រឿងរ៉ាវដែលបានកើតឡើង ក្នុងសប្ដាហ៍ទី១០ នៃលីគកំពូលកម្ពុជា
មាស សុផាណារ៉ុង August 3, 2020
ភ្នំពេញ៖ លីគកំពូលកម្ពុជា បានបញ្ចប់ការប្រកួតក្នុងសប្ដាហ៍ទី១០ ហើយត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ ខណៈសប្ដាហ៍ទី១០ នេះ រឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន បានកើតឡើង និងកត់ត្រាទុក។
មុននឹងចាប់ផ្ដើមសូមលើកបង្ហាញពីលទ្ធផលពីការប្រកួតចំនួន ៦គូ នៅសប្ដាហ៍នេះ បានបញ្ចប់ទៅដោយលទ្ធផលឈ្នះ ចាញ់ ៤គូ និងមានលទ្ធផលស្មើ ២គូ ខណៈលទ្ធផលទាំងស្រុងដូចខាងក្រោម៖
ក្រៅតែពីលទ្ធផលទាំងអស់នេះ រឿងរ៉ាវដទៃទៀត ក៏បានបន្សល់ទុកផងដែរ ដែលមានដូចជា៖
- ព្រះខ័នរាជស្វាយរៀង ធ្វើបានល្អជាងកាលពីរដូវកាលមុន គិតត្រឹម ៩ប្រកួត រដូវកាលនេះ ឈ្នះ៨ ស្មើ១ ខណៈឆ្នាំ២០១៩ ឈ្នះ៧ ស្មើ២
- ក្រុមលេខ១ ព្រះខ័នរាជស្វាយរៀង លេខ២ បឹងកេត និងលេខ៣ ណាហ្គាវើលដ៍ នៅតែក្រុមបន្តរក្សាបានពាក្យថាមិនដែលចាញ់
- នគរបាលជាតិ ២សប្ដាហ៍ចុងក្រោយបានរំកិលខ្លួនឡើងមកលេខ១១ បន្ទាប់ពីនៅបាតតារាង ៨សប្ដាហ៍ជាប់ៗគ្នា
- យុវជនសាលាបាល់ទាត់បាទីអាយុក្រោម ១៨ឆ្នាំ ទីបំផុតអាចរកគ្រាប់បាល់បំបោងសំណាញទីគូប្រកួត បន្ទាប់ពី ៨សប្ដាហ៍កន្លងមកមិនអាចរកគ្រាប់បាល់បានសូម្បីតែ ១គ្រាប់
- ៣ ក្រុមប្រកួតបាន ១០ប្រកួត ភ្នំពេញក្រោន, វិសាខា និងទ័ព ខណៈក្រុមផ្សេងៗដទៃទៀតទើបតែប្រកួតបាន ៩ប្រកួត
- ៦ ក្រុមបានអស់ឱកាសប្រជែងកៅអីក្រុមខ្លាំងទាំង៦ (Top 6) ជាផ្លូវការ រួមមាន U-18 សាលាបាល់ទាត់បាទី, សូលទីឡូអង្គរ, នគរបាលជាតិ, អគ្គិសនីកម្ពុជា, អាស៊ិអឺរ៉ុបយូណាយធីត និងគីរីវង់សុខសែនជ័យ
- ម៉ាត់ ណូរុន បង្ហាញសក្ដានុពលរបស់ខ្លួនចាប់តាំងពីជារបួស ៥ប្រកួតចុងក្រោយ ទាត់ចូល ៦គ្រាប់ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី (assist) បាន ៥ដង
- កីឡាករ គង់ រ៉ាហ្វាត ទទួលរងរបួសធ្ងន់ក្រោយការប៉ះទង្គិចជាមួយកីឡាករទ័ព បណ្ដាលឲ្យសន្លប់ ខណៈពេលនេះស្ថានភាពបានធូរស្រាលជាប្រក្រតី
តារាងចំណាត់ថ្នាក់ដូចខាងក្រោម៖
រូបភាព៖ Metfone Cambodian League
អត្ថបទ៖ ណារ៉ុង