ឆ្នាំ២០២០ ជម្រើសជាតិកម្ពុជា អាចពុំមានការប្រកួតពេញមួយឆ្នាំទាល់តែសោះក្នុងកម្រិតអន្តរជាតិ ដែលទទួលស្គាល់ដោយ FIFA

មាស សុផាណារ៉ុង August 13, 2020


 

ស្វីស៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) កាលពីថ្ងៃទី១២ ខែសីហា ម្សិលមិញ បានសម្រេចពន្យារពេលជាផ្លូវការនៃការប្រកួតជុំទី២ វគ្គជម្រុះបាល់ទាត់ពិភពលោក ( 2022 FIFA World Cup Qualification) ប្រចាំទ្វីបអាស៊ី ទៅប្រកួតនៅឆ្នាំ២០២១ ដោយសាររីករាលដាលនៃការផ្ទុះជំងឺកូវីដ-១៩។

ការប្រកួតជុំទី២ វគ្គជម្រុះបាល់ទាត់ពិភពលោក ដើមឡើយគឺគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២០ នេះ ប៉ុន្តែដោយសារការកើតមានឡើងនូវជំងឺកូវីដ-១៩ ដែលរីករាលដាលជាសាកល ទើបធ្វើឲ្យព្រឹត្តិការណ៍នេះ ពន្យាពេលប្រកួត ១លើកជា ២លើក រហូតដល់លើកចុងក្រោយនេះ បានសម្រេចលើកពេលទៅប្រកួតនៅឆ្នាំ២០២១ វិញ និងក៏ដូចជាពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Suzuki Cup) លើកទៅឆ្នាំ២០២១ ដូចគ្នា នេះបានសេចក្ដីថា ក្នុងឆ្នាំ២០២០ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា (ឈុតធំ) ពុំមានការប្រកួតពេញមួយឆ្នាំទាល់តែសោះ នៅកម្រិតអន្តរជាតិ ដែលទទួលស្គាល់ដោយ FIFA (ប្រសិនបើសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពុំរៀបចំឲ្យមានការប្រកួតមិត្តភាពអន្តរជាតិ) ថែមទាំងជាលើកដំបូងក្នុងរយៈពេល ១៧ឆ្នាំចុងក្រោយផងដែរ។

យោងតាមទិន្នន័យប្រកួតដែលចុះទទួលស្គាល់ដោយ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បើនិយាយពីឆ្នាំ១៩៩៥ ជាឆ្នាំដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រលប់មកចូលរួមការប្រកួតបាល់ទាត់ក្នុងកម្រិតអន្តរជាតិវិញ ក្រោយប្រទេសជាតិរ៊ាំរៃដោយសារសង្គ្រាមផ្ទៃក្នុង គឺមានតែនៅឆ្នាំ២០០៣ មួយប៉ុណ្ណោះដែលក្រុមជម្រើសជាតិកម្ពុជា ពុំមានការប្រកួតពេញមួយឆ្នាំទាល់តែសោះដូចគ្នា ក្នុងកម្រិតអន្តរជាតិ ខណៈមូលហេតុនៅពេលនោះ មិនមានការបញ្ជាក់ច្បាស់លាស់ឡើយ។

ទិន្នន័យមានដូចខាងក្រោម

  • ១៩៩៥៖ ប្រកួតបាន ៤លើក
  • ១៩៩៦៖ ប្រកួតបាន ៤លើក
  • ១៩៩៧៖ ប្រកួតបាន ១០លើក
  • ១៩៩៨៖ ប្រកួតបាន ៤លើក
  • ១៩៩៩៖ ប្រកួតបាន ៨លើក
  • ២០០០៖ ប្រកួតបាន ៦លើក
  • ២០០១៖ ប្រកួតបាន ៧លើក
  • ២០០២៖ ប្រកួតបាន ៥លើក
  • ២០០៣៖ ប្រកួតបាន ០លើក
  • ២០០៤៖ ប្រកួតបាន ៤លើក
  • ២០០៥៖ ប្រកួតបាន ១លើក
  • ២០០៦៖ ប្រកួតបាន ៧លើក
  • ២០០៧៖ ប្រកួតបាន ៧លើក
  • ២០០៨៖ ប្រកួតបាន ១១លើក
  • ២០០៩៖ ប្រកួតបាន ៣លើក
  • ២០១០៖ ប្រកួតបាន ៣លើក
  • ២០១១៖ ប្រកួតបាន ៧លើក
  • ២០១២៖ ប្រកួតបាន ៤លើក
  • ២០១៣៖ ប្រកួតបាន ៤លើក
  • ២០១៤៖ ប្រកួតបាន ៩លើក
  • ២០១៥៖ ប្រកួតបាន ១៤លើក
  • ២០១៦៖ ប្រកួតបាន ១៦លើក
  • ២០១៧៖ ប្រកួតបាន ៩លើក
  • ២០១៨៖ ប្រកួតបាន ៧លើក
  • ២០១៩៖ ប្រកួតបាន ១៥លើក
  • ២០២០៖ ប្រកួតបាន ០លើក (អាចនឹងមាន)

សូមបញ្ជាក់ថា មានកើតមានសង្គ្រាមផ្ទៃក្នុង ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចូលរួមការប្រកួតក្នុងកម្រិតអន្តរជាតិ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៧៤ ហើយត្រលប់មកប្រកួតក្នុងកម្រិតអន្តរជាតិ វិញ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ១៩៩៥។

យ៉ាងណាមិញ ឆ្នាំ២០២០ នៅសល់រយៈពេល ៤ខែទៀត ខណៈក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទោះបីជាមិនមានការប្រកួតក្របខណ្ឌពានរង្វាន់ផ្លូវការ ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អាចអញ្ជើញ ឬក៏រៀបចំឲ្យមានការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ គ្រាន់តែថាភាពអាចធ្វើទៅបាននោះគឺស្ថិតក្នុងហានិភ័យនៅឡើយ៕

 

អត្ថបទរក្សាសិទ្ធិដោយ camsports.org

មតិយោបល់