លីគកំពូលកម្ពុជា នឹងសម្រាក ២សប្ដាហ៍ បន្ទាប់ពីបញ្ចប់ការប្រកួតជុំទី១ ដោយរលូន

មាស សុផាណារ៉ុង August 24, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) នឹងធ្វើការសម្រាករយៈពេល ២សប្ដាហ៍ បន្ទាប់ពីបានបញ្ចប់ការប្រកួតជុំទី១ ដោយរលូនត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ។

យោងតាមកាលវិភាគដែលរៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានបង្ហាញថា លីគនឹងសម្រាកក្រោយចប់ជុំទី១ ពីថ្ងៃទី២៤ ខែសីហា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ទើបត្រលប់មកវិញដែលជាការបន្តការប្រកួតជុំទី២ ជាមួយនឹងការបែងចែកការប្រកួតជា ២ក្រុមផ្សេងគ្នា គឺ ៦ក្រុមប្រកួតដណ្ដើមជើងឯកលីគ រដូវកាល២០២០ និង ៧ក្រុមទៀតប្រកួតដើម្បីគេចពីកាត់ចេញទៅលេងនៅលីគទី២ នារដូវកាលក្រោយ។

ចំពោះក្រុមទាំង ៦ដែលនឹងត្រូវប្រកួតដណ្ដើមជើងឯកលីគ រដូវកាល២០២០ រួមមាន បឹងកេត, ព្រះខ័នរាជស្វាយរៀង, វិសាខា, ទ័ព, ភ្នំពេញក្រោន និងណាហ្គាវើលដ៍ ដោយតែ ៦ក្រុមនេះប៉ុណ្ណោះ នឹងត្រូវតតាំងគ្នា ហើយត្រលប់ផ្លាស់ប្ដូរទឹកដីវិញ ប្រសិនបើក្រុមណាមួយបានប្រកួតនៅទឹកដី របស់ក្រុមណាមួយម្ដងរួចហើយ។ (ឧទាហរណ៍៖ ព្រះខ័នរាជស្វាយរៀង បានប្រកួតទល់នឹង បឹងកេត លើទឹកដីរបស់ខ្លួនរួចរាល់ ដូច្នេះជុំទី២ គឺត្រូវប្ដូរទៅប្រកួតនៅទឹកដីរបស់ បឹងកេត វិញម្ដង)។

ចូលដល់ជុំទី២ និងចំណាយពេលប្រកួតត្រឹមតែ ៥សប្ដាហ៍ប៉ុណ្ណោះសម្រាប់ក្រុមកំពូលទាំង៦ (Top 6) ក្រុមដែលមានពិន្ទុលើគេ នឹងក្លាយជាជើងឯក ដោយបូកពិន្ទុបន្តពីជុំទី១ ហើយរូបមន្ដដែលត្រូវគិត នៅជុំទី២ នេះវិញ គឺរូបមន្តជំនួបជួបគ្នារវាងក្រុមដែលត្រូវប្រៀបធៀប (Head To Head) ប្រសិនបើមានពិន្ទុស្មើគ្នា។

ដោយឡែកចំពោះ ៧ក្រុម ដែលប្រកួតដណ្ដើមចំណាត់ថ្នាក់ពីលេខ៧ ដល់១៣ រួមមាន អង្គរថាយហ្គឺរ, គីរីវង់សុខសែនជ័យ, អាស៊ីអឺរ៉ុបយូណាយធីត, អគ្គិសនីកម្ពុជា, នគរបាលជាតិ, សូលទីឡូអង្គរ និង U-18 សាលាបាល់ទាត់បាទី។ ដូចគ្នាផងដែរ ក្រុមទាំង ៧នេះ នឹងត្រូវតតាំងគ្នាដោយត្រលប់ផ្លាស់ប្ដូរទឹកដីវិញ ប្រសិនបើក្រុមណាមួយបានប្រកួតនៅទឹកដី របស់ក្រុមណាមួយម្ដងរួចហើយ។ (ឧទាហរណ៍៖ នគរបាលជាតិ បានប្រកួតទល់នឹង អង្គរថាយហ្គឺរ លើទឹកដីរបស់ខ្លួនរួចរាល់ ដូច្នេះជុំទី២ គឺត្រូវប្ដូរទៅប្រកួតនៅទឹកដីរបស់ អង្គរថាយហ្គឺរ វិញម្ដង)។

ជុំទី២ នៃវគ្គដណ្ដើមកៅអីគេចពីការកាត់ចេញនេះ និងចំណាយពេលប្រកួត ៦សប្ដាហ៍ ក្រុមដែលមានពិន្ទុតិចជាងគេ នឹងត្រូវកាត់ចេញទៅលីគទី២ ដោយបូកពិន្ទុបន្តពីជុំទី១ ដូចគ្នា ហើយរូបមន្ដដែលត្រូវគិត នៅជុំទី២ នេះវិញ គឺរូបមន្តជំនួបជួបគ្នារវាងក្រុមដែលត្រូវប្រៀបធៀប (Head To Head) ប្រសិនបើមានពិន្ទុស្មើគ្នា។

ចំពោះការផ្គូរផ្គង់ការប្រកួតនៅជុំទី២ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នឹងធ្វើការចាប់គូប្រកួតជុំទី២ នៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០ នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ ស្អែកនេះផងដែរ៕

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់