ពាន AFC U-19 នឹងធ្វើតាមកាលវិភាគ ប៉ុន្តែគណៈកម្មាធិការរៀបចំការប្រកួត អាចនឹងធ្វើការពិភាក្សា

មាស សុផាណារ៉ុង August 13, 2020


 

អាស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) កាលពីម្សិលមិញ ទើបតែបានសម្រេចពន្យារពេល ការប្រកួតជុំទី២ វគ្គជម្រុះបាល់ទាត់ពិភពលោក ( 2022 FIFA World Cup Qualification) ប្រចាំទ្វីបអាស៊ី ទៅប្រកួតនៅឆ្នាំ២០២១ ដោយសាររីករាលដាលនៃការផ្ទុះជំងឺកូវីដ-១៩ ខណៈការពន្យាពេលនេះផងដែរ ឈានទៅឲ្យមានការលើកឡើងថាពានរង្វាន់មួយចំនួនទៀត ជាពិសេសពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (2020 AFC U-19 Championship) ក៏អាចពន្យាពេលដូចគ្នា។

ជុំវិញករណីនេះ ប្រទេសដែលមានក្រុមតំណាងចូលរួមពានរង្វាន់នេះផងដែរនោះ គឺឥណ្ឌូនេស៊ី បានបង្ហើបឲ្យដឹងថា ពានរង្វាន់ AFC U-19 Championship នឹងធ្វើការប្រកួតតាមកាលវិភាគដែលបានរៀបចំ ប៉ុន្តែគណៈកម្មាធិការរៀបចំការប្រកួត អាចនឹងធ្វើការពិភាក្សា នាកិច្ចប្រជុំខាងមុខ។

លោក Mochamad Iriawan ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី បាននិយាយនៅលើគេហទំព័រផ្លូវការរបស់សហព័ន្ធ pssi.org ថា៖ «PSSI ទទួលបានព័ត៌មានពី AFC ថាពួកគេនៅតែបន្តរៀបចំការប្រកួត AFC U-19 និង U-16 ឆ្នាំ២០២០ ដូចដែលបានគ្រោងទុក។ ទោះយ៉ាងណាក៏ដោយ វាអាចត្រូវយកទៅពិភាក្សានៅគណៈកម្មាធិការរៀបចំការប្រកួតរបស់ AFC។ រាល់សហព័ន្ធ និងប្រទេសជាសមាជិក AFC ត្រូវបានអនុញ្ញាតិឲ្យផ្តល់ព័ត៌មានទាក់ទងនឹងការប្រកួតពានរង្វាន់ទាំង២។»

សូមបញ្ជាក់ថា តាមគម្រោងការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (2020 AFC U-19 Championship) ឆ្នាំ២០២០ នឹងធ្វើនៅប្រទេសអ៊ូសបេគីស្ថាន គឺគ្រោងធ្វើពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ដោយមានប្រទេសចំនួន ១៦ចូលរួម ចែកចេញជា ៤ពូល និង ១ពូល មាន ៤ក្រុម។

សម្រាប់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ដែលត្រូវចូលរួមប្រកួតផងដែរនោះ គឺស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុម U-19 ឥណ្ឌូនេស៊ី និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់៕

 

ប្រភពព័ត៌មាន៖ pssi.org

មតិយោបល់