U-19 អ៊ូសបេគីស្ថាន ចូលជំរំហ្វឹកហាត់ជាលើកទី៣ ដោយចំណាយពេល ១០ថ្ងៃ

មាស សុផាណារ៉ុង August 5, 2020


 

អ៊ូបេគីស្ថាន៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ូសបេគីស្ថាន អាយុក្រោម១៩ឆ្នាំ ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ី អាយុក្រោម១៩ឆ្នាំ (AFC U-19 Championship) បានចាប់ផ្ដើមចូលជំរំហ្វឹកហាត់ជាថ្មី ដើម្បីបន្ថែមការត្រៀមខ្លួនមុនពានរង្វាន់ដ៏សំខាន់នេះមកដល់នៅប្រមាណ ២ខែខាងមុខ។

តាមការបញ្ជាក់ដោយសហព័ន្ធកីឡាបាល់ទាត់អ៊ូបេសគីស្ថាន បានឲ្យដឹងថា ក្រុមដែលដឹកនាំដោយគ្រូបង្វឹកឈ្មោះ Timur Kapadze បានចាប់ផ្ដើមជំរំហ្វឹកហាត់លើកទី៣ ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០២០ ពោលគឺរយៈពេល ១០ថ្ងៃជាប់ៗគ្នា ជាមួយនឹងសមាសភាពកីឡាករចំនួន ២៧នាក់។

មុនការហ្វឹកហាត់កីឡាករ ក៏ដូចជាក្រុមគ្រូបង្វឹក នឹងធ្វើការពិនិត្យសុខភាពផងដែរ ដើម្បីធានាសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតជាសាកល ហើយការហ្វឹកហាត់នឹងធ្វើឡើងក្នុងលក្ខខណ្ឌហ្វឹកហាត់បិទទ្វារ។

គួររំឭកថា នេះគឺជាហ្វឹកហាត់លើកទី៣ ហើយ ដែល U-19 អ៊ូសបីគេស្ថាន បានរៀបចំដោយលើកទី១ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា និងលើកទី២ ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ និងមានការប្រកួតមិត្តភាពកម្ដៅសាច់ដុំផងដែរ។

សូមបញ្ជាក់ជាថ្មីថា ការប្រកួតពានរង្វាន់ (2020 AFC U-19 Championship) U-19 កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុម U-19 ឥណ្ឌូនេស៊ី និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់ ហើយការប្រកួតគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបីគីស្ថាន៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់អ៊ូបេគីស្ថាន – Uzbekistan Football Association

អត្ថបទ៖ ណារ៉ុង

មតិយោបល់