AFF Suzuki Cup អាចនឹងចាប់ផ្ដើមនៅខែមេសា ឆ្នាំ២០២១ វិញ បន្ទាប់ពីសម្រេចផ្អាកមិនធ្វើក្នុងឆ្នាំ២០២០

មាស សុផាណារ៉ុង August 4, 2020


 

អាស៊ីអាគ្នេយ៍៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានសម្រេចចិត្តពន្យាពេលប្រកួតពានរង្វាន់ជើងឯកប្រចាំតំបន់ (AFF Cup ឬនិយមហៅ ​AFF Suzuki Cup) ឆ្នាំនេះដោយសារហានិភ័យនៃជំងឺកូវីដ-១៩ នៅតែខ្ពស់។

«សម្រាប់ AFF សុខភាព និងសុវត្ថិភាពរបស់កីឡាករ គ្រូបង្វឹក ដៃគូឧបត្ថម្ភ អ្នកគាំទ្រ និងសាធារណជន មានអាទិភាពខ្ពស់បំផុតហើយការសម្រេចពន្យារពេលការប្រកួតដល់ឆ្នាំ២០២១ នឹងការពារសុខុមាលភាពរបស់មនុស្សគ្រប់គ្នាដែលចូលរួមក្នុងព្រឹត្តិការណ៍ AFF ឆ្នាំ២០២០។» សហព័ន្ធបាននិយាយនៅក្នុងសេចក្តីប្រកាសជាផ្លូវការ កាលពីពេលថ្មីៗកន្លងទៅនេះ។

គណៈកម្មាធិការក្រុមការងាររៀបចំព្រឹត្តិការណ៍ AFF បានធ្វើការពិភាក្សាច្រើនលើកច្រើនសារមុននឹងឈានដល់ការសម្រេចចិត្តនេះ ដែលត្រូវបានធ្វើឡើងដោយគណៈកម្មាធិការបន្ទាប់ពីកិច្ចប្រជុំតាមអ៊ិនធឺរណេត ជាមួយសមាជិកសហព័ន្ធ កាលពីថ្ងៃសុក្រ។

ជាមួយគ្នា ថ្មីៗនេះផងដែរ ក៏មានការលើកឡើងថា អាចនឹងលើកទៅលេងនៅខែមេសា ឆ្នាំ២០២១ នេះបន្ទាប់ពីការពិភាក្សា និងវាយតម្លៃពីគណៈកម្មាធិការគ្រប់គ្រងបណ្ដោះអាសន្ន AFF បានឯកភាពលើសំណើររៀបចំការរៀបចំព្រឹត្តិការណ៍ AFF Suzuki Cup 2020 នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២១។ សំណើនេះនឹងត្រូវដាក់ជូនក្រុមប្រឹក្សា AFF ដើម្បីអនុម័ត។

គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup គឺជាការប្រកួតកីឡាបាល់ទាត់ធំជាងគេ និងមានកិត្យានុភាពបំផុតនៅអាស៊ីអាគ្នេយ៍ ហើយគម្រោងដើមសម្រាប់ការប្រកួតនៅឆ្នាំ២០២០​គឺគ្រោងធ្វើនៅចន្លោះពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ តាមរូបបមន្តប្រកួត ២ដងក្រៅដី និង ២ដងក្នុងដី៕

 

ប្រភព៖ vnexpress.net

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់