ក្រុមខ្លាំងៗជួបគ្នាថ្ងៃសៅរ៍ ក្នុងជំនួបសប្ដាហ៍ទី១១ នៃលីគកំពូលកម្ពុជា

មាស សុផាណារ៉ុង August 8, 2020


 

ភ្នំពេញ៖ ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា ដែលបានឈានចូលសប្តាហ៍ទី១១ បានចូលមកដល់បន្តទៀតហើយ ដោយនៅថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០ មានការប្រកួតចំនួន ៣គូ ពោលគឺ គីរីវង់សុខសែនជ័យ ប្រកួតជាមួយ ភ្នំពេញក្រោន, វិសាខា ទទួល អង្គរថាយហ្គឺរ  និងណាហ្គាវើលដ៍ ប៉ះ ព្រះខ័នរាជស្វាយរៀង។

ការប្រកួតនឹងមានកម្មវិធីដូចខាងក្រោម៖

និយាយពីប្រវត្តិជួបគ្នារវាង គីរីវង់សុខសែនជ័យ ជាមួយ ភ្នំពេញក្រោន កាលពីរដូវកាលមុនគឺឈ្នះទៅវិញទៅមក រៀងៗខ្លួន ពោលគឺជើងទី១ នៅទឹកដីភ្នំពេញក្រោន ភ្នំពេញក្រោន បានយកឈ្នះ ២ទល់១ និងពេលត្រលប់មកជើងទី២ វិញ គីរីវង់ បានយកឈ្នះ ៣ទល់២ នៅខេត្តតាកែវ។

ស្ថានភាពបច្ចុប្បន្នក្នុងលីគ គីរីវង់សុខសែនជ័យ កំពុងឈរនៅលេខ៨ ក្រោយប្រកួត ៩ដង ឈ្នះ២ ស្មើ១ និងចាញ់៦ មាន ៧ពិន្ទុ ខណៈភ្នំពេញក្រោន ឈរនៅលេខ៥ ក្រោយប្រកួតបាន ១០ដង ឈ្នះ៥ ស្មើ៤ និងចាញ់ ១ដង មាន ១៩ពិន្ទុ។

គីរីវង់សុខសែនជ័យ ជួប ភ្នំពេញក្រោន លើកចុងក្រោយ

ចំពោះការប្រកួតរវាង វិសាខា ជួ​ប អង្គរថាយហ្គឺរ វិញបើនិយាយពីប្រវត្តិជួបគ្នាគឺ វិសាខា មានប្រៀបជាងបន្តិចបើយោងលើប្រវត្តិជួបគ្នាក្នុងលីគ ពោលគឺ ៤ប្រកួតចុងក្រោយ វិសាខា ឈ្នះ ៣លើក និងអង្គរថាយហ្គឺរ ឈ្នះ ១លើក។

និយាយចំពោះស្ថានភាពបច្ចុប្បន្ន វិសាខា ក៏នៅតែមានប្រៀបជាង អង្គរថាយហ្គឺរ ផងដែរបន្ទាប់ពីឆ្លងកាត់ការប្រកួត ១០សប្ដាហ៍ ឈ្នះ៦ ស្មើ១ និងចាញ់៣ មាន ១៩ពិន្ទុ ខណៈអង្គរថាយហ្គឺរ វិញ ធ្វើបានល្អគួរសម ក្រោយប្រកួតទើបបាន ៩ដង ឈ្នះ៤ ស្មើ៣ និងចាញ់ ២ប្រកួត មាន ១៥ពិន្ទុ។

ជំនួបចុងក្រោយរវាងក្រុមទាំងពីរកាលពីឆ្នាំទៅ (រូបភាព៖ វិសាខា)

គូពិសេសចុងក្រោយ សម្រាប់ថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ណាហ្គាវើលដ៍ ទទួល ព្រះខ័នរាជស្វាយរៀង ទាំងពីរក្រុមហាក់មានភាពខ្លាំងរៀងៗខ្លួន ជាក់ស្ដែងយោងលើលទ្ធផលបច្ចុប្បន្ន ណាហ្គាវើលដ៍ កំពុងឈរនៅលេខ៣ ក្រោយប្រកួត ៩ដង ឈ្នះ៦ ស្មើ៣ និងមិនដែលចាញ់ មាន ២១ពិន្ទុ ខណៈព្រះខ័នរាជស្វាយរៀង វិញ កំពុងឈរកំពុលតារាង ក្រោយប្រកួត ៩ដងដូចគ្នា ឈ្នះ៨ ស្មើ១ និងមិនដែលចាញ់ មាន ២៥ពិន្ទុ។

អំពីប្រវត្តិជួបគ្នាវិញ ណាហ្គាវើលដ៍ ហាក់មានប្រៀបជាងបន្តិច ដោយគិត ៥ប្រកួតចុងក្រោយ គឺណាហ្គា ឈ្នះ៣ដង និង ២ដងផ្សេងទៀតក្រុមទាំងពីបញ្ចប់ទៅដោយលទ្ធផលស្មើ៕

ណាហ្គា ជាមួយ ព្រះខ័នរាជស្វាយរៀង ជំនួបចុងក្រោយ (រូបភាព៖ ព្រះខ័នរាជស្វាយរៀង)

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់