ករណីមួយចំនួនដែលនាំឲ្យប៉ះពាល់លទ្ធផលប្រជែងកៅអី Top6 រវាង ណាហ្គាវើលដ៍ ទ័ព និងអង្គរថាយហ្គឺរ ល្ងាចនេះ

មាស សុផាណារ៉ុង August 15, 2020


 

ភ្នំពេញ៖ ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា បានឈានចូលសប្តាហ៍ទី១២ ដោយនៅថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០ មានការប្រកួតចំនួន ៣គូ ពោលគឺ អង្គរថាយហ្គឺរ ប្រកួតជាមួយ ណាហ្គាវើលដ៍, អគ្គិសនីកម្ពុជា ទទួល គីរីវង់សុខសែនជ័យ និងភ្នំពេញក្រោន ប៉ះ កងយោធពលខេមរភូមិន្ទ (ទ័ព)។

អ្វីដែលជាការចាប់អារម្មណ៍នោះសម្រាប់ការប្រកួតចំនួន ២គូ ត្រូវបានគេចាត់ទុកថាជាការប្រកួតពិសេស ដ្បិតក្នុងនោះគឺមានដល់ទៅ ៣ក្រុមកំពុងប្រជែងកៅអីក្រុមខ្លាំងទាំង៦ (Top 6) ដើម្បីបន្តការប្រកួតនៅជុំទី២ ប្រជែងជើងឯក ដែលនៅសល់ ២កៅអី ពោលគឺរវាង ណាហ្គាវើលដ៍, កងយោធពលខេមរភូមិន្ទ (ទ័ព) និងអង្គរថាយហ្គឺរ ដោយអាចជាថ្ងៃកាត់សេចក្ដី ប្រសិនបើមានលទ្ធផលឈ្នះ ចាញ់ ខណៈគេបានរកឃើញ ៤ក្រុម ធានាកៅអីក្រុមខ្លាំងទាំង៦ (Top 6) រួចរាល់ផងដែររវាង ព្រះខ័នរាជស្វាយរៀង, បឹងកេត, វិសាខា និងភ្នំពេញក្រោន។

សូមបង្ហាញកម្មវិធីដូចខាងក្រោម៖

អង្គរថាយហ្គឺរ៖

ការប្រកួតដណ្ដើមកៅអី Top 6 នេះ ក្លិបអង្គរថាយហ្គឺរ ហាក់មានសម្ពាធជាងគេ ដោយត្រូវការឈ្នះដាច់ខាតនៅក្នុងជំនួបជាមួយ ណាហ្គាវើលដ៍ ខណៈករណីរបស់អង្គរថាយហ្គឺរ មានដូចជា៖

  • ករណី ប្រសិនបើអង្គរថាយហ្គឺរ ចាញ់ ណាហ្គា ហើយ ទ័ព ឈ្នះ ភ្នំពេញក្រោន នោះអង្គរថាយហ្គឺរ នឹងអស់ឱកាសត្រឹមនេះ
  • ករណី ប្រសិនបើអង្គរថាយហ្គឺរ ស្មើ ណាហ្គា ទ័ព ស្មើជាមួយ ភ្នំពេញក្រោន នោះ អង្គរថាយហ្គឺរ នៅមានឱកាសប្រជែងជាមួយ ទ័ព នៅប្រកួតបិទលីគ ប៉ុន្តែជាឱកាសស្ដួចស្ដើង
  • ករណី ប្រសិនបើអង្គរថាយហ្គឺរ ឈ្នះ ណាហ្គា ទ័ព ចាញ់ ភ្នំពេញក្រោន នោះ អង្គរថាយហ្គឺរ កាន់តែមានក្ដីរំពឹងយ៉ាងហោចណាស់ បានលេខ៦
  • ករណី ប្រសិនបើអង្គរថាយហ្គឺរ ឈ្នះ ណាហ្គា ទ័ព ឈ្នះ ភ្នំពេញក្រោន នោះទាំងថាយហ្គឺរ និងទ័ព អាចមានភាគរយឈរនៅ Top6 វិញ ដ្បិតប្រកួតចុងក្រោយប៉ះក្រុមដែលគេរំពឹងមានប្រៀបជាង ខណៈណាហ្គាវើលដ៍ ត្រូវប៉ះ វិសាខា

