គ្រូ U-19 អ៊ីរ៉ង់ ពុំនិយាយពីកម្ពុជា ពេលត្រូវបានសួរនាំឲ្យបង្ហើបពីការយល់ដឹងកម្រិតរបស់គូប្រកួត ក្នុងពាន AFC U-19

មាស សុផាណារ៉ុង August 6, 2020


 

អ៊ីរ៉ង់៖ ក្រុមជម្រើសជាតិអ៊ីរ៉ង់ អាយុក្រោម ១៩ឆ្នាំ បានចាប់ផ្ដើមចូលជំរំហ្វឹកហាត់តាំងពីថ្ងៃទី២០ ខែកក្កដា ជាមួយនឹងសមាសភាពកីឡាករ ២៥នាក់ ភាគច្រើនជាយុវជនមកពីក្លិបនៃលីគកំពូលអ៊ីរ៉ង់។

នៅក្នុងជំរំហ្វឹកហាត់ លោក Parviz Mazloumi គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ អាយុក្រោម ១៩ឆ្នាំ បានដាក់ការយកចិត្តទុកដាក់ខ្ពស់ទៅលើ U-19 អ៊ូសបេគីស្ថាន និង U-19 ឥណ្ឌូនេស៊ី ច្រើនជាង ស្របពេល U-19 កម្ពុជា លោកពុំបាននិយាយអ្វីសោះឡើយ នៅមុនការត្រៀមខ្លួនដើម្បីប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ី អាយុក្រោម១៩ឆ្នាំ (AFC U-19 Championship)។ ការលើកឡើងបែបនេះ គឺតាមរយៈឆ្លើយតបទៅនឹងក្រុមមន្ត្រីសារព័ត៌មានប្រចាំសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ ដែលបានចោទសួរជាសំណួរទៅកាន់លោកផ្ទាល់ ជុំវិញថាតើលោកបានយល់ដឹងពីគូប្រកួតដល់កម្រិតណា មុនការប្រកួតមកដល់នាប្រមាណ ២ខែខាងមុខ?

លោកបានបញ្ជាក់ថា៖ «ក្រុមរបស់យើងធ្លាប់បានប្រកួតជាមួយអ៊ូសបេគីស្ថាន រួចហើយ នៅក្នុងពានរង្វាន់ Kafa។ យើងក៏ធ្លាប់បានប្រកួតកម្ដៅសាច់ដុំ ចំនួន២ ប្រកួត ទល់នឹងឥណ្ឌូណេស៊ី។ យើងបានរៀបចំវិភាគវីដេអូនៃការប្រកួតទាំងនេះ ហើយនឹងធ្វើការវិភាគទៅលើគូប្រជែង។ ប្រសិនបើពួកគេធ្វើការប្រកួតត្រៀមបែបណាផ្សេងទៀត យើងនឹងព្យាយាមដើម្បីទទួលបានវីដេអូនៃការប្រកួតទាំងនោះរបស់ពួកគេ។»

និយាយពីការត្រៀមខ្លួន គ្រូបង្វឹកសញ្ជាតិអ៊ីរ៉ង់ ផ្ទាល់រូបនេះបានបង្ហើបឲ្យដឹងថា ក្រុមរបស់លោក គឺមានការត្រៀមបានល្អ ជាមួយនឹងលក្ខខណ្ឌល្អប្រសើរក្នុងជំរំហ្វឹកហាត់ ខណៈកីឡាកររបស់លោកមួយចំនួនគឺមានសុខភាពរាងកាយល្អ ពីព្រោះគេមានការហ្វឹកហាត់ល្អនៅតាមក្លិបរៀងៗខ្លួន ប៉ុន្តែក៏មានខ្លះមិនទាន់ធ្វើបានល្អផងដែរ។

ចុងក្រោយលោកបានបន្ថែមថា៖ «បញ្ហាសំខាន់ និងការតាំងចិត្តរបស់យើងទាំងអស់គ្នា គឺជាការលើកទឹកចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ចំពោះកីឡាករដែលខិតខំហ្វឹកហាត់ និងចង់បង្ហាញការត្រៀមខ្លួនខ្ពស់បំផុត។ នេះជារឿងវិជ្ជមាន និងល្អ។ ខ្ញុំត្រូវអរគុណដល់ការខិតខំ របស់កីឡាករ និងមិត្តរួមការងាររបស់ខ្ញុំ នៅក្នុងក្រុមបច្ចេកទេសដែលខិតខំធ្វើការក្នុងស្ថានភាពនេះដើម្បីទទួលបានលទ្ធផលល្អបំផុត ហើយខ្ញុំសង្ឃឹមថាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះយើងនឹងអាចធ្វើឲ្យក្រុមត្រៀមខ្លួនដើម្បីចូលរួមក្នុងការប្រកួតប្រជែងនេះ។»

បញ្ជាក់ជាថ្មីម្ដងទៀតថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ត្រូវស្ថិតនៅពូល A នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U-19 Championship) ជាមួយ U-19 អ៊ូបេគីស្ថាន, U-19 ឥណ្ឌូនេស៊ី និង U-19 អ៊ីរ៉ង់ បន្ទាប់ពីការចាប់ពូល កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ ហើយការប្រកួតគឺគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបេគីស្ថាន៕

 

ប្រភព៖ ​ffiri.ir

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់