លទ្ធផលផ្គូរផ្គង វគ្គ១៦ក្រុមចុងក្រោយ ថ្នាក់ជាតិ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្រុមខ្លាំងៗគេចផុតពីការប៉ះគ្នា
មាស សុផាណារ៉ុង July 31, 2020
ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ វគ្គជម្រុះថ្នាក់ខេត្ត ដែលបានចាប់ផ្ដើមខែកុម្ភៈ ជាមួយនឹងក្រុមចំនួន ២៣ចូលរួម នឹងដែលបានរកឃើញក្រុមឡើងទៅជុំផ្ដាច់ព្រ័ត្រនោះ បានឈានដល់ការប្រកួតវគ្គថ្នាក់ជាតិ ហើយដោយទើបតែបញ្ចប់ការចាប់ឆ្នោតផ្គូរផ្គង់មុននេះបន្តិច។
មុននឹងការចាប់ឆ្នោត គឺជាការប្រកាសមាសភាពក្រុមដែលនឹងត្រូវប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ វគ្គ១៦ក្រុមចុងក្រោយ ថ្នាក់ជាតិ រួមមាន១៦ក្រុម ដូចជា បឹងកេត, ព្រះខ័នរាជស្វាយរៀង, វិសាខា, ភ្នំពេញក្រោន, ក្រសួងការពារជាតិ, អគ្គស្នងការដ្ឋាននគរបាលជាតិ, ណាហ្គាវើលដ៍, អង្គរថាយហ្គឺរ, គីរីវង់សុខសែនជ័យ, អាស៊ីអឺរ៉ុបយូណាយធីត, សូលទីឡូអង្គរ, អគ្គិសនីកម្ពុជា (យុវជនបាទី មិនចូលរួមពានរង្វាន់នេះ) និងក្រុមដែលឡើងពីវគ្គថ្នាក់ខេត្ត ព្រៃវែង, ត្បូងឃ្មុំ, កែប និងសៀមរាប។
សម្រាប់ការចាប់ឆ្នោតផ្គូរផ្គង់វគ្គ ១៦ក្រុមចុងក្រោយ រួមមាន៖
- ភ្នំពេញក្រោន ប្រកួតជាមួយ អាស៊ីអឺរ៉ុបយូណាយធីត
- អង្គរថាយហ្គឺរ ប្រកួតជាមួយ ខេត្តព្រៃវែង
- សៀមរាប ប្រកួតជាមួយ បឹងកេត
- ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ សូលទីឡូអង្គរ
- ណាហ្គាវើលដ៍ ប្រកួតជាមួយ អគ្គិសនីកម្ពុជា
- គីរីវង់សុខសែនជ័យ ប្រកួតជាមួយ នគរបាលជាតិ
- កងយោធពលខេមរភូមិន្ទ ប្រកួតជាមួយ កែប
- ត្បូងឃ្មុំ ប្រកួតជាមួយ វិសាខា
ចំពោះការប្រកួត គឺគ្រោងនឹងធ្វើចំនួន ២ជើង ដោយចាប់ផ្ដើមនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់ព្រឹត្តិការណ៍ទាំងមូលនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
សូមបញ្ជាក់ថា នេះជាឆ្នាំទី១៣ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង ខណៈឆ្នាំចុងក្រោយក្រុមដែលទទួលតំណែងជើងឯក គឺបានទៅលើ ក្លឹបបាល់ទាត់បឹងកេត បន្ទាប់ពីបានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រនៅវគ្គផ្ដាច់ព្រ័ត្រ៕
អត្ថបទ៖ ណារ៉ុង