វិសាខា ប៉ះ បឹងកេត ខណៈស្វាយរៀង ទទួល ក្រោន និងណាហ្គា ប៉ះ ទ័ព ជំនួបបើកជុំទី២ នៃលីគ

មាស សុផាណារ៉ុង August 25, 2020


 

ភ្នំពេញ៖ លីគកំពូលកម្ពុជា បានបញ្ចប់ការផ្គូផ្គងក្រុមទាំងក្នុងតំបន់កំពូលទាំង៦ និងតំបន់លេខ ៧ដល់លេខ១៣ រួចរាល់ហើយ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នេះ។

ចំពោះក្រុមទាំង ៦ដែលនឹងត្រូវប្រកួតដណ្ដើមជើងឯកលីគ រដូវកាល២០២០ រួមមាន បឹងកេត, ព្រះខ័នរាជស្វាយរៀង, វិសាខា, ទ័ព, ភ្នំពេញក្រោន និងណាហ្គាវើលដ៍ ដោយតែ ៦ក្រុមនេះប៉ុណ្ណោះ នឹងត្រូវតតាំងគ្នា (តែ ១ជើង បន្តពីជុំទី១) ដោយត្រលប់ផ្លាស់ប្ដូរទឹកដីវិញ ប្រសិនបើក្រុមណាមួយបានប្រកួតនៅទឹកដី របស់ក្រុមណាមួយម្ដងរួចហើយ។ (ឧទាហរណ៍៖ បឹងកេត បានប្រកួតទល់នឹង វិសាខា លើទឹកដីរបស់ខ្លួនរួចរាល់ហើយកាលពីជុំទី១ ដូច្នេះជុំទី២ គឺត្រូវប្ដូរទៅប្រកួតនៅទឹកដីរបស់ វិសាខា វិញម្ដង)។

ចូលដល់ជុំទី២ និងចំណាយពេលប្រកួតត្រឹមតែ ៥សប្ដាហ៍ប៉ុណ្ណោះ ក្រុមដែលមានពិន្ទុលើគេ នឹងក្លាយជាជើងឯក និងបូកពិន្ទុបន្តពីជុំទី១ ហើយរូបមន្ដដែលត្រូវគិត នៅជុំទី២ នេះវិញ គឺរូបមន្តជំនួបជួបគ្នារវាងក្រុមដែលត្រូវប្រៀបធៀប (Head To Head) ប្រសិនបើមានពិន្ទុស្មើគ្នា, បន្ទាប់មក ផលសងគ្រាប់បាល់សរុប, គ្រាប់បាល់ទាត់ចូលគេសរុប, ទាត់បាល់ ១១ម៉ែត្របើពាក់ព័ន្ធតែ ២ក្លិបហើយក្លិបទាំងពីរកំពុងលេងលើទីលាន, ក្លិបមានចំណាត់ថ្នាក់ (Fair Play) ល្អជាងគេ ពិន្ទុតិចជាងគេដែលបានបូកសរុបដោយកាតលឿង និងកាតក្រហមពីការប្រកួតទាំងអស់របស់ក្លិប។

លទ្ធផលផ្គូផ្គងសប្ដាហ៍ដំបូង ក្រុមនៅតំបន់ Top 6៖

  • កងយោធពលខេមរភូមិន្ទ ប៉ះ ណាហ្គាវើលដ៍
  • វិសាខា ប៉ះ បឹងកេត
  • ព្រះខ័នរាជស្វាយរៀង ប៉ះ ភ្នំពេញក្រោន

ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែកញ្ញា សប្ដាហ៍ក្រោយតទៅ រហូតដល់ថ្ងៃទី២៥ ខែតុលា។

ដោយឡែកចំពោះ ៧ក្រុម ដែលប្រកួតដណ្ដើមចំណាត់ថ្នាក់ពីលេខ៧ ដល់១៣ រួមមាន អង្គរថាយហ្គឺរ, គីរីវង់សុខសែនជ័យ, អាស៊ីអឺរ៉ុបយូណាយធីត, អគ្គិសនីកម្ពុជា, នគរបាលជាតិ, សូលទីឡូអង្គរ និង U-18 សាលាបាល់ទាត់បាទី។ ដូចគ្នាផងដែរ ក្រុមទាំង ៧នេះ នឹងត្រូវតតាំងគ្នាដោយត្រលប់ផ្លាស់ប្ដូរទឹកដីវិញ ប្រសិនបើក្រុមណាមួយបានប្រកួតនៅទឹកដី របស់ក្រុមណាមួយម្ដងរួចហើយ។ (ឧទាហរណ៍៖ នគរបាលជាតិ បានប្រកួតទល់នឹង អង្គរថាយហ្គឺរ លើទឹកដីរបស់ខ្លួនរួចរាល់ ដូច្នេះជុំទី២ គឺត្រូវប្ដូរទៅប្រកួតនៅទឹកដីរបស់ អង្គរថាយហ្គឺរ វិញម្ដង)។

ជុំទី២ នៃវគ្គដណ្ដើមកៅអីគេចពីការកាត់ចេញនេះ និងចំណាយពេលប្រកួត ៦សប្ដាហ៍ ក្រុមដែលមានពិន្ទុតិចជាងគេ នឹងត្រូវកាត់ចេញទៅលីគទី២ ដោយបូកពិន្ទុបន្តពីជុំទី១ ដូចគ្នា ហើយរូបមន្ដដែលត្រូវគិត នៅជុំទី២ នេះវិញ គឺរូបមន្តជំនួបជួបគ្នារវាងក្រុមដែលត្រូវប្រៀបធៀប (Head To Head) ប្រសិនបើមានពិន្ទុស្មើគ្នា។៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់