លោក Felix សង្គេតឃើញក្រុមក្នុងលីគកំពូលកម្ពុជា មានការផ្លាស់ប្ដូរខ្លាំងបើធៀបទៅនឹងអ្វីដែលលោកបានឃើញដំបូង និងនាពេលបច្ចុប្បន្ន

មាស សុផាណារ៉ុង August 7, 2020


 

ជប៉ុន៖ លោក Felix G.Dalmas បានបង្ហាញអារម្មណ៍វិជ្ជមាន ពីការរីកចម្រើននៃលីគកំពូលកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយចាប់តាំងពីលោកបានមកដល់កម្ពុជា ក្នុងរយៈពេលជិត ២ឆ្នាំនេះ។

លោក Felix កាលពីឆ្នាំ២០១៨ ចូលទស្សនាលីគ

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បានចូលមកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា តាំងពីពាក់កណ្ដាលឆ្នាំ២០១៨ ដែលជាការរួមដំណើរជាមួយ លោក Keisuke Honda នាមជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ គិតមកទល់ពេលនេះគឺរយៈពេល ២ឆ្នាំ ខណៈក្នុងរយៈពេល ២ឆ្នាំនេះលោក Felix Dalmas បានសង្គេតឃើញលីគបាល់ទាត់កម្ពុជា មានការផ្លាស់ប្ដូរខ្លាំងបើធៀបទៅនឹងអ្វីដែលលោកបានឃើញដំបូង និងនាពេលបច្ចុប្បន្ន។

មានប្រសាសន៍ប្រាប់សារព័ត៌មាន camsports.org លោក Felix G.Dalmas បាននិយាយដូច្នេះថា៖ «ខ្លួនខ្ញុំផ្ទាល់ និងក្រុមគ្រូបង្វឹកជម្រើសជាតិ តែងតែមើលការប្រកួតរបស់ពួកគេទាំងផ្ទាល់ និងតាមវីដេអូ។ ខ្ញុំមានអារម្មណ៍ថាក្រុមភាគច្រើននៅឆ្នាំនេះកំពុងព្យាយាមលេងបាល់ទាត់ប្រកបដោយភាពក្លាហាន។ ការប្រកួតប្រជែងជាមួយនឹងការលេងបែបរៀបចំ (Build ups) និងការបញ្ចូលគ្នារវាងកីឡាករ និងកីឡាករ។ វាពិតជាអស្ចារ្យណាស់សម្រាប់កីឡាករ អ្នកគាំទ្រ និងជាពិសេសសម្រាប់ដំណើរវិវឌ្ឍន៍នៃបាល់ទាត់កម្ពុជា។»

លោក ​Felix កាលពីដើមឆ្នាំ២០២០ កន្លងទៅ

«នេះគឺជាការផ្លាស់ប្តូរដ៏ធំមួយ បើធៀបទៅកាលពី ២ឆ្នាំមុន។ យើងមានសេចក្តីសោមនស្សរីករាយដែលបានឃើញលីគកំពុងឆ្ពោះទៅកាន់ទិសដៅនោះ។ យើងពិតជារីករាយណាស់ដែលបានឃើញកីឡាករក្មេងៗទទួលបានឱកាសលេង។» គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បានបន្ថែម។

គ្រូបង្វឹកវ័យក្មេងជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ រូបនេះបានសង្គត់ពីលីគកំពូលកម្ពុជាថា៖ «លីគកំពុងមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ មានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍ ប៉ុន្តែពិតជាអស្ចារ្យណាស់ដែលឃើញក្លិបនានាកំពុងឆ្ពោះទៅរកទិសដៅវិជ្ជមាន។»

គួរដឹងដែរថា លោក Felix G.Dalmas កាលពីពេលថ្មីៗនេះ ក៏បានសម្ដែងនូវក្ដីរីករាយដែលបានឃើញពានរង្វាន់បាល់ទាត់ក្នុងស្រុករបស់កម្ពុជា (លីគកំពូល និងពានសម្តេចតេជោ ហ៊ុន សែន) ត្រលប់មកដំណើរការប្រកួតឡើងវិញ ក្រោយធ្លាប់បានផ្អាកមួយរយៈធំដោយសារជំងឺកូវីដ-១៩ រាតត្បាតខ្លាំងនៅកម្ពុជានេះ៕

 

រូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់