ប្រសាសន៍ឯកឧត្តម ខៀវ សាម៉េត ជុំវិញការពន្យារពេលពានរង្វាន់ AFF Suzuki Cup ទៅឆ្នាំក្រោយ

មាស សុផាណារ៉ុង July 31, 2020


 

អាស៊ីអាគ្នេយ៍៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានប្រកាសពីការពន្យារពេលពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Suzuki Cup 2020) រហូតដល់ឆ្នាំ២០២១ ដោយសារស្ថានភាពជំងឺកូវីដ-១៩ កាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័សនៅក្នុងតំបន់ និងនៅទូទាំងពិភពលោក។

តាមការបញ្ជាក់ដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន បានសង្គត់ធ្ងន់ថា សម្រាប់ AFF សុខភាព និងសុវត្ថិភាពរបស់កីឡាករ គ្រូបង្វឹក ដៃគូ អ្នកគាំទ្រ និងសាធារណជនមានអាទិភាពខ្ពស់បំផុត ហើយការសម្រេចពន្យារពេលការប្រកួតដល់ឆ្នាំ២០២១ នឹងការពារសុខុមាលភាពរបស់មនុស្សគ្រប់គ្នាដែលចូលរួមក្នុងព្រឹត្តិការណ៍ AFF Suzuki Cup។ គណៈកម្មាធិការក្រុមការងារពិសេសនៃពាន AFF Suzuki Cup បានធ្វើការពិភាក្សាយ៉ាងច្រើនមុននឹងឈានដល់ការសម្រេចចិត្តនេះ។

ឧត្តមសេនីយ៍ឯក ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា៖ «ចាប់តាំងពីការចាប់ផ្តើមនៃការរាលដាលជំងឺកូវីដ-១៩ AFF បានធ្វើការត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយអង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាល រួមទាំង FIFA និង AFC។»

«ដូចដែលអ្នកបានដឹងហើយថាជំងឺរាតត្បាតនេះបន្តបង្កបញ្ហាប្រឈមផ្នែកសុខភាពសង្គម និងសេដ្ឋកិច្ចយ៉ាងខ្លាំង ចំពោះយើងទាំងអស់គ្នា។ អាទិភាពកំពូលរបស់ AFF នៅតែបន្តជាសុខភាព និងសុវត្ថិភាពនៃគ្រួសារបាល់ទាត់របស់យើង និងកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតនេះ។ ជាមួយនឹងហានិភ័យនៃការរីករាលដាលនៃកូវីដ-១៩ ដែលនៅតែប្រឈម AFF យល់ឃើញថាយើងមិនអាចដំណើរការប្រកួត AFF Suzuki Cup ២០២០ ដោយសុវត្ថិភាពបានឡើយ។» អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផងដែររូបនេះបានបន្ថែម។

ឯកឧត្តមបានលើកឡើងទៀតថា៖ «ខណៈពេលនេះគឺជាពេលវេលាដែលមិនធ្លាប់មានពីមុនមកសម្រាប់ពិភពលោកទាំងមូល រួមទាំងក្រុមគ្រួសារបាល់ទាត់ និងសហគមន៍របស់យើង យើងមានទំនុកចិត្តថាយើងនឹងឆ្លងកាត់វារួមគ្នាដោយមានការគាំទ្រពីអ្នកពាក់ព័ន្ធទាំងអស់រួមទាំងអ្នកគាំទ្រ សមាជិកសហព័ន្ធ កីឡាករ គ្រូបង្វឹក ប្រព័ន្ធផ្សព្វផ្សាយ និងដៃគូ។ ហើយយើងសូមថ្លែងអំណរគុណដល់ពួកគេដែលបានរួបរួមជាមួយយើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។»

ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup គឺជាការប្រកួតកីឡាបាល់ទាត់ធំជាងគេ និងមានកិត្យានុភាពបំផុតនៅអាស៊ីអាគ្នេយ៍ ហើយដែលកំពុងប្រជែងគ្នាដណ្តើមយកពានរង្វាន់ជើងឯក ដោយលេងនៅក្នុងទឹកដី និងក្រៅផ្ទះ ទាក់ទាញអ្នកចូលរួមច្រើនជាង ៧៥០.០០០នាក់ កាលពីឆ្នាំ២០១៨។

AFF នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគម និងដៃគូជាសមាជិកផ្សេងៗដើម្បីតាមដានស្ថានការណ៍ ហើយនឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀតអំពីកាលបរិច្ឆេទនៃការប្រកួតឆ្នាំ២០២១ និងព័ត៌មានលម្អិតផ្សេងៗទៀតឱ្យបានឆាប់៕

 

ប្រភព៖ aseanfootball

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់