ថ្នាក់ដឹកនាំ និងគ្រូ ក្រុមបាល់ទាត់ខេត្តកោះកុង ចង់ឃើញខេត្តដទៃយកគំរូតាមក្នុងការបណ្ដុះធនធានកីឡាករប្រចាំខេត្ត

មាស សុផាណារ៉ុង August 14, 2020


 

កោះកុង៖ ក្រុមបាល់ទាត់ខេត្តកោះកុង (Koh Kong FC) គឺជាបេក្ខភាពមួយដែលត្រូវបានដឹងថានឹងចូលរួមប្រកួតក្របខណ្ឌលីគលំដាប់ទី២ កម្ពុជា ដោយមានអតីតគ្រូបង្វឹកក្លិបបឹងកេត លោក Apisit Im Amphai ដឹកនាំក្នុងនាមជាគ្រូបង្គោល។

កាលពីពេលកន្លងទៅថ្មីៗនេះ លោក Apisit Im Amphai បានបង្ហើបនូវហេតុផល និងគោលដៅដ៏ច្បាស់លាស់ ដែលលោកសម្រេចចូលមកដឹកនាំក្រុមពាក់កណ្ដាលអាជីពមួយនេះ គឺដោយសារមានការពិភាក្សាជាមួយប្រធានក្លិប និងចង់ឲ្យខេត្តកោះកុង មានក្រុមបាល់ទាត់អាជីពប្រកួតតំណាងខេត្តផ្ទាល់ ក៏ដូចជាដើម្បីត្រៀមចូលរួមប្រកួតក្នុងលីគលំដាប់ទី២ កម្ពុជា និងជាពិសេសរួមចំណែកបង្កើតកីឡាករខេត្តកោះកុង ល្អៗចូលក្រុមជម្រើសជាតិ ខណៈបន្ទាប់ពីដឹកនាំបានមួយរយៈ លោកបានមើលឃើញយុវជនខេត្តកោះកុង គឺត្រូវការពេលវេលា និងការអត់ធ្មត់។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន camsports.org លោក Apisit Im Amphai បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងចង់ធ្វើថ្មីទាំងអស់ ក្រុមកោះកុងចង់លេងលីគទី២ ចាប់ផ្ដើមមើលកីឡាករគឺលេងបាន កីឡាករក្មេងៗ អត់មានបទពិសោធច្រើន អ៊ីចឹងភាគច្រើនគាត់ជាយុវជនដែលយើងសាងពីបាតដៃទទេ អត់ទាន់មានអីសោះ។ យើងផ្ដោតទៅលើយុវជន ជាពិសេសយុវជនខេត្តកោះកុងផ្ទាល់តែម្ដង ដើម្បីឲ្យយុវជនខេត្តគឺបានលេងបាល់ឲ្យបានច្រើន ក្នុងគោលការណ៍របស់យើង យើងក៏អត់មានគោលការណ៍ទៅទាញយកកីឡាករល្បីៗ ឬក៏តម្លៃខ្លួនថ្លៃៗអីដែរ គឺយើងព្យាយាមបង្កើតយុវជនឲ្យបានច្រើន ជាពិសេសគឺយុវជនខេត្តកោះកុងតែម្ដង តាមស្រុកផ្សេងៗជាដើម។ »

«… អ្វីដែលសំខាន់ៗគឺក្មេងៗបានលេង បានបទពិសោធទៅវិញ ហើយកែតម្រូវកន្លែងណា មួយទៀតគឺក្រុមកោះកុង ដែលបង្កើតឡើងមកគឺផ្ដោតលើយុវជនខេត្តកោះកុងឲ្យមានឱកាសលេងកាន់តែច្រើន បើយើងចង់យកលុយទៅទិញកីឡាករល្អមកក៏បានដែរ ប៉ុន្តែយើងអត់ចង់ យើងចង់សាងយុវជនខេត្តតែម្ដង ឲ្យគាត់លេងកីឡាករ វិស័យបាល់ទាត់ខេត្តឲ្យល្អ ជាពិសេសគឺជួយរាជរដ្ឋាភិបាលធ្វើយ៉ាងណាឲ្យវិស័យកីឡាកាន់តែខ្លាំង។ អ៊ីចឹងថ្ងៃនេះ គាត់លេងមិនសូវល្អទេ តែអនាគតគាត់អាចល្អជាងនេះ វាគឺជាជំហានដំបូងបំផុតរបស់យើង អ៊ីចឹងយើងត្រូវតែដើរទៅមុខទៀត។ យើងធ្វើនេះ ដើម្បីឲ្យបណ្ដាខេត្តផ្សេងៗគាត់ធ្វើតាមយើងដែរ ដើម្បីបណ្ដុះធនធានក្នុងខេត្តបានកាន់តែច្រើន ប្រកួតប្រណាំងគ្នា។» លោក Apisit Im Amphai បានបន្ថែម។

គ្រូបង្វឹកជនជាតិថៃរូបនេះ សង្គត់ធ្ងន់ថា៖ «បើយើងមិនសាកនឹងការចាញ់ ក៏យើងមិនដឹងថាទៅមុខទៀតនឹងទៅជាយ៉ាងមិចដែរ យើងត្រូវតែហ៊ានពុះពារ អ៊ីចឹងលទ្ធផលថ្ងៃក្រោយគឺនឹងល្អ។ … សុំឲ្យអ្នកគាំទ្រខេត្តកោះកុង ជួយគាំទ្រលើកទឹកចិត្តបន្តទៀត កុំគិតលទ្ធផលថ្ងៃនេះ ត្រូវគិតអនាគតខាងមុខ។» 

សូមបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួល កោះកុង នឹងដចូលរួមការប្រកួតក្របខណ្ឌលីគលំដាប់ទី២ កម្ពុជា (Cambodian Second League) ដែលគ្រោងនឹងធ្វើពីថ្ងៃទី០៣ ខែតុលា រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០៕

 

អត្ថបទ៖ រក្សាសិទ្ធិដោយ camsports.org

មតិយោបល់