កងយោធពលខេមរភូមិន្ទ៖

សម្រាប់ ក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) ជាក្រុមមានភាគរយ ៦០ទៅ៧០ភាគរយ រំពឹងបានកៅអី Top 6 ដោយត្រូវការត្រឹមតែស្មើ ជាមួយភ្នំពេញក្រោន ល្ងាចនេះ ខណៈករណីរបស់ទ័ព មានដូចជា៖

  • ករណី ប្រសិនបើទ័ព ឈ្នះ ភ្នំពេញក្រោន ហើយ អង្គរថាយហ្គឺរ ចាញ់ ណាហ្គាវើលដ៍ នោះទ័ព នឹងធានាកៅអី Top 6 ១០០ភាគរយ
  • ករណី ប្រសិនបើទ័ព ស្មើ ភ្នំពេញក្រោន ហើយ អង្គរថាយហ្គឺរ ចាញ់ ណាហ្គាវើលដ៍ នោះទ័ព ក៏នឹងមានក្ដីរំពឹង ៥០/៥០ បានកៅអី Top 6 ដ្បិតប្រកួតចុងក្រោយប៉ះក្រុម អគ្គិសនីកម្ពុជា ដែលគេរំពឹងយកឈ្នះ ប៉ុន្តែត្រូវការលើសពី ៧ទៅ៨គ្រាប់ ហើយអង្គរថាយហ្គឺរ ដែលត្រូវប៉ះ នគរបាលជាតិ
  • ករណី ប្រសិនបើទ័ព ចាញ់ ភ្នំពេញក្រោន ហើយ អង្គរថាយហ្គឺរ ចាញ់ ណាហ្គាវើលដ៍ នោះក្រុមទាំងពីរនឹងត្រូវប្រកួតកាត់សេចក្ដីនៅប្រកួតចុងក្រោយ
  • ករណី ប្រសិនបើទ័ព ចាញ់ ភ្នំពេញក្រោន ហើយ អង្គរថាយហ្គឺរ ឈ្នះ ណាហ្គាវើលដ៍ នោះទ័ព អាចនឹងបាត់បង់ឱកាសវិញ

ណាហ្គាវើលដ៍៖

ចំពោះ ក្លិបណាហ្គាវើលដ៍ វិញហាក់មានប្រៀបជាងគេ ប៉ុន្តែក៏មានហានិភ័យខ្ពស់ជាងគេផងដែរ ប្រសិនបើភ្លាត់ប្រកួតបែបណាមួយ ខណៈករណីរបស់ណាហ្គាវើលដ៍ មានដូចជា៖

  • ករណី ប្រសិនបើណាហ្គាវើលដ៍ ឈ្នះ ឬក៏ស្មើ អង្គរថាយហ្គឺរ នោះណាហ្គាវើលដ៍ នឹងធានាកៅអី Top 6 ១០០ភាគរយ ដោយមិនបាច់ខ្វល់ប្រកួតចុងក្រោយ
  • ករណី ប្រសិនបើណាហ្គាវើលដ៍ ចាញ់ អង្គរថាយហ្គឺរ ហើយទ័ព ចាញ់ ភ្នំពេញក្រោន នោះណាហ្គា ក៏នៅតែមានក្ដីរំពឹងផងដែរ បើប្រកួតចុងក្រោយយកទៅប្រៀបធៀបជាមួយអង្គរថាយហ្គឺរ ហើយអង្គរថាយហ្គឺរ មានភាគរយឈ្នះ នគរបាលជាតិ និងណាហ្គា ចាញ់ វិសាខា ក៏ដោយ គ្រាប់បាល់ចំណេញ ណាហ្គា មានច្រើនជាង អង្គរថាយហ្គឺរ
  • ករណី ប្រសិនបើណាហ្គាវើលដ៍ ចាញ់ អង្គរថាយហ្គឺរ ហើយទ័ព ឈ្នះ ភ្នំពេញក្រោន នោះណាហ្គា អាចមានក្ដីព្រួយបារម្ភដោយសារប្រកួតចុងក្រោយត្រូវប៉ះក្រុមខ្លាំង វិសាខា
  • ណាហ្គាវើលដ៍ មិនត្រូវរងបរាជ័យទាំង ២ប្រកួតចុងក្រោយនេះឡើយ ប្រសិនបើរងបរាជ័យទាំង ២ប្រកួតនោះឱកាសគឺបានទៅ ទ័ព និងអង្គរថាយហ្គឺរ

តារាងចំណាត់ថ្នាក់មុនជំនួបល្ងាចនេះមកដល់៖

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់