ក្រឡេកមកមើលលទ្ធផលរបស់ជម្រើសជាតិកម្ពុជា ទាំង ២៦៧ប្រកួត ក្នុងកម្រិតពិភពលោកចាប់ពីឆ្នាំ១៩៥៦

មាស សុផាណារ៉ុង August 18, 2020


 

ភ្នំពេញ៖ គិតត្រឹមប្រកួតចុងក្រោយ ជាមួយក្រុមជម្រើសកោះហុងកុង កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រកួតបាន ២៦៧ប្រកួតហើយ ក្នុងកម្រិតពិភពលោក នេះបើយោងតាមទិន្នន័យវិបសាយ World Football Elo Ratings ដែលទទួលស្គាល់ដោយ FIFA។

ទិន្នន័យដដែលបានបង្ហាញថា ការរាប់ចំនួនប្រកួតរបស់ក្រុមគោព្រៃកម្ពុជា គឺគិតចាប់តាំងពីឆ្នាំ១៩៥៦ មកពោលគឺជាពេលកម្ពុជា ចាប់ផ្ដើមការប្រកួតនៅកម្រិតអន្តរជាតិ ដំបូងគេ និងបន្ទាប់ពីក្លាយជាសមាជិកសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) នៅឆ្នាំ១៩៥៤។

ចំពោះទិន្នន័យរួមបានបង្ហាញថា កម្ពុជា បានចាប់ផ្ដើមប្រកួតដំបូងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៥៦ ទល់នឹងជម្រើសជាតិម៉ាឡេស៊ី ពេលនោះ កម្ពុជា ចាញ់ ម៉ាឡេស៊ី ៩ទល់២ និងរាប់ចាប់ពីពេលនោះមកដល់បច្ចុប្បន្ននេះ ដោយគិតត្រឹមប្រកួតចុងក្រោយទល់នឹង កោះហុងកុង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមរហស្សនាមគោព្រៃ មួយនេះប្រកួតបាន ២៦៧ប្រកួត ក្នុងនោះ ៦១ប្រកួត (ក្នុងដី) ៧៥ប្រកួត (ក្រៅដី) និង ១៣១ប្រកួត (ទឹកដីកណ្ដាល)។

ចំពោះលទ្ធផលវិញ ជម្រើសជាតិកម្ពុជា ប្រកួតឈ្នះ ៥៨លើក ស្មើ ៣៧លើក និងចាញ់ ១៧២លើក ក្នុងនោះទាត់បញ្ចូលទីគេបាន ៣០០គ្រាប់ និងត្រូវគេទាត់ចូលវិញ ៧០៣គ្រាប់ គ្រប់កម្មវិធីទាំងអស់ ទាំងប្រកួតផ្លូវការ ប្រកួតមិត្តភាពអន្តរជាតិ និងប្រកួតក្រៅផ្លូវការ ដែលទទួលស្គាល់ និងមិនទទួលស្គាល់ដោយ FIFA។

អ្វីដែលជាការចាប់អារម្មណ៍ ដោយសារសង្រ្គាមសីវិលនៅចន្លោះពីឆ្នាំ១៩៧៤ ដល់១៩៩៤ កម្ពុជា បានអាកខានចូលរួមការប្រកួតនៅកម្រិតអន្តរជាតិជាច្រើនប្រកួត បានសេចក្ដីថា អាកខានប្រកួតដល់ទៅជាង ២០ឆ្នាំ រហូតដល់ចុងឆ្នាំ១៩៩៥ ទើបកម្ពុជា ត្រលប់មកបង្ហាញខ្លួនលើឆាកអន្តរជាតិសារជាថ្មី។

លទ្ធផលរបស់ក្រុមជម្រើសជាតិកម្ពុជា ទាំងអស់ចាប់តាំងពីឆ្នាំ១៩៥៦ អាចរកមើលបានតាមរយៈតំណរភ្ជាប់នេះ 👉 eloratings.net

 

ចងក្រងពីប្រភពវិបសាយ៖ eloratings.net

មតិយោបល់