ជម្រើសជាតិអ៊ីរ៉ង់ ចាប់ផ្ដើមការហ្វឹកហាត់ចុងខែនេះ មុនឡើងមកកម្ពុជា ខែតុលា

មាស សុផាណារ៉ុង August 4, 2020


 

អ៊ីរ៉ង់៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ នឹងចាប់ផ្តើមការហ្វឹកហាត់ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នេះ ដែលជាផ្នែកមួយនៃការរៀបចំក្រុមសម្រាប់វគ្គជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០២២ (2022 FIFA World Cup qualification)។

ក្រុមរហស្សនាម “ខ្លារខិនពែរ” នឹងជួបស៊ីរី និងអ៊ូបេគីស្ថាន ក្នុងការប្រកួតមិត្តភាពនៅដើមខែកញ្ញា ដែលការប្រកួតរបស់គេជាមួយស៊ីរី គឺគ្រោងធ្វើឡើងនៅថ្ងៃទី០៣ ខែកញ្ញា ក្នុងកីឡដ្ឋាន Azadi នៃទីក្រុង Tehran ហើយបន្ទាប់មកទៀតត្រូវជួបជាមួយ អ៊ូសបេគីស្ថាន នៅថ្ងៃទី០៧ ខែកញ្ញា នៅកីឡដ្ឋាន Bunyodkor ក្នុងទីក្រុង Tashkent ប្រទេសអ៊ូសបេគីស្ថាន។

ការប្រកួតកម្តៅសាច់ដុំនេះនឹងត្រូវធ្វើឡើងជាផ្នែកមួយនៃការរៀបចំក្រុមសម្រាប់ការជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ ២០២២ ដែលអ៊ីរ៉ង់ កំពុងឈរនៅលេខ៣ ក្នុងពូល C នៅពីក្រោយ អ៊ីរ៉ាក់ និងបារ៉ែន ក្រោយប្រកួតបាន ៤ប្រកួត។

ក្រុមរបស់ លោក Deagan Skocic នឹងបើកទ្វារធ្វើជាម្ចាស់ផ្ទះទទួលហុងកុង នៅថ្ងៃទី០៨ ខែតុលា នៅទីក្រុង Tehran មុននឹងឡើងមកជួប ជម្រើសជាតិកម្ពុជា ៥ថ្ងៃក្រោយ នៅរាជធានីភ្នំពេញ និងការប្រកួត ២លើកចុងក្រោយរបស់អ៊ីរ៉ង់ ជាមួយបារ៉ែន និងអ៊ីរ៉ាក់ នឹងធ្វើឡើងនៅថ្ងៃទី១២ និងទី១៧ ខែវិច្ឆិកា នៅទីក្រុង Tehran ទាំង ២ប្រកួត។

ក្រុមចំនួន ៨ ក្រុមដែលឈ្នះក្នុងវគ្គជម្រុះតាមពូលនៃក្រុមជម្រុះ World Cup និងក្រុមជើងឯករងល្អបំផុតចំនួន ៤ នាក់នឹងឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Asian Cup China 2023 និងវគ្គផ្តាច់ព្រ័ត្រនៃវគ្គជម្រុះសម្រាប់ FIFA World Cup Qatar 2022 ។

បញ្ជាក់ថាក្នុងវគ្គជម្រុះជុំទី២ នេះ ក្រុមដែលឈរលេខ១ ក្នុងពូលទាំង ៨ក្រុម នៃវគ្គជម្រុះតាមពូលនីមួយៗ និងក្រុមលេខ២ ល្អបំផុត ចំនួន ៤ក្រុម នឹងឈានទៅកាន់ជុំផ្តាច់ព្រ័ត្រនៃពានរង្វាន់ជើងឯកទ្វីបអាស៊ី (AFC Asian Cup China 2023) និងជុំផ្តាច់ព្រ័ត្រ នៃវគ្គជម្រុះបាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022)។

ចំពោះកម្ពុជា បើនិយាយពីឱកាសឡើងទៅជុំផ្ដាច់ព្រ័ត្រ គឺមានស្ដួចស្ដើងបំផុត បន្ទាប់ពីទើបតែរកបាន ១ពិន្ទុពីការប្រកួតចំនួន ៥ដង គ្រាដែលក្រុមលេខ១ អ៊ីរ៉ាក់ មាន ១១ពិន្ទុ ខណៈបើប្រជែងជាមួយក្រុមលេខ២ ល្អ (បារ៉ែន) មាន ៩ពិន្ទុ ក៏ពិបាកដូចគ្នា ស្របពេលដែលការប្រកួតនៅសល់តែ ៣ប្រកួតសម្រាប់ក្រុមទាំង៣៕

 

ប្រភព៖ tehrantimes

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់