ភ្នំពេញក្រោន និងវិសាខា ឡើងជួបគ្នាវគ្គផ្ដាច់ព្រ័ត្រពាន U-18 ខណៈពាន U-16 វិសាខា ឡើងជួប នគររាជ

មាស សុផាណារ៉ុង August 23, 2020


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ និងពានពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយ និងបានរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ ដូចគ្នា ក្នុងពាន U-16 វិសាខា ឡើងវគ្គផ្ដាច់ព្រ័ត្រជាមួយ នគរររាជ និងពាន U-18 ភ្នំពេញក្រោន ឡើងទៅជួបជាមួយ វិសាខា។

  • ពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ៖

សម្រាប់ពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ ដែលបានបញ្ចប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ នោះ ជាលទ្ធផល U-16 វិសាខា ក៏ដូចជា U-16 នគររាជ បានយកឈ្នះគូប្រកួតរៀងៗខ្លួនជាបន្តទៀតសម្រាប់ជំនួបជើងទី២។

ជាលទ្ធផលបានបង្ហាញថា U-16 វិសាខា បានយកឈ្នះ U-16 សាលាតម្រង់ទិសឧត្តរមានជ័យ ដោយលទ្ធផល ១ទល់០ (សរុបទាំងពីរជើង ៥ទល់១) ខណៈ U-16 នគររាជ បានយកឈ្នះ U-16 សាលាតម្រង់ទិសបន្ទាយមានជ័យ ដោយលទ្ធផល ១ទល់៥ (សរុបទាំងពីរជើង ៨ទល់២) ដូច្នេះក្រុមទាំងពីរនឹងត្រូវឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ។

  • ពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ៖

សម្រាប់ពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ ក៏បានបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ ដូចគ្នានៅព្រឹកថ្ងៃទី២៣ ខែសីហា នេះ ហើយជាលទ្ធផល U-18 ភ្នំពេញក្រោន ក៏ដូចជា U-18 វិសាខា បានបន្តយកឈ្នះគូប្រកួតរៀងៗខ្លួន ដើម្បីកក់កៅអីវគ្គផ្ដាច់ព្រ័ត្រ។

ជាលទ្ធផល U-18 វិសាខា បានយកឈ្នះ U-18 សាលាតម្រង់ទិសខេត្តស្ទឹងត្រែង ដោយលទ្ធផល ១ទល់០ (សរុបទាំងពីរជើង ៥ទល់១) ខណៈ U-18 ភ្នំពេញក្រោន បានយកឈ្នះ U-18 សាលាតម្រង់ទិសខេត្តក្រចេះ ដោយលទ្ធផល ១ទល់៥ (សរុបទាំងពីរជើង ១០ទល់១) ដូច្នេះក្រុមទាំងពីរនឹងត្រូវឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ ដូចគ្នាផងដែរ។

វគ្គផ្ដាច់ព្រ័ត្រ និងធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅលើទីលានសាលាតម្រង់ទិសខេត្តកំពង់ឆ្នាំង៕

 

រូបភាព៖ Visakha Academy | Phnom Penh Crown Academy

មតិយោបល់