FIFA នឹងត្រៀមជំនួយហិរញ្ញវត្ថុចំនួន ១,៥លានដុល្លារដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មាស សុផាណារ៉ុង August 4, 2020


 

ស្វីស៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) នឹងផ្តល់ប្រាក់ចំនួន ១,៥ លានដុល្លារ ដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលដូចគ្នាទៅនឹងបណ្ដារប្រទេសជាសមាជិកដទៃនៅជុំវិញពិភពលោក។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ បន្ទាប់ពីប្រធាន FIFA លោក Gianni Infantino បានជួបជាមួយសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) តាមរយៈវីដេអូអនឡាញ។

សហព័ន្ធកីឡាបាល់ទាត់ពិភពលោក បាននិយាយថាខ្លួននឹងចែកចាយកញ្ចប់ថវិកាដែលជាជំនួយហិរញ្ញវត្ថុ មានតម្លៃ ១,៥លានដុល្លារដល់ស្ថាប័នដែលគ្រប់គ្រងបាល់ទាត់តាមបណ្ដាប្រទេស ចំនួន២១១ របស់ខ្លួននៅជុំវិញពិភពលោក ក្នុងគ្រាដ៏លំបាកនេះដោយ ១លានដុល្លារនឹង ផ្ដល់ទៅឲ្យបាល់ទាត់បុរស ខណៈថវិកាដែលនៅសល់សម្រាប់បាល់ទាត់ស្ត្រី។

យោងតាមគេហទំព័រ FIFA.com សហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានប្រកាសពីផែនការផ្តល់ជំនួយសង្គ្រោះរបស់ខ្លួន ជុំវិញបញ្ហា COVID-19 ដោយក្រុមប្រឹក្សា បានអនុម័តជាឯកច្ឆ័ន្ទលើគម្រោងផ្តល់ជំនួយសង្គ្រោះបន្ទាន់របស់ FIFA ដែលត្រូវបានរៀបចំឡើងដោយរដ្ឋបាលរបស់ FIFA ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយតំណាងសហព័ន្ធ ដោយមាន ៣ដំណាក់កាល ហើយផែនការគាំទ្រជាសកលនេះ អាចនឹងចំណាយរហូតដល់ទៅ ១,៥ពាន់លានដុល្លារ ដើម្បីជួយដល់សហគមន៍បាល់ទាត់ទាំងមូល។

ភ្ជាប់ជាមួយគ្នាផងដែរ ក្នុងខណៈដែរបាល់ទាត់នៅជុំវិញពិភពលោកភាគច្រើន ត្រូវបានផ្អាក ឬក៏ពន្យាពេល លីគកំពូលកម្ពុជា បានដំណើរការប្រកួតរបស់ខ្លួនផងដែរ ចាប់តាំងពីដើមខែកក្កដា កន្លងទៅថ្មីៗនេះ ខណៈក្លិបមួយចំនួននៅកម្ពុជា ក៏កំពុងតែបន្តទទួលរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយសារវិបត្តិកូវីដ-១៩ នាំឲ្យមានការកាត់បន្ថយការចំណាយ ជាពិសេសគឺពាក់ព័ន្ធទៅនឹងប្រាក់បៀវត្សកីឡាករ និងបុគ្គលិកក្លិប ជាដើម៕

 

ប្រភព៖ FIFA.com

អត្ថបទ៖ ណារ៉ុង

មតិយោបល់