ណាហ្គា ត្រូវការត្រឹមស្មើ វិសាខា ល្ងាចនេះ ខណៈអង្គរថាយហ្គឺរ ដាច់ខាតត្រូវឈ្នះ នគរបាលជាតិ

មាស សុផាណារ៉ុង August 22, 2020


 

ភ្នំពេញ៖ ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា បានឈានចូលសប្តាហ៍ទី១៣ (សប្ដាហ៍ចុងក្រោយ) ដោយនៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០ មានការប្រកួតចំនួន ៣គូ ពោលគឺ យុវជនបាទី អាយុក្រោម ១៨ឆ្នាំ ប្រកួតជាមួយ គីរីវង់សុខសែនជ័យ, នគរបាលជាតិ ទទួល អង្គរថាយហ្គឺរ និងគូពិសេសចុងក្រោយ ណាហ្គាវើលដ៍ ប៉ះ វិសាខា។

អ្វីដែលជាការចាប់អារម្មណ៍នោះសម្រាប់ការប្រកួតចំនួន ២គូ ត្រូវបានគេចាត់ទុកថាជាការប្រកួតពិសេស ដ្បិតក្នុងនោះគឺមាន ២ក្រុមកំពុងប្រជែងកៅអីក្រុមខ្លាំងទាំង៦ (Top 6) ដើម្បីបន្តការប្រកួតនៅជុំទី២ ប្រជែងជើងឯក ដែលនៅសល់ ២កៅអី ពោលគឺរវាង ណាហ្គាវើលដ៍, និងអង្គរថាយហ្គឺរ ដែលជាថ្ងៃកាត់សេចក្ដីប្រសិនបើមានលទ្ធផលឈ្នះ ចាញ់ ខណៈជាមួយគ្នាផងដែរ កងយោធពលខេមរភូមិន្ទ (ទ័ព) ត្រូវប្រកួតនៅថ្ងៃស្អែក។

សូមបង្ហាញកម្មវិធីដូចខាងក្រោម៖

សម្រាប់ការប្រកួតថ្ងៃនេះ គូដែលគេយកចិត្តទុកដាក់តាមដានរវាង ណាហ្គាវើលដ៍ ជាមួយ វិសាខា ដ្បិតជាក្រុមខ្លាំងដូចគ្នា និងជាពិសេសត្រូវប្រជែងកៅអី Top 6 សម្រាប់ណាហ្គាវើលដ៍ នោះគឺនឹងក្លាយជាជំនួបដ៏តានតឹង។ ចំពោះណាហ្គាវើលដ៍ នៅល្ងាចនេះគឺត្រូវការឈ្នះ ឬយ៉ាងហោចណាស់ត្រឹមតែស្មើប៉ុណ្ណោះ ក៏គេអាចមានឱកាសទទួលបានកៅអី Top 6 បានផងដែរ ដោយមិនចាំបាច់ខ្វល់លទ្ធផលរវាង អង្គរថាយហ្គឺរ ជាមួយ នគរបាលជាតិ ក៏ដូចជា អគ្គិសនីកម្ពុជា ជាមួយ ទ័ព នៅថ្ងៃស្អែក។

ប្រសិនបើ ណាហ្គាវើលដ៍ ស្មើ វិសាខា នោះគេនឹងទទួលបាន ២២ពិន្ទុ ហើយបើទោះបីជា អង្គរថាយហ្គឺរ ឈ្នះ នគរបាលជាតិ ក៏ដោយ ក៏ណាហ្គា នៅតែមានពិន្ទុនាំមុខ ១ពិន្ទុពីលើ អង្គរថាយហ្គឺរ ផងដែរ ឬក៏អាចឈរនៅលេខ៦ ប្រសិនបើ ទ័ព ឈ្នះ អង្គរថាយហ្គឺរ នៅថ្ងៃស្អែក។

ចំពោះ អង្គរថាយហ្គឺរ វិញ ផ្លូវតែមួយគត់ដែលគេគិតរំពឹងគឺត្រូវការយកឈ្នះជាដាច់ខាតលើ ក្លិបនគរបាលជាតិ ជាមួយនឹងគ្រាប់បាល់យ៉ាងហោចណាស់ចាប់ពី ៤គ្រាប់ឡើងលើ ហើយក៏ត្រូវបន់ស្រន់ឲ្យ ណាហ្គាវើលដ៍ ចាញ់ វិសាខា ឬ អគ្គិសនីកម្ពុជា ឈ្នះ ទ័ព ផងដែរ។

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់