកម្ពុជា ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ ក្ដីបាម្ភដែលអគ្គលេខាធិការដដែលរូបនេះគឺពាក់ព័ន្ធទៅនឹងការប្រកួតក្រៅដីច្រើន ពោលគឺ ១ភាគ៥ នៃការប្រកួតទាំងមូល។

លោក បែ មករា បានលើកឡើងដូច្នេះថា៖ «យើងឃើញថាស្ថានភាពនៃការប្រជែងជើងឯកនោះ គឺខ្ញុំនៅតែចាត់ទុកថាឱកាសនៃការដណ្ដើមជើងឯករបស់គ្រប់ក្រុមគឺនៅតែមានទោះបីក្រុមខ្លះគាត់មានតិចក៏ដោយ ប៉ុន្តែខ្ញុំជឿថានឹងមានការប្រឹងប្រែងខ្លាំង ដូច្នេះឱកាសក្នុងការដណ្ដើមពាននៅតែមានគ្រប់ក្រុមអ៊ីចឹង គ្រាន់តែថាក្រុមពីរដែលមានពិន្ទុលើគេរៀងមានប្រៀបបន្តិច ប៉ុន្តែខ្ញុំជឿថាមិនជាអស់សង្ឃឹមច្រើនសម្រាប់ក្រុមដែលមកដណ្ដើមជើងឯកទេ ហើយសម្រាប់ក្រុមយើង យើងប្រកួតនៅជុំទី២នេះ បញ្ហាគឺថាយើងប្រកួតក្រៅដីច្រើន ៥ប្រកួត យើងក្រៅដីដល់ទៅ ៤ប្រកួតហើយ យើងប្រកួតក្នុងដីតែ ១ប្រកួតទេជាមួយ ស្វាយរៀង ដូច្នេះវាជាបញ្ហាដែរ ប៉ុន្តែទោះយ៉ាងណាក៏ខ្ញុំជឿជាក់ទៅលើក្រុមរបស់ខ្ញុំ ទាំងក្រុមការងារ ទាំងកីឡាករ ខ្ញុំជឿថាពួកគាត់នឹងប្រឹងប្រែង ដើម្បីនាំជ័យជម្នះនាំអ្នកគាំទ្ររបស់យើង។»

រូបភាព៖ ក្លិបបឹងកេត – Boeung Ket Football Club

«ការប្រកួតចប់ជុំទី១ គឺក្រុមយើងធ្វើបានលទ្ធផលល្អ ហើយអាចបញ្ចប់នៅចំណាត់ថ្នាក់លេខ១ ប៉ុន្តែខ្ញុំអាចជឿជាក់ថានៅជុំទី២ នេះ គឺយើងនឹងមានការប្រកួតប្រជែងរឹតតែខ្លាំង ពីព្រោះសុទ្ធតែជាក្រុមកំពូលៗ ហើយគ្រប់ក្រុមទាំងអស់នៅមានឱកាសក្នុងការដណ្ដើមយកជើងឯក អ៊ីចឹងខ្ញុំគិតថា ការប្រកួតនឹងក្លាយជាការប្រកួតមួយដ៏ស្វិតស្វាញ និងតឹងតែង ជាងជើងទី១ ទៅទៀត។» អគ្គលេខាធិការដដែលរូបនេះ បានរំឭកជុំវិញការធ្វើបានល្អនៅជុំទី១ កន្លងមក។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការចាប់ឆ្នោតផ្គូផ្គងសម្រាប់ការប្រកួតជុំទី២ នៃលីគកំពូលកម្ពុជា សប្ដាហ៍ដំបូងរបស់ បឹងកេត គឺត្រូវជួប វិសាខា នៅទឹកដីរបស់វិសាខា (កីឡដ្ឋានព្រីនស៍) បន្ទាប់មកជួប ណាហ្គាវើលដ៍ នៅដីរបស់ណាហ្គាវើលដ៍ (កីឡដ្ឋានស្តាតចាស់) ប៉ុន្តែសប្ដាហ៍ទី១៦ ត្រូវប្រកួតក្នុងដី (កីឡដ្ឋានខេមបូឌាអ៊ែវេ) ទល់នឹង ព្រះខ័នរាជស្វាយរៀង និងពីរប្រកួតចុងក្រោយ ជួប កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានស្តាតចាស់ និងប្រកួតបញ្ចប់រដូវកាលជួប ភ្នំពេញក្រោន នៅកីឡដ្ឋានស្មាតអអេសអិន៕

 

រូបភាព៖ ក្លិបបឹងកេត – Boeung Ket Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់