AFF ត្រៀមប្រកាសពន្យាពេលព្រឹត្តិការណ៍បាល់ទាត់ទាំងអស់ទៅឆ្នាំ២០២១

មាស សុផាណារ៉ុង August 12, 2020


 

អាស៊ីអាគ្នេយ៍៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានប្រកាសថានឹងពន្យាពេលគ្រប់កម្មវិធីទាំងអស់ ទាំងបាល់ទាត់យុវជន, នារី, ហ្វូតសាល និងបាល់ទាត់ឆ្នេរខ្សាច់ ដោយសារការនៅតែបន្តរីករាលដាលនៃជំងឺកូវីដ-១៩។

តាមការបញ្ជាក់ដោយ អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា បានបញ្ជាក់ថា៖ «សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានជូនដំណឹងថា គ្រប់កម្មវិធីនឹងពន្យាពេលទៅឆ្នាំ២០២១ ហើយការសម្រេចកាលបរិច្ឆេទថ្មី នឹងសម្រេចនៅកិច្ចប្រជុំបន្ទាប់។»

កម្មវិធីប្រកួតដែលប៉ះពាល់រួមមាន ពានយុវជនអាយុក្រោម ១៦ឆ្នាំ, ១៩ឆ្នាំ ពានរង្វាន់នារី អាយុក្រោម ១៥ឆ្នាំ, ១៨ឆ្នាំ និងនារីឈុតធំ។ ក្រៅពីនេះក៏នៅមានបាល់ទាត់ក្នុងសាល, ក្លិបបាល់ទាត់ក្នុងសាល និងបាល់ទាត់ឆ្នេរខ្សាច់ ក៏ត្រូវពន្យាពេលដូចគ្នា។

ការពន្យាពេលពានទាំងអស់នេះ ក៏នៅពីក្រោយពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ (AFF Suzuki Cup) លើកទៅឆ្នាំក្រោយ ជាពិសេសពានរង្វាន់ដែលគ្រោងធ្វើលើកដំបូង ជើងឯកក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Club Championship) ត្រូវបានប្រកាសលុបចោល។ សម្រាប់កាលបរិច្ឆេទថ្មីនៃពានរង្វាន់ដែលរងផលប៉ះពាល់ទាំងនោះនឹងត្រូវបង្ហាញនាពេលក្រោយ៕

 

ប្រភពព័ត៌មាន៖ mmtimes

មតិយោបល់