FIFA បញ្ជាឲ្យសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ បង់ប្រាក់ដល់គ្រូដែលធ្លាប់ដឹកនាំក្រុមខ្លារខិនពែក្ស ឈ្នះកម្ពុជា ១៤-០

មាស សុផាណារ៉ុង August 18, 2020


 

អ៊ីរ៉ង់៖ គណៈកម្មាធិការគ្រប់គ្រងកីឡាកររបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានផ្ញើលិខិតមួយទៅសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ (FFIRI) ដោយបញ្ជាឱ្យសហព័ន្ធបង់ប្រាក់សំណងដល់អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ង់ គឺលោក Marc Wilmots។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន tehrantimes។ លោក Wilmots បានដាក់ពាក្យប្ដឹងសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ ទៅ FIFA ពីការមិនបង់ប្រាក់អំឡុងពេលដែលលោកធ្វើជាគ្រូបង្វឹក។

គ្រូបង្វឹកសញ្ជាតិបែលហ្ស៊ិករូបនេះ ត្រូវបានតែងតាំងកាលពីខែឧសភា ឆ្នាំ២០១៩ ដោយមានកិច្ចសន្យារយៈពេល ៣ឆ្នាំ ដើម្បីដឹកនាំជម្រើសជាតិអ៊ីរ៉ង់ ក្នុងការស្វែងរកការបង្ហាញខ្លួននៅពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup) ជាលើកទី៦ ប៉ុន្តែបានចាកចេញពីតួនាទីជាគ្រូបង្វឹកអ៊ីរ៉ង់ បន្ទាប់ពីដឹកនាំបាន ៦ប្រកួត។

កាលពីថ្ងៃច័ន្ទ FIFA បានទទួលយកការអះអាងរបស់ លោក Marc Wilmots បន្ទាប់ពីបានពិនិត្យពាក្យបណ្តឹងជាច្រើនខែដោយគ្រូបង្វឹកបែលហ្ស៊ិក និងក្រុមការងារបច្ចេកទេសរបស់លោក។

យោងតាមសាលក្រមរបស់ FIFA សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ នឹងត្រូវបង់ប្រាក់សំណងលើសពី ៦លានអឺរ៉ូ (៦.១៣៧.៥០០ អឺរ៉ូ) ដល់គ្រូបង្វឹកវ័យ ៥១ឆ្នាំ ជាសំណងសម្រាប់ការរំលោភកិច្ចសន្យាបូកនឹងការប្រាក់ ៥ភាគរយ ចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ រហូតដល់កាលបរិច្ឆេទ នៃការទូទាត់ប្រកបដោយប្រសិទ្ធភាព។

ប្រភពដែលស្និទ្ធនឹងសហព័ន្ធបាននិយាយយ៉ាងចំៗ ទៅកាន់សារព័ត៌មាន Tehran Times ថា វាមិនមែនជាសាលក្រមចុងក្រោយលើបញ្ហានេះទេ៖ “សេចក្តីសម្រេចនេះមិនមែនជាសាលក្រមចុងក្រោយទេ ហើយ FFIRI មានពេលវេលាដើម្បីប្តឹងឧទ្ធរណ៍ទៅតុលាការអាជ្ញាកណ្តាលកីឡា (CAS)។ ដំណាក់កាលដំបូង និងទៅតុលាការកំពូលស្វីសក្នុងដំណាក់កាលបន្ទាប់បើចាំបាច់។”

សូមបញ្ជាក់ថា សម្រាប់ក្រុមជម្រើសជាតិអ៊ីរ៉ង់ក្រោមការដឹកនាំរបស់ លោក Wilmots បានជួយក្រុមយកឈ្នះតែហុងកុង និងកម្ពុជា ប៉ុណ្ណោះក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក (2022 World Cup qualifiers) ប៉ុន្តែចាញ់ក្រុមបារ៉ែន និងអ៊ីរ៉ាក់ ក្នុងពូល C ដែលធ្វើឱ្យអ៊ីរ៉ង់ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល។

បច្ចុប្បន្នក្រុមជម្រើសជាតិអ៊ីរ៉ង់ កំពុងស្ថិតក្រោមការដឹកនាំដោយលោក Dragan Skocic ជំនួសលោក Wilmots តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ហើយក្រុមរហស្សនាម ខ្លារខិនពែក្ស មួយនេះក៏នឹងត្រូវឡើងមកប្រកួតនៅទឹកដីកម្ពុជា វិញផងដែរ នៅពេលដែល FIFA ជាមួយ AFC កំណត់កាលបរិច្ឆេទថ្មីនៃការប្រកួតជម្រុះបាល់ទាត់ពិភពលោក បន្ទាប់ពីត្រូវបានពន្យាពេល ២លើករួចមកហើយដោយសារជំងឺកូវីដ-១៩៕

 

ប្រភពដកស្រង់៖ ​tehrantimes

មតិយោបល់