ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (ថ្នាក់ជាតិ) នឹងរកឃើញ ៣ក្រុមដំបូងឡើងវគ្គ ១/៤ ល្ងាចនេះ

មាស សុផាណារ៉ុង August 19, 2020


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ (ថ្នាក់ជាតិ) វគ្គ ១៦ក្រុមចុងក្រោយនឹងបន្តការប្រកួត ជើងទី២ ចំនួន ២គូ និងជើងទី១ ១គូ សម្រាប់ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ នេះ។

កម្មវិធីប្រកួត និងកម្មវិធីផ្សាយមានដូចខាងក្រោម៖

សម្រាប់ការប្រកួតរសៀលនេះ សុទ្ធតែតាន់តឹង ដោយមានក្រុមខ្លះត្រូវការត្រឹមតែស្មើ ក៏អាចឡើងទៅវគ្គ ៨ក្រុមចុងក្រោយបាន និងក្រុមខ្លះទៀតត្រូវការឈ្នះដាច់ខាត ជាមួយគ្រាប់បាល់លើសពី ២គ្រាប់ដើម្បីបានឱកាសដូចគ្នានេះ ជាក់ស្ដែង សម្រាប់ជំនួបរវាង អគ្គិសនីកម្ពុជា ជាមួយ ណាហ្គាវើលដ៍ ម្ចាស់ផ្ទះអគ្គិសនី ត្រូវការឈ្នះដាច់ខាតដល់ទៅ ២គ្រាប់ ដ្បិតការប្រកួតកាលពីជើងទី១ បានចាញ់ ណាហ្គាវើលដ៍ ៣ទល់២ ស្របពេលដែល ណាហ្គាវើលដ៍ ប្រកួតនេះត្រូវការត្រឹមតែស្មើក៏អាចឡើងទៅវគ្គបានផងដែរ។

ចំពោះការប្រកួតរវាង នគរបាលជាតិ ជាមួយ គីរីវង់សុខសែនជ័យ ទាំងពីរក្រុមនេះត្រូវការរកក្រុមឈ្នះជាដាច់ខាត បន្ទាប់ពីការប្រកួតនៅជើងទី១ បានត្រឹមស្មើគ្នា ០ទល់០ ខណៈព្រៃវែង ជាមួយ អង្គរថាយហ្គឺរ វិញ ក្រុមដែលត្រូវបានគេស្គាល់ថាជាយុវជនរបស់ក្លិបវិសាខា មួយនេះ ត្រូវការត្រឹមតែស្មើប៉ុណ្ណោះ ព្រោះកាលពីជំនួបជើងទី១ គេបានយកឈ្នះអង្គរថាយហ្គឺរ ដល់ផ្ទះ ២ទល់៣ ស្របពេលដែល អង្គរថាយហ្គឺរ ត្រូវការឈ្នះលើសពី ២គ្រាប់ដាច់ខាត។

ដោយឡែកការប្រកួតរវាង វិសាខា ជាមួយ ខេត្តត្បូងឃ្មុំ គឺទើបតែជាការប្រកួតជើងទី១ (ជំនួស) បន្ទាប់ពីបានលើកពេលប្រកួតកាលពីសប្ដាហ៍មុនដែលគ្រោងធ្វើនៅទឹកដីខេត្តត្បូងឃ្មុំ ប៉ុន្តែដោយសារទីលានវិទ្យាល័យមេមត់ មានស្ថានភាពគុណភាពមិនល្អដូចជា ផ្ទៃមិនរាបស្មើ ខ្វះស្មៅ និងខូង មិនគ្រប់លក្ខខណ្ឌបច្ចេកទេស ដែលក្រុមការងារជំនាញបច្ចេកទេសបានចុះពិនិត្យផ្ទាល់ឃើញថា អាចបង្ករគ្រោះថ្នាក់ដល់កីឡាកររបស់ក្រុមទាំងសងខាង គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ក៏សម្រេចលើកការប្រកួតទៅថ្ងៃទី២៦ ខែសីហា វិញ។

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៤ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង ខណៈឆ្នាំចុងក្រោយក្រុមដែលទទួលតំណែងជើងឯក វគ្គថ្នាក់ជាតិ គឺបានទៅក្លិបបឹងកេត ក្រោយយកឈ្នះ ព្រះខ័នរាជស្វាយរៀង នៅវគ្គ ១១ម៉ែត្រកាត់សេចក្ដី៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

មតិយោបល់