ទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា សម្រាប់ជើងទី២ បានបើកជាផ្លូវការ

មាស សុផាណារ៉ុង August 10, 2020


 

ភ្នំពេញ៖ ការបើកទីផ្សារដោះដូរកីឡាករនៅក្នុងក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាល២០២០ សម្រាប់ជើងទី២ បានបើកជាផ្លូវការហើយ ដើម្បីផ្ដល់ឱកាសដល់ក្លឹបមានការផ្លាស់ប្ដូរសមាសភាពតាមតម្រូវការ និងកង្វះខាតរៀងៗខ្លួន។

យោងតាមលិខិតដែលបានចេញដោយ គណៈកម្មាការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានឲ្យដឹងថាការដោះដូរកីឡាករ បានបើកតាំងពីថ្ងៃទី០៨ ខែសីហា ហើយគ្រោងនឹងបិទនៅថ្ងៃទីដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ពោលគឺយោងតាមច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ផងដែរ។ ចំពោះការអនុញ្ញាតិឲ្យមានការដោះដូរ គឺអាចធ្វើទៅបានចំនួន ៥រូប ក្នុងនោះកម្ពុជា ៣រូប និងបរទេស ២រូប។

សូមបញ្ជាក់ផងដែរថា មកទល់ពេលនេះមិនទាន់មានការមមាញឹកនៅឡើយសម្រាប់ការដោះដូរកីឡាករ ដោយមានការដោះដូរបន្តិចបន្តួចប៉ុណ្ណោះ ជាក់ស្ដែងទើបតែមានការប្រកាសពី ម៉ាត់ យ៉ាម៊ីន ចូលរួមជាមួយនគរបាលជាតិ កាលពីសប្ដាហ៍មុន និងចំពេលការប្រកួតជើងទី១ នៅមិនទាន់បញ្ចប់នៅឡើយ ពោលគឺនៅខ្វះ ២សប្ដាហ៍ទៀត៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់