លោក Apisit Im Amphai បង្ហើបមូលហេតុដែលសម្រេចចិត្តចូលមកដឹកនាំ ក្រុមកោះកុងអែហ្វស៊ី

មាស សុផាណារ៉ុង August 11, 2020


 

កោះកុង៖ លោក Apisit Im Amphai បច្ចុប្បន្នត្រូវបានដឹងថាបាននឹងកំពុងដឹកនាំក្រុមបាល់ទាត់ខេត្តកោះកុង (Koh Kong FC) ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល បន្ទាប់ពីគ្រូបង្វឹកជនជាតិថៃរូបនេះ បានចែកផ្លូវជាមួយក្លិបបឹងកេត កាលពីពេលថ្មីៗ ហើយទៅបង្ហាត់ក្រុមពាក់កណ្ដាលអាជីពមួយនេះ។

បែបនេះក្ដី លោក Apisit Im Amphai បានបង្ហើបនូវហេតុផល និងគោលដៅដ៏ច្បាស់លាស់ ដែលលោកសម្រេចចូលមកដឹកនាំក្រុមពាក់កណ្ដាលអាជីពមួយនេះ គឺដោយសារមានការពិភាក្សាជាមួយប្រធានក្លិប និងចង់ឲ្យខេត្តកោះកុង មានក្រុមបាល់ទាត់អាជីពប្រកួតតំណាងខេត្តផ្ទាល់ ក៏ដូចជាដើម្បីត្រៀមចូលរួមប្រកួតក្នុងលីគលំដាប់ទី២ កម្ពុជា និងជាពិសេសរួមចំណែកបង្កើតកីឡាករខេត្តកោះកុង ល្អៗចូលក្រុមជម្រើសជាតិ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន camsports.org លោក Apisit Im Amphai បានបញ្ជាក់យ៉ាងដូច្នេះថា៖ «…គឺដោយសារស្គាល់ប្រធានក្លិប ហើយខ្ញុំទៅមកទៅមក ថៃ-កោះកុង ច្រើន តែឃើញកោះកុងអត់មានក្រុមលេង កីឡាករមានក្មេងៗច្រើនណាស់ ក្មេងកោះកុងមានច្រើន ប៉ុន្តែអត់មានក្រុមអាជីព អ៊ីចឹងកីឡាករទៅណា? កីឡាករក្មេងៗទៅណា? លេងថ្នាំហ៎? អ៊ីចឹងយើងចង់ឲ្យគេមានគោលដៅច្បាស់សាល់ ឲ្យពួកគេលេងបានល្អហើយអាចទៅចូលរួមជាមួយក្រុមជម្រើសជាតិ ដូច្នេះហើយខ្ញុំបានពិភាក្សាជាមួយថ្នាក់ដឹកនាំក្លិប និងចាប់ដៃគ្នាជួយបាល់ទាត់ខេត្តកោះកុង។ អាហ្នឹងគឺជារឿងសំខាន់ ក្មេងៗកោះកុងមានឈ្មោះនៅក្រុមជម្រើសជាតិក៏ច្រើននាក់ ប៉ុន្តែមិនមែនកីឡាករលេងតំណាងខេត្តកោះកុងផ្ទាល់ ដោយសារខេត្តកោះកុងយើងអត់ទាន់មានក្លិប អ៊ីចឹងយើងក៏បានចាប់ដៃគ្នា សហការគ្នា ដើម្បីបង្កើតក្លិបមួយដើម្បីយុវជនខេត្ត ដោយព្យាយាមសាងពីបាតដៃទទេ ដែលត្រូវការពេលវេលា។»

លោក Apisit ជាមួយប្រធានក្លិប 

អតីតគ្រូបង្គោលភ្នំពេញក្រោន ផងដែររូបនេះ បាននិយាយពីការចូលរួមលីគលំដាប់ទី២ កម្ពុជា ថា៖ «យើងចង់ឡើងមកលីគកំពូល ប៉ុន្តែឥលូវនេះគឺយើងធ្វើតាមដំណាក់កាលរបស់យើង តែគោលដៅរបស់យើងគឺត្រៀមចង់លេងលីគធំ បានជាយើងចូលរួមលីគទី២ នេះ ប៉ុន្តែយើងកំពុងតែបណ្ដុះបណ្ដាលធនធានសិន យើងធ្វើបានប៉ុណ្ណាគឺយើងយកប៉ុនហ្នឹង តែយើងនឹងប្រឹងប្រែងឲ្យអស់លទ្ធភាពរបស់យើង ហើយឥលូវនេះគឺយើងធ្វើការធ្ងន់ណាស់ ដោយសារយើងអត់បានទិញកីឡាករល្អអីទេ គឺយើងមានតែយុវជនកោះកុងសុទ្ធតែម្ដង។»

ពេលសួរនាំថា តើអាចនឹងមានគម្រោងក្នុងការនាំយកកីឡាករមានបទពិសោធបន្ថែមមករួមក្រុមដែរឬទេ? លោកបានឆ្លើយតបថា ទៅថ្ងៃអនាគតគឺអាច ប៉ុន្តែបច្ចុប្បន្នគឺផ្ដោតលើយុវជនខេត្តសិនដើម្បីឲ្យពួកគេមានឱកាសលេង មានឱកាសក្នុងការចូលរួមប្រកួតកម្រិតអាជីព ថ្នាក់ជាតិ។

«ចំពោះ កោះកុងអែហ្វស៊ី គឺយើងចាប់ផ្ដើមពីចំណុចសូន្យទៅ អ៊ីចឹងរៀងត្រូវការហត់បន្តិចហើយ ត្រូវប្រើពេលវេលាយូរៗក៏ល្អ មិនចង់បានលឿន យើងអាចយកកីឡាករល្អៗមកលេងឲ្យកោះកុង គឺយកបាន ប៉ុន្តែយុវជនខេត្តកោះកុងយើងគាត់អត់មានឱកាសលេង អត់មានឱកាសស្គាល់ការប្រកួតកម្រិតអាជីព អ៊ីចឹងយើងផ្ដោតទៅលើយុវជនខេត្តតែម្ដង។» លោក Apisit បានសង្គត់ធ្ងន់។

កោះកុងអែហ្វស៊ី នៅក្រោយប្រកួតមិត្តជាមួយ ភ្នំពេញក្រោន

កោះកុង គឺជាបេក្ខភាពមួយដែលត្រៀមចូលរួមការប្រកួតក្របខណ្ឌលីគលំដាប់ទី២ កម្ពុជា (Cambodian Second League) គ្រោងនឹងធ្វើពីថ្ងៃទី០៣ ខែតុលា រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ខណៈចំនួនក្រុមគឺអាស្រ័យទៅតាមចំនួនក្រុមដែលបានដាក់ពាក្យចូលរួមគ្រប់លក្ខខណ្ឌ។

និយាយចំពោះ លោក Apisit Im Amphai កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ក្លិបបាល់ទាត់បឹងកេត បានប្រកាសតែងតាំងលោក ដើម្បីដឹកនាំក្រុមនារដូវកាលថ្មី​២០២០ ដែលជាលើកទី២ សម្រាប់លោកក្នុងការមកប្រកបអាជីពគ្រូបង្វឹកនៅកម្ពុជា បន្ទាប់ពីលោកធ្លាប់បានដឹកនាំក្រុមភ្នំពេញអ៊ីមផាយអឺរ (បច្ចុប្បន្នភ្នំពេញក្រោន) ៣រដូវកាល កាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១០ គ្រាដែលកាលនោះ ភ្នំពេញក្រោន បានលើកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ២ឆ្នាំជាប់គ្នា នៅឆ្នាំ២០០៨ និងឆ្នាំ២០០៩ និងបន្ដលើកពានលីគកំពូលកម្ពុជា ឆ្នាំ២០១០ មុនលោកត្រឡប់ទៅថៃវិញ ប៉ុន្តែក្លិបបឹងកេត ក៏ប្រកាសចែកផ្លូវជាមួយលោក បន្ទាប់ពីបាល់ទាត់ត្រលប់មកវិញក្រោយផ្អាកដោយសារកូវីដ-១៩ ក្រោមហេតុផលផ្ទាល់ខ្លួនតែម្ដង៕

 

អត្ថបទ៖ រក្សាសិទ្ធិដោយ camsports.org

មតិយោបល់