U-19 កម្ពុជា បញ្ចប់ការធ្វើតេស្តលើកទី១ និងគ្រោងប្រកាសបញ្ជីឈ្មោះថ្មីនាពេលឆាប់ៗនេះ

មាស សុផាណារ៉ុង August 11, 2020


 

ភ្នំពេញ៖ កាលពីអំឡុងពាក់កណ្ដាលខែកក្កដា ដល់ដើមខែសីហា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានធ្វើការកោះហៅកីឡាករ ៣៨នាក់ ចូលក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា ដើម្បីប្រមូលផ្ដុំធ្វើតេស្តប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (2020 AFC U-19 Championship) នៅប្រទេសអ៊ូបេគីស្ថាន នាខែតុលាខាងមុខ។

ការធ្វើតេស្តគឺធ្វើឡើងនៅរៀងរាល់ថ្ងៃអង្គារ៍ នាពហុកីឡដ្ឋានជាតិ ដោយការចូលរួមសង្គេតពីគ្រូបង្វឹក លោក Koji Gyotoku ទៅលើយុវជនទាំងជិត ៤០នាក់មកពីក្រុម និងក្លិបចំនួន ៨នៃលីគកំពូលកម្ពុជា ខណៈបើតាមប្រភពដ៏ជិតស្និតបានបង្ហើបឲ្យដឹងថា ការធ្វើតេស្តលើកទី១ បានបញ្ចប់ជាផ្លូវការហើយ បន្ទាប់ពីបានធ្វើឡើងចំនួន ៣លើក ពោលគឺនៅថ្ងៃទី១៤, ២១ ខែកក្កដា និងលើកចុងក្រោយថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។

ប្រភពដដែលក៏បានបង្ហើបទៀតផងដែរថា ចំពោះការធ្វើតេស្តលើកទី២ បូកជាមួយនឹងការប្រកាសបញ្ជីឈ្មោះថ្មី (បញ្ជីមានការជម្រុះកីឡាករខ្លះ ពីតេស្តលើកទី១) នាពេលឆាប់ៗនេះផងដែរ ប៉ុន្តែចំពោះថាតើបញ្ជីឈ្មោះថ្មី នឹងជម្រុះមកនៅត្រឹមប៉ុន្មាននាក់ ប្រភពដដែលពុំអាចបញ្ជាក់បានឡើយ។

ចំពោះបេសកកម្មចូលរួមប្រកួតពានរង្វាន់ (2020 AFC U-19 Championship) U-19 កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុម U-19 ឥណ្ឌូនេស៊ី និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់ ហើយការប្រកួតគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបីគីស្ថាន៕

 

អត្ថបទ៖ រក្សាសិទ្ធិដោយ camsports.org

មតិយោបល់