នគរបាលជាតិ ប្រកាសនាំយក ម៉ាត់ យ៉ាម៉ីន មករួមក្រុមជាផ្លូវការ

មាស សុផាណារ៉ុង August 6, 2020


 

ភ្នំពេញ៖ ក្លិបបាល់ទាត់នគរបាលជាតិ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ បានប្រកាសនាំយក ម៉ាត់ យ៉ាម៉ីន មករួមក្រុមជាផ្លូវការ បន្ទាប់ពីកីឡាកររូបនេះទំនេរគ្មានក្លិបប្រកបអាជីពជាមួយ មួយរយៈពេលខ្លី។

តាមការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការដដែលរបស់ក្លិប ម៉ាត់ យ៉ាម៉ីន នឹងចូលរួមជាមួយ នគរបាលជាតិ ក្នុងកិច្ចសន្យារយៈពេល ១ឆ្នាំ ពោលគឺចាប់ពីជើងទី២ នៃលីគកំពូលកម្ពុជា រហូតដល់ឆ្នាំ២០២១។

គួរដឹងផងដែរថា ម៉ាត់ យ៉ាម៉ីន ទើបតែរកក្លិបប្រកបអាជីពជាមួយបានបន្ទាប់ពីមានរឿងអាស្រូវដែលនាំឲ្យខុសវិន័យ និងក្រមសីលធម៌ជាកីឡាករ ហើយត្រូវបានក្លិបបឹងកេត ប្រកាសពិន័យ និងបញ្ចប់កិច្ចសន្យាមុនកាលកំណត់កាលពីដើមរដូវកាលកន្លងទៅ។

មុនប្រកាសជាផ្លូវការនេះ យ៉ាម៊ីន បានចូលរួមហ្វឹកហាត់ជាមួយបឹងកេត បានមួយរយៈផងដែរ ដ្បិតកីឡាកររូបនេះក៏ធ្លាប់ជាកូនសិស្សរបស់ លោក ប្រាក់ សុវណ្ណារ៉ា ដែលជាអ្នកចាត់ការទូទៅក្លិបនគរបាលជាតិ កាលពីនៅបឹងកេត ជាមួយគ្នា ដោយលោកនាំមកពីក្លិបបៀលប្រាយយូណាយធីត ក្រោយក្លិបនេះបានប្រកាសរំសាយកាលពីឆ្នាំ២០១៦៕

 

រូបភាព៖ ក្លិបបាល់ទាត់នគរបាលជាតិ

អត្ថបទ៖ ណារ៉ុង

មតិយោបល់