លោក Felix Dalmas រីករាយដែលបានឃើញលីគកំពូលកម្ពុជា ត្រលប់មកវិញ

មាស សុផាណារ៉ុង August 3, 2020


 

ជប៉ុន៖ ពានរង្វាន់លីគកំពូលកម្ពុជា បានដំណើរការប្រកួតឡើងវិញបាន ៥សប្ដាហ៍ហើយ គិតចាប់តាំងពីដើមខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីបានផ្អាកកាលពីចុងខែមីនា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានកើនឡើងខ្លាំងនៅកម្ពុជា ក្នុងអំឡុងខែចុងខែមីនា និងដើមខែមេសា កន្លងទៅ ខណៈការវិលត្រលប់មកវិញនៃបាល់ទាត់នេះ អាចជាសញ្ញាល្អសម្រាប់ក្លិប ជាពិសេសកីឡាករនៃក្រុមជម្រើសជាតិ ដើម្បីរក្សាទម្រង់លេង ក៏ដូចជាកម្លាំងឲ្យបានល្អប្រសើរ ត្រៀមការប្រកួតកម្រិតអន្តរជាតិ។

លោក Felix G.Dalmas គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក៏បានសម្ដែងនូវក្ដីរីករាយដែលបានឃើញពានរង្វាន់បាល់ទាត់ក្នុងស្រុករបស់កម្ពុជា (លីគកំពូល និងពានសម្តេចតេជោ ហ៊ុន សែន) ត្រលប់មកដំណើរការប្រកួតឡើងវិញ ក្រោយធ្លាប់បានផ្អាកមួយរយៈធំដោយសារជំងឺកូវីដ-១៩ រាតត្បាតខ្លាំងនៅកម្ពុជានេះ។

ឆ្លើយឆ្លើងតាមរយៈបណ្ដាញសង្គម ជាមួយសារព័ត៌មាន camsports.org កាលពីពេលថ្មីៗនេះ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បានបង្ហើបអារម្មណ៍យ៉ាងដូច្នេះថា៖ «ខ្ញុំនឹកការប្រកួតបាល់ទាត់កម្រិតអន្តរជាតិណាស់។ ខ្ញុំពិតជារីករាយដែលបានឃើញលីគរបស់យើងត្រលប់មកប្រកួតវិញ ទទួលបានជោគជ័យ និងមានវិធានការណ៍ការពារដែលមានការទទួលខុសត្រូវដើម្បីការពារកីឡាករ និងអ្នកគ្រប់គ្នា ចូលរួមក្នុងសកម្មភាពបាល់ទាត់ដោយសុវត្ថិភាព។»

«ខ្ញុំមានការសង្ស័យ ចំពោះការវិលត្រឡប់នៃបាល់ទាត់ ទោះយ៉ាងណាចាប់តាំងពីវាបានត្រឡប់មកវិញខ្ញុំមានសេចក្តីរីករាយដោយបានឃើញគេបានធ្វើដោយមានការទទួលខុសត្រូវ ចាត់វិធានការបង្ការដែលមានដើម្បីរក្សាកីឡាករ និងអ្នកផ្សេងទៀតដែលពាក់ព័ន្ធ ជាមួយសុវត្ថិភាពបាល់ទាត់។ វាបានផ្ញើសារនៃក្តីសង្ឃឹម និងសេចក្តីអំណរដល់ប្រជាជនថាលីគកំពូលកម្ពុជា អាចចាប់ផ្តើមឡើងវិញបានដោយជោគជ័យ។» លោក Felix បានបន្ត។

នៅពេលដែលចោទសួរពាក់ព័ន្ធនឹងការប្រកួតរបស់ក្រុមជម្រើសជាតិនាពេលខាងមុខ លោក Felix G.Dalmas បានឆ្លើយតបថា៖ «ខ្ញុំជឿជាក់ថារាល់ការប្រកួតរបស់យើងគឺសំខាន់ ប៉ុន្តែសំខាន់ជាងនេះទៀតគឺសុខភាព និងសុខុមាលភាពរបស់កីឡាករ និងក្រុមគ្រួសាររបស់ពួកគេ។ យើងផ្តល់អាទិភាពដល់មនុស្សជាតិក្នុងកីឡា ពីលើបញ្ហាទីផ្សារ និងប្រាក់ចំណេញ។»

លោកបានសង្គត់ធ្ងន់ថា បើក្រឡេកមកមើលស្ថានភាពពិភពលោកបច្ចុប្បន្នវិញ ហាក់ស្ថិតក្នុងភាពដែលពិបាកគ្រប់គ្រងក្នុងការធ្វើដំណើរ និងការប្រកួតប្រជែង។

គួរដឹងដែរថា លោក Felix G.Dalmas បច្ចុប្បន្នកំពុងស្ថិតនៅប្រទេសជប៉ុន ហើយបើគ្មានអ្វីប្រែប្រួលនោះនៅខែតុលា លោកអាចនឹងត្រលប់មកបន្តដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រកួតជម្រុះបាល់ទាត់ពិភពលោក ដែឡនៅសេសសល់ជាមួយ បារ៉ែន និងអ៊ីរ៉ង់ រួមទាំង អ៊ីរ៉ាក់ នៅខែវិច្ឆិកា៕

 

អត្ថបទ៖ ណារ៉ុង

@ រក្សាសិទ្ធិ

មតិយោបល់