ស្ថានភាពលីគនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន អំឡុងវិបត្តិកូវីដ-១៩ ដែលបាននឹងកំពុងរាតត្បាត

មាស សុផាណារ៉ុង August 14, 2020


 

អាស៊ីអាគ្នេយ៍៖ គិតមកទល់ពេលនេះ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ មានតែកម្ពុជា និងឡាវ ប៉ុណ្ណោះ ដែលបាននឹងកំពុងដំណើរការការប្រកួតពានរង្វាន់បាល់ទាត់ប្រចាំប្រទេសរបស់ខ្លួន ចាប់តាំងពីជំងឺកូវីដ-១៩ កំពុងរាតត្បាតជុំវិញសាកល។

ក្នុងចំណោមប្រទេសទាំង ១១ក្នុងតំបន់មានលីគបាល់ទាត់នៃប្រទេសខ្លះបានដំណើរការប្រកួតបានច្រើនសប្ដាហ៍មកហើយ (ដូចជា កម្ពុជា, ថៃ, វៀតណាម, មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, សឹង្ហបុរី) និងមានខ្លះទៀតពុំទាន់ដំណើរការលីគនៅឡើយ (ដូចជា ឡាវ, ហ្វីលីពីន, ព្រុយណេ និងទីម័រខាងកើត) ប៉ុន្តែភាគច្រើនគឺបានផ្អាកទាំងអស់ក្នុងអំឡុងចុងខែមីនា និងដើមខែមេសា ដោយសារហេតុដូចគ្នា ការពារការរីករាលដាលនៃជំងឺកូវីដ-១៩។

រំលងប្រហែលជិត ៣ខែ បន្ទាប់ពីប្រទេសមួយចំនួនអាចគ្របគ្រងបាននូវការរាតត្បាតមិនឲ្យឆ្លងក្នុងទ្រង់ទ្រាយធំ ការប្រកួតលីគបាល់ទាត់ក៏បានចាប់ផ្ដើមដំណើរការឡើងវិញផងដែរ ជាក់ស្ដែងដើមឡើយ លីគកំពូលវៀតណាម បានចាប់ផ្ដើមមុនគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែក្រោយប្រកួតបានប្រហែល ៥សប្ដាហ៍ លីគបាល់ទាត់វៀតណាមទាំងលីគកំពូល V.League, លីគទី២ National First Division និងពានរង្វាន់លំដាប់ទី២ ប្រចាំប្រទេស National Cup ផងដែរនោះត្រូវបានព្យួរសារជាថ្មី ដោយសារការកើតឡើងនៃរលកទី២ ក្នុងប្រទេសនេះ។

ដោយគិតមកទល់ពេលនេះ គឺមានតែ លីគកំពូលកម្ពុជា និងលីគកំពូលឡាវ ប៉ុណ្ណោះដែលបាននឹងកំពុងដំណើរការការប្រកួតជាធម្មតា ប៉ុន្តែខុសគ្នាត្រង់លីគកំពូលកម្ពុជា ពុំអនុញ្ញាតឲ្យមានទស្សនិកជនចូលទស្សនាឡើយ ខណៈលីគកំពូលឡាវ មានការអនុញ្ញាតឲ្យចូលទស្សនា។

រូបភាព (Lao Premier League)

ជុំវិញលីគបាល់ទាត់នៃប្រទេសមួយចំនួនទៀតក៏គ្រោងដំណើរការឡើងវិញផងដែរ ដូចជា៖

  • ម៉ាឡេស៊ី៖ គ្រោងដំណើរការឡើងវិញ នៅថ្ងៃទី២៦ ខែសីហា នេះ (ប្រកួតបាន ៤សប្ដាហ៍)
  • មីយ៉ាន់ម៉ា៖ គ្រោងដំណើរការឡើងវិញ នៅថ្ងៃទី២២ ខែសីហា នេះ (ប្រកួតបាន ១០សប្ដាហ៍)
  • ថៃ៖ គ្រោងដំណើរការឡើងវិញ ក្នុងអំឡុងខែកញ្ញា (ប្រកួតបាន ៤សប្ដាហ៍)
  • វៀតណាម៖ គ្រោងដំណើរការឡើងវិញ ក្នុងអំឡុងខែកញ្ញា (ប្រកួតបាន ១១សប្ដាហ៍)
  • ហ្វីលីពីន៖ គ្រោងដំណើរការឡើងវិញ ក្នុងអំឡុងខែកញ្ញា (ពុំទាន់ចាប់ផ្ដើមនៅឡើយ)
  • ឥណ្ឌូនេស៊ី៖ គ្រោងដំណើរការឡើងវិញ ក្នុងអំឡុងខែតុលា (ប្រកួតបាន ៣សប្ដាហ៍)
  • សិង្ហបុរី៖ ពុំទាន់មានការបញ្ជាក់ច្បាស់ (ប្រកួតបាន ៤សប្ដាហ៍)
  • ព្រុយណេ៖ ពុំទាន់មានការបញ្ជាក់ច្បាស់ (ពុំទាន់ចាប់ផ្ដើមនៅឡើយ)
  • ទីម័រខាងកើត៖ ពុំទាន់មានការបញ្ជាក់ច្បាស់ (ពុំទាន់ចាប់ផ្ដើមនៅឡើយ)

និយាយចំពោះក្របខណ្ឌជម្រើសជាតិវិញ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានប្រកាសថានឹងពន្យាពេលគ្រប់កម្មវិធីទាំងអស់ ទាំងបាល់ទាត់ជម្រើសជាតិឈុតធំ, ឈុតយុវជន, នារី, ហ្វូតសាល និងបាល់ទាត់ឆ្នេរខ្សាច់ ដោយសារការនៅតែបន្តរីករាលដាលនៃជំងឺកូវីដ-១៩៕

 

អត្ថបទរក្សាសិទ្ធិ

មតិយោបល់