FIFA សម្រេចលើកពេលប្រកួត វគ្គជម្រុះបាល់ទាត់ពិភពលោក សម្រាប់ទ្វីបអាស៊ី សារជាថ្មី

មាស សុផាណារ៉ុង August 12, 2020


 

ស្វីស៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានពន្យារពេលជាផ្លូវការនៃការប្រកួតជុំទី២ វគ្គជម្រុះបាល់ទាត់ពិភពលោក ( 2022 FIFA World Cup ) ឆ្នាំ២០២២ ដោយសាររីករាលដាលនៃការផ្ទុះវីរុស COVID-19។ នេះបើតាមការប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នេះ។

FIFA បានបញ្ជាក់ថា ដោយមើលឃើញពីស្ថានភាពនៃជំងឺកូវីដ-១៩ បច្ចុប្បន្ននៅក្នុងប្រទេសជាច្រើន FIFA និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានសម្រេចរួមគ្នាថាការប្រកួតជម្រុះ នាពេលខាងមុខ សម្រាប់បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022™) នៅប្រទេសកាតា ឆ្នាំ២០២២ និងវគ្គជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup China 2023) ដែលដើមឡើយគ្រោងនឹងធ្វើឡើងក្នុងកំឡុងនៅខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២០ នឹងត្រូវរៀបចំឡើងវិញនៅឆ្នាំ ២០២១។

ការសម្រេចលើកពេលនេះ ក្នុងគោលបំណងការពារសុខភាព និងសុវត្ថិភាពរបស់អ្នកចូលរួមទាំងអស់ ដោយ FIFA និង AFC នឹងបន្តធ្វើការជាមួយគ្នាដើម្បីតាមដានយ៉ាងដិតដល់នូវស្ថានភាពក្នុងតំបន់ និងកំណត់កាលបរិច្ឆេទថ្មីសម្រាប់ការប្រកួតជម្រុះរៀងៗខ្លួន។ ចំពោះព័ត៌មានលម្អិតបន្ថែមអំពីកាលបរិច្ឆេទថ្មីសម្រាប់ការប្រកួតជម្រុះជុំបន្ទាប់សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 និង Asian Cup 2023 នឹងត្រូវប្រកាសជាផ្លូវការនៅពេលក្រោយ។

នេះជាលើកទី២ ហើយដែលការប្រកួតជុំទី២ វគ្គជម្រុះបាល់ទាត់ពិភពលោក ត្រូវបានពន្យាពេល ដោយលើកដំបូងគឺនៅខែមីនា ក្នុងស្ថានភាពដូចគ្នាដោយសារជំងឺកូវីដ១៩ (COVID-19) ខណៈក្រុមគោព្រៃកម្ពុជា នៅសល់ ៣ប្រកួតក្នុងដៃ ហើយកម្មវិធីផ្លាស់ប្ដូររួមមាន កម្ពុជា ត្រូវជួបក្រុមជម្រើសជាតិបារ៉ែន បន្ទាប់ត្រូវទទួលអ៊ីរ៉ង់ និងប្រកួតចុងក្រោយរបស់កម្ពុជា ត្រូវជួបអ៊ីរ៉ាក់៕

 

ប្រភពព័ត៌មាន៖ fifa.com

មតិយោបល